ពលរដ្ឋកូរ៉េខាងជើងបានបង្ហាញក្តីសង្ឃឹម ថា សេដ្ឋកិច្ចជាតិនឹងរីកចម្រើនឡើងវិញ ក្រោយពេលមានទំនាក់ទំនងល្អជាមួយ អាមេរិក ។ សេដ្ឋកិច្ចកូរ៉េខាងជើងត្រូវបានឡោមព័ទ្ធដោយទណ្ឌកម្មទើបមិនអាចរីកចម្រើនបាន ។ ក្រោយកិច្ចពិភាក្សាពលរដ្ឋកូរ៉េខាងជើងសង្ឃឹមថានឹងរួចផុតពីទណ្ឌ កម្មទាំងឡាយរបស់អាមេរិកនិងអន្តរជាតិ។
ក្រុមអ្នកសារព័ត៌មាន Kyodo news បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនាពេលកន្លងមកមុនជំនួបអាមេរិក-កូរ៉េ ខាងជើងនៅវៀតណាម។ ក្រុមអ្នកសារព័ត៌មានខាងលើបានមើលឃើញនូវពាក្យស្លោករបស់បក្សពលករកូរ៉េខាងជើងដោយមានខ្លឹមសារផ្តោតសំខាន់ទៅលើវិស័យសេដ្ឋ កិច្ចជាតិ ។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកូរ៉េខាងជើងផ្តោតសំខាន់ទៅលើសេដ្ឋកិច្ចច្រើនជាងបង្កើនសកម្មភាពផលិតអាវុធ ។
ក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នក សារព័ត៌មាន Kyodo news បង្ហាញឲ្យឃើញ ថា តម្លៃទំនិញនៅក្នុងទីក្រុងព្យុងយ៉ាងមិនមានការផ្លាស់ប្តូរ ។ នៅចុងសប្តាហ៍ភោជ នីយដ្ឋានមជ្ឈមណ្ឌលកម្សាន្តនានាទាក់ទាញភ្ញៀវទេសចរជាច្រើនដូចដើម។ នៅក្នុង សណ្ឋាគារ Potonggang នៅទីក្រុងព្យុងយ៉ាងអ្នកស្នាក់នៅមានសិទ្ធិប្រើប្រាស់ប្រព័ន្ធអីុនធើេណេត វា៉យហ្វាយ ដែលបានដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៨។
លោក Yu Kwang Sung មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងមានវ័យ៣៥ឆ្នាំបានឆ្លើយតបនឹងបទសម្ភាស៍ជាមួយអ្នកសារព័ត៌ក្យូដូ ញូវថា «ដោយសារតែយើងបានបំពេញរួចរាល់នូវកម្លាំងបរមាណូនៅចំពោះមុខយើងនឹងខិតខំអភិវឌ្ឍសេដ្ឋកិច្ចជាតិដើម្បីកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋ »។
លោក Kim Jin Sung អ្នកស្រាវជ្រាវ បច្ចេកវិទ្យាព័ត៌មានអាយុ២៧ឆ្នាំបានបង្ហាញ ពីទស្សនៈថា «ខ្ញុំសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសរបស់យើងខ្ញុំនឹងអាមេរិកនឹងល្អ ប្រសើរជាងនេះដែលអាចជួយដល់សេដ្ឋកិច្ចកូរ៉េខាងជើងឲ្យកាន់តែល្អប្រសើរឡើង »។
បច្ចុប្បន្ន អាចនិយាយបានថាអាមេរិក និងកូរ៉េខាងជើង ស្ថិតនៅក្នុងដំណាក់កាល នៃសង្គ្រាមនៅឡើយទេដោយសង្គ្រាមបានបញ្ចប់ទៅកាលពីឆ្នាំ១៩៥៣តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះទាំងនោះហើយបានជាកូរ៉េខាងជើងខិតខំផលិត អាវុធ ហើយពេលនេះស្វែងរកសន្ធិសញ្ញា សន្តិភាព ដើម្បីផ្តោតលើការអភិវឌ្ឍសេដ្ឋ កិច្ចវិញម្តង ។
នៅក្នុងជំនួបកំពូលលើកដំបូងក្នុងប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១៨ មេដឹកនាំទាំងពីរបាន ព្រមព្រៀងគ្នាធានាដល់សន្តិសុខកូរ៉េខាងជើង និងការដោះដូរបញ្ចប់សកម្មភាព បរមាណូ ។
នៅក្នុងកិច្ចពិភាក្សាលើកទីពីរនៅទីក្រុងហាណូយប្រទេសវៀតណាមនាថ្ងៃទី២៧និង២៨ខែកុម្ភៈខាងមុខនេះមេដឹកនាំកូរ៉េខាងជើង នឹងជំរុញអាមេរិកឲ្យលុបចោល ទណ្ឌកម្មទាំងឡាយដល់កូរ៉េខាងជើង និងអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាងទទួលបានជំនួយពីបណ្តាប្រទេសជុំវិញពិភពលោក ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានលើកឡើងថាអ្វីដែលលោកចង់បាននៅពេលនេះគឺគ្រាន់តែចង់ឲ្យកូរ៉េខាងជើងឈប់សាកល្បងមីស៊ីល និងបរមាណូប៉ុណ្ណោះ មិនមែនឲ្យលុបបំបាត់អាវុធបរមាណូទាំងស្រុងនោះទេ។
ថ្លែងនៅក្នុងសេតវិមានប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាលោកសង្ឃឹមថា កិច្ចប្រជុំកំពូលនេះនឹងមានភាពជោគជ័យដូចគ្នានឹងកិច្ចប្រជុំកំពូលលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងខែមិថុនាឆ្នាំមុន ហើយលោកបាននិយាយថា កូរ៉េខាងជើងបានឈប់សាកល្បងមីស៊ីលផ្លោងនិងអាវុធនុយក្លេអ៊ែរហើយក៏បានប្រគល់ សំណល់ទាហានអាមេរិកត្រឡប់មកវិញ ផងដែរដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។
លោក ដូណាល់ ត្រាំ បានថ្លែងថា “ខ្ញុំសង្ឃឹមថា យើងមានសំណាងដូចគ្នា ដូចដែលយើង មាននៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងដែរ ខ្ញុំមិនប្រញាប់ចំពោះល្បឿន នៃការលុបបំបាត់បរមាណូនោះទេហើយយើងក៏មិនចង់ធ្វើតេស្តដែរ ។
នៅពេលនេះអ្នកជំនាញអាមេរិកម្នាក់ បានអំពាវនាវឱ្យមានការវាស់ស្ទង់ដាច់ ដោយឡែក ដើម្បីវាស់ស្ទង់ភាពជោគជ័យ នៃជំនួបកំពូលនាសប្តាហ៍ក្រោយរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយទទូចថា គោលនយោបាយ របស់សហរដ្ឋអាមេរិកមិនមែនជាការលុបបំបាត់អាវុធនុយក្លេអ៊ែរតែលើឧបទ្វីបកូរ៉េនោះទេ ។
អំណះអំណាងរបស់លោក ដានីយ៉ែល ឌីផេតទ្រីស (Daniel DePetris) អ្នកសម្រប សម្រួលនៅក្រុមអ្នកជំនាញអាទិភាពរបស់ក្រសួងការពារជាតិហាក់ដូចជាមានគោលបំណង ដើម្បីការពារលោកត្រាំពីការរិះគន់នានា ដែលលោកអាចប្រឈមមុខប្រសិនបើកិច្ចប្រជុំពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅហាណូយប្រទេសវៀតណាមមិនទទួល បានលទ្ធផលជាក់ស្តែងនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ប៉ុន្តែវាជំរុញឱ្យមានការព្រួយបារម្ភថា ក្រុងវ៉ាស៊ីនតោនអាចទម្លាក់ការមើលឃើញរបស់ខ្លួននិងដោះស្រាយចំពោះលទ្ធផល ដែលមិនមានការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញ ដែលនឹងមានប្រសិទ្ធភាព ក្នុងការទទួលស្គាល់កូរ៉េខាងជើងជាប្រទេសនុយក្លេអ៊ែរដរាបណាវាមិនបង្កការគំរាម កំហែងដល់ជនជាតិអាមេរិក ដែលជាសេណារីយោដ៏អាក្រក់បំផុតសម្រាប់កូរ៉េខាងត្បូង ៕ សាធី