ភ្នំពេញ៖ ក្មេងប្រុសពីរនាក់ ដែលវង្វេងឪពុកម្ដាយ និងដាច់បាយបីថ្ងៃនៅម្ដុំវត្តភ្នំ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ប្រទះឃើញនាំមកសាលាខណ្ឌ ដូនពេញដើម្បីសួរនាំ និងទំនាក់ទំនងរកក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ។ហេតុការណ៍ប្រទះឃើញក្មេងប្រុសវង្វេងឪពុកម្តាយនេះកាលពីម៉ោង៨យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំវត្ត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្មេងប្រុសដែលរត់ចេញពីផ្ទះនោះ ទី១ មានឈ្មោះ យុទ្ធ សុខហេង អាយុ១៣ឆ្នាំ ឪពុកឈ្មោះយ៉ុត យឿន ម្ដាយឈ្មោះមុត មាន និងក្មេងទី២ឈ្មោះ ម៉ាក់ ជីវ៉ា អាយុ១០ឆ្នាំ(ជាកូនកំព្រានៅមួយអ៊ុំ) អ្នកទំាងអស់គ្នាមានទីលំនៅភូមិព្រៃនូក ឃុំស្នមក្រពើរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពពីក្មេងប្រុសទាំងពីរ បានប្រាប់ឲ្យដឹងថា គាត់បានចាកចេញពីផ្ទះ ចំនួនបីថ្ងៃហើយ ដោយឪពុកម្ដាយពួកគាត់ចេះតែឈ្លោះគ្នាជាញឹកញាប់ ហើយពេលឈ្លោះម្ដងៗ គាត់តែងតែបំផ្លាញរបស់ របរ ដូចជាបោកទូរទស្សន៍ បោកឆ្នាំងចាន និងរបស់របរផ្សេងៗនៅក្នុងផ្ទះ ជាដើម ទើបក្មេងទាំងពីរសម្រេចចិត្តចាកចេញពីផ្ទះទាំងទឹកភ្នែក និងមានប្រាក់ជាប់ខ្លួន៥០០០៛ សម្រាប់តែថ្លៃឡានប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំបាននាំក្មេងទាំងពីរនាក់ទៅសាលាខណ្ឌដូនពេញ ដើម្បីទំនាក់ទំនងរកក្រុមគ្រួសារ ដោយមានការអន្តរាគមន៍ភ្លាមៗ ពីលោកអភិបាលខណ្ឌ លោក សុខ ពេញវុធ បានឧបត្ថមថវិកាផ្ទាល់ខ្លួនចំនួន២០០០០០៛(ម្ភៃមុឺនរៀល)និងលោក គឹម វុត្ថា ប្រធានសណ្ដាប់ធ្នាប់ ខណ្ឌដូនពេញបានឧបត្ថមថវិកាចំនួន១៥០០០០៛(ដប់ប្រាំមុឺនរៀល)ផងដែរ សម្រាប់ជាសាហុយ ក្រោយមកក្រុមការងារABC បាននាំក្មេងទាំងពីនាក់ទៅសម្រាកនៅស្ថានីយ៍វិទ្យុABC រង់ចាំឪពុកម្ដាយមកយកត្រឡប់ទៅផ្ទះវិញ ៕ ជ្រោយពេជ្រ