ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង លួចលាក់ផ្គត់ផ្គង់ប្រេង ឲ្យកូរ៉េខាងជើង ?

ចែករំលែក៖

ទំនាក់ទំនងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលមេដឹកនាំប្រទេសទាំងពីរបានជួបគ្នា៣លើករួចមកហើយ ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតិកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន ក៏បានបំពេញទស្សនកិច្ចទៅកានទីក្រុងព្យុង យ៉ាងដោយជោគជ័យផងដែរ ។

ដោយសារតែកូរ៉េទាំងពីរ ជាប្រទេសបងប្អូន ទើបពលរដ្ឋកូរ៉េខាងត្បូងមិនដាច់ចិត្តឃើញពលរដ្ឋកូរ៉េខាងជើង រងទុក្ខវេទនា ។ ជារៀងរាល់ឆ្នាំកូរ៉េខាងត្បូងផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់កូរ៉េខាងជើង ។

ប៉ុន្តែដើម្បីអនុវត្តតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង កូរ៉េខាងត្បូង ក៏បានបង្ខំចិត្តបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្ម រកស៊ីជាមួយកូរ៉េខាងជើង ប៉ុន្តែការលួចលាក់រកស៊ីនៅតែបន្តកើតមានដដែល ។

កាលពីថ្ងៃ ទី៣ ខែមេសា នាវាកូរ៉េខាងត្បូងមួយកំពុងត្រូវបានចាប់ឃាត់ទុកនៅកំពង់ផែ ក្នុងស្រុកមួយ ដោយមានការសង្ស័យថា នាវានេះបានផ្តល់ប្រេងខុសច្បាប់ទៅឲ្យកូរ៉េខាងជើង ដែលត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនេះ ។

ការចាប់ឃាត់នេះ បានកើតឡើងចំពេលមានការព្រួយបារម្ភខ្លាំងឡើង អំពីការព្យាយាមដោយកូរ៉េខាងជើង ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ។

មន្ត្រីឆ្មាំសមុទ្រកូរ៉េខាងត្បូងបាននិយាយថា នាវា P-PIONEER ទម្ងន់៥.១៦០តោននេះ ត្រូវបានរារាំងមិនឲ្យចាកចេញពីកំពង់ផែ ក្រុង Busan ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែតុលាឆ្នាំមុន តាមការចោទប្រកាន់ថា វាត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ប្រេងទៅឲ្យកូរ៉េខាងជើង តាមរយៈដឹកផ្ទេរពីនាវាមួយទៅនាវាមួយ កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅដែនសមុទ្រអន្តរជាតិ នៅសមុទ្រចិនខាងកើត ។ មន្ត្រីនេះ បាននិយាយថា នាវានេះលួចផ្ទេរប្រេងម៉ាហ្សូត ប៉ុន្តែមិនបានបញ្ជាក់ថា តើមានប្រេងម៉ាហ្សូតប៉ុន្មាន ត្រូវបានផ្គង់ផ្គង់នោះទេ ។

មន្ត្រីម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា នេះជាលើកទីមួយហើយ ដែលនាវាកូរ៉េខាងត្បូង ត្រូវបានចាប់ឃាត់តាមការចោទប្រកាន់ថា បានបំពានការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ។ នៅពេលនេះ កូរ៉េខាងត្បូងកំពុងចាប់ឃាត់ទុកនាវាបរទេសចំនួន៣គ្រឿង ពីបទផ្តល់ប្រេងខុសច្បាប់ទៅឲ្យកូរ៉េខាងជើង ឬដឹកធ្យូងថ្មដែលផលិតនៅកូរ៉េខាងជើង៕


ចែករំលែក៖