វីដេអូផ្សព្វផ្សាយនៅលើទូរទស្សន៍ CCTV ឲ្យឃើញផ្សែងខ្មៅងងឹតបាញ់ទៅលើមេឃចេញពីទីតាំងអគាររោងចក្រ និងរាលដាលជុំវិញទីកន្លែងនោះ ។ ហេតុការណ៍ផ្ទុះនេះមានកម្លាំងខ្លាំង រហូតដល់ធ្វើឲ្យទ្វារកញ្ចក់បង្អួចបាក់បែកផងដែរ ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថាមានករណីផ្ទុះរោងចក្រគីមី Tianjiayi សម្រាប់ផលិតថ្នាក់កម្ចាត់សត្វល្អិត ការពារដំណំា បណ្តាលឲ្យស្លាប់៦នាក់និង៦០នាក់រងរបួស ។ រោងចក្រគីមីខាងលើស្ថិតនៅក្នុងខេត្ត Jiangsu ប្រទេសចិន ។
ហេតុការណ៍រោងចក្រគីមីមួយបានផ្ទុះកាលពីថ្ងៃព្រហស្បតិ៍នៅភាគខាងកើតប្រទេសចិន សម្លាប់មនុស្ស៦នាក់ និងជាង៣០នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។
អ្នកនាំពាក្យរដ្ឋបាលទីក្រុង Yancheng ខេត្ត Jiangsu ថ្លែងថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅទីចំណតរថយន្តក្នុងទីធ្លាឧស្សាហកម្ម Tianjiayi Chemical ។ មូលហេតុនៃហេតុការណ៍ផ្ទុះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ ក្រុមជួយសង្គ្រោះប្រហែល៤០០នាក់ និងរថយន្តពន្លត់អគ្គិភ័យ៨៦គ្រឿង មានវត្តមាននៅកន្លែងកើតហេតុ ។
អ្នកស្នាក់នៅសណ្ឋាគារចម្ងាយពីទីតាំងដែលផ្ទុះនេះប្រហែល៥ទៅ៦គីឡូម៉ែត្រ បានរងរបួសដោយសារតែអម្បែងកញ្ចក់សណ្ឋាគារខ្ទាតត្រូវ បណ្តាលមកពីកម្លាំងផ្ទុះនៅរោងចក្រគីមីខាងលើនេះ ។
សិស្សសាលានៅក្បែរកន្លែងកើតហេតុ បានរងរបួសផងដែរ ។ ហេតុការណ៍ផ្ទុះនោះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច (ម៉ោងក្នុងស្រុក) ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ។ មនុស្ស៣១នាក់ត្រូវបានជម្លៀសចេញទាន់ពេល ៕