ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡា ស្វាគមន៍ជំនួយពីរុស្ស៊ី ទប់ស្កាត់ជំនួយពីអាមេរិក

ចែករំលែក៖

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានប្រកាស ទទួលស្វាគមន៍ជំនួយពីប្រទេសរុស្ស៊ី ដោយមិនទទួលយកជំនួយទាំងឡាយពីអាមេរិកនោះឡើយ ដោយជំនួយរបស់អាមេរិក មិនមានភាពស្មោះត្រង់ ។ ជាមួយគ្នានេះដែរ វេណេហ្ស៊ុយអេឡា បានសម្រេច កាត់ផ្តាច់ទំនាក់ទំនង​ផ្លូវអាកាស​ ផ្លូវសមុទ្រ ជាមួយប្រទេសតំបន់អឺរ៉ុប ក្នុងនោះមាន ប្រទេសហុល្លង់ជាដើម ។

នៅថ្ងៃទី​២០ ខែកុម្ភៈនេះ មន្ត្រីវេណេហ្ស៊ុយអេឡា បានប្រកាសថា ការទំនាក់ទំនងតាមផ្លូវអាកាស និងផ្លូវសមុទ្រ រវាងវេណេហ្ស៊ុយអេឡា នឹងហុល្លង់ លែងមានទៀតហើយចាប់ពីពេលនេះទៅ ដោយសារតែប្រទេសហុល្លង់ បានព្យាយាមបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ ប្រឆាំងលោកប្រធានាធិបតី Nicolas Maduro ។

មេដឹកនាំប្រឆាំងវេណេហ្ស៊ុយអេឡា Juan Guaido បានអំពាវនាវគៀងគរសហគមន៍អន្តរជាតិ ឲ្យគាំទ្រូរូបលោក ដើម្បីប្រឆាំងជាមួយលោក Maduro ប្រធានាធិបតីមិនស្របច្បាប់វេណេហ្ស៊ុយអេឡា ។ លោក Guaido បានអំពាវនាវឲ្យមានជំនួយសង្គ្រោះបន្ទាន់ពីអន្តរជាតិ ជួយដល់ប្រជាពលរដ្ឋវេណេហ្ស៊ុយអេឡា ក្នុងនោះ មានអំពាវពីដល់ទីក្រុង Curacao ប្រទេសហុល្លង់ផងដែរ ។

មន្ត្រីការពារជនស៊ីវិលវេណេហ្ស៊ុយអេឡាបញ្ជាក់ថា ច្រកសមុទ្រដ៏សំខាន់សម្រាប់ដឹកដឹកជញ្ជូនពាណិជ្ជកម្ម ហើយនិងនេសាទ រវាងវេណេហ្ស៊ុយអេឡា នឹងហុល្លង់ មានដូចជា ច្រកទៅកាន់ដែនកោះ Cauracao, Garuba និង Bonaire ត្រូវបានបិទទាំងស្រុង ហើយដំណាលគ្នានេះដែរ ជើងហោះហើរ ទាំងឯកជន និងពាណិជ្ជកម្ម ក៏មិនមានដំណើរការទៀតនោះដែរ ។

បណ្តាញព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ផ្សាយថា មូលហេតុបិទព្រំដែនទឹក និងព្រំដែនអាកាសនាពេលនេះ គឺដើម្បីបញ្ចៀសឲ្យបានជាមុននូវ ការឈ្លានពានណាមួយ ដែលមិនអាចនឹកគិតស្មានដល់។

នៅពេលនេះប្រធានាធិបតី Maduro បាននិយាយថា រុស្សី នឹងចាប់ផ្តើមផ្តល់ជំនួយ មនុស្សធម៍ ដល់ប្រទេស វេណេហ្ស៊ុយអេឡា ហើយប្រទេសនេះ នឹងស្វាគមន៍រាល់ជំនួយទាំងនោះ ។ សារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផ្តល់ជំនួយ មនុស្សធម៌ ដែលមានទំហំប្រមាណជា ៣០០ តោន ទៅឲ្យវេណេហ្ស៊ុយអេឡា នេះបើយោងតាមការអះអាង របស់លោកប្រធានាធិបតី Nicolas Maduro ។

លោក Maduro ត្រូវបានគេដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មាន Sputnik ក្នុងកិច្ចប្រជុំមួយ ជាមួយក្រុមអ្នកវិទ្យាសាស្ត្រ នៅវេណេហ្ស៊ុយអេឡា ថាយើងនឹងទទួលបានជំនួយ មនុស្សធម៌ជារៀងរាល់ថ្ងៃ។ លោកប្រធានាធិបតី បានបន្ថែមថាជំនួយរបស់រុស្ស៊ី នឹងត្រូវបញ្ជូនទៅឱ្យ អាកាសយានដ្ឋានអន្តរជាតិ Caracas ទៅតាមផែនការកំណត់។

ក្នុងពេលជាមួយគ្នានេះ ដែរអ្នកនាំពាក្យក្រសួង ការបរទេស រុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ ថា ប្រទេសរុស្ស៊ី ត្រៀមខ្លួនចូលរួម កិច្ចសម្របសម្រួល ដើម្បីជួយបញ្ចប់ វិបត្តិវេណេហ្ស៊ុយអេឡា ។

រំលឹកឡើងវិញដែរថា វ៉េណេហ្ស៊ុយអេឡា បានជួបប្រទះ នូវភាពតានតឹងផ្នែកនយោបាយ ចាប់តាំងពីថ្ងៃទី២៣ ខែមករា នៅពេលដែលប្រធានាធិបតី សភា លោក Juan Guaido បានប្រកាសខ្លួន ឯងជាប្រធានាធិបតី បណ្តោះអាសន្ន ហើយត្រូវបានទទួលស្គាល់ ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្ត ៕


ចែករំលែក៖