នៅថ្ងៃនេះ ប្រទេសជាច្រើនជុំវិញពិភពលោក បានប្រារព្ធទិវានារីអន្តរជាតិ៨ មីនា ដោយមានកម្មវិធីផ្សេងៗ ក៏ដូចជាយុទ្ធនាការដើម្បីលើកកម្ពស់ដល់ស្ត្រី ។ មេដឹកនាំជំវិញ ពិភពលោក បានជូនពរទៅដល់ស្ត្រី ។ ចំណែកប្រធានាធិបតីរុស្ស៊ីវិញបានធ្វើសកម្មភាព ដោយជិះសេះរួមគ្នាជាមួយកម្លាំងប៉ូលិស ស្រី នាឱកាសនេះ ។
ក្នុងឱកាសទិវានារី អន្តរជាតិ ៨ មីនា ឆ្នាំ២០១៩ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានជិះសេះ ជាមួយកម្លាំង ប៉ូលិសស្រីនៅទីក្រុងមូស្គូ ដើម្បីជាការលើកទឹកចិត្ត ដល់ស្ត្រីដែលបានចូលរួមបម្រើជាតិ ។
សកម្មភាពខាងលើ កើតឡើងក្នុងពេលដែលប្រធានាធិបតីពូទីន ទៅសួរសុខទុក្ខ កងពលប៉ូលិសសេះក្នុងទីក្រុងមូស្គូ ។ នៅពេលនោះ លោក ពូទីន និងកម្លាំងប៉ូលិសបានជិះសេះនៅក្នុងទីតាំងហ្វឹកហាត់តែម្តង ។
ក្នុងឱកាសទិវានារី អន្តរជាតិ ៨ មីនា លោកពូទីនបានលើកឡើងថា បច្ចុប្បន្នមានស្ត្រីជាច្រើនបានចូលរួមនៅក្នុងជួរកម្លាំងប៉ូលិស ដោយនៅក្នុងក្រសួងមហាផ្ទៃ មានស្ត្រីដល់ទៅ១ភាគ៤ ។
កន្លងមក លោក ពូទីន បានជិះសេះដោះអាវ បង្ហាញរាងកាយរឹងមាំ ក្មេងជាងវ័យរបស់លោក ។ ការទៅសួរសុខទុក្ខដល់កម្លាំង ប៉ូលិសស្រីនាឱកាសពិសេសនេះ មានសារៈសំខាន់យ៉ាងខ្លាំង ជាសកម្មភាពបង្ហាញ ពីតម្លាភាព និងយកចិត្តទុកដាក់លើកកម្ពស់ស្ត្រីឲ្យចូលរួមនៅក្នុងស្ថាប័នរដ្ឋ និងសន្តិសុខជាតិកាន់តែប្រសើរឡើង ៕