ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីឥណ្ឌា ព្រមានថា «ដល់ពេលប៉ាគីស្ថានត្រូវយំ»

ចែករំលែក៖

ក្នុងពេលដែលទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានកំពុងប្រឈមមុខតានតឹងដាក់គ្នានៅតំបន់ព្រំដែនកាស្មៀរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសពីសមត្ថភាព អាវុធបរមាណូ របស់ប៉ាគីស្ថាន គ្រាន់តែជាល្បែងបោកប្រាស់ បន្លំភ្នែកតែប៉ុណ្ណោះ ។ ឥណ្ឌាទើបជាប្រទេសមាន «ម្តាយនៃគ្រាប់បែកបរមាណូពិតប្រាកដ» ។

នាយករដ្ឋមន្ត្រីឥណ្ឌា បានលើកឡើងខាងលើនៅក្នុងពេលឃោសនាបោះឆ្នោត នៅក្នុងស្រុក Surendranagar ក្នុងរដ្ឋ Gujarat ថា« ពេលកន្លងមក ក្រុមភេរវកម្មបានឆ្លងព្រំដែនចូលទៅវាយប្រហារនៅឥណ្ឌា ហើយត្រឡប់ទៅប៉ាគីស្ថានវិញ ។ ប៉ាគីស្ថានតែងតែគំរាមយើងថា ពួកគេមានបរមាណូ ហើយ នឹងចុចកុងតាក់វាយប្រហារឥណ្ឌាគ្រប់ពេល ។ តែយើងមានម្តាយនៃគ្រាប់បែកបរមាណូ ដូច្នេះប៉ាគីស្ថានអាចធ្វើអ្វីដែលខ្លួនចង់ធ្វើយើងនឹងតបតវិញទ្វេដង » ។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែតានតឹងខ្លាំងឡើងនៅព្រំដែនកាស្មៀរ ។ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា «ប៉ាគីស្ថានបានព្រមានយើងជាច្រើនាពេលកន្លងមក ពីសមត្ថភាពបរមាណូរបស់ខ្លួន ។ ប៉ុន្តែពេលវេលានោះ បានឆ្លងផុតហើយ ឥណ្ឌាមិនខ្លាចការគំរាមទៀតឡើយ ហើយឥណ្ឌានឹងវាយប្រហារភេរវកម្ម ដែលលាក់ខ្លួននៅក្នុងទឹកដីប៉ាគីស្ថាន » ។

នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ថា«ពេលមុន ពលរដ្ឋរបស់យើង យំ នឹងត្រូវភៀសខ្លួនទៅគ្រប់ទិសទីជុំវិញពិភពលោក ដោយប៉ាគីស្ថាន នឹងប្រើប្រាស់បរមាណូវាយប្រហារឥណ្ឌា… ។ ប៉ុន្តែនៅពេលនេះ ដល់ពេលប៉ាគីស្ថានត្រូវយំវិញម្តងហើយ» ។

អំពីកម្លាំងទាហាន និងសព្វាវុធ អាចនិយាយបានថា ឥណ្ឌា មានសមត្ថភាពខ្ពស់ជាងប៉ាគីស្ថាន ហើយបើផ្ទុះសង្គ្រាមនោះ ប៉ាគីស្ថានមិនមានសង្ឃឹមយកឈ្នះឥណ្ឌានោះឡើយ ។

បច្ចុប្បន្ន កម្លាំងទាហានជើងគោកឥណ្ឌាមានដល់ទៅ១លាន២សែននាក់ ចំណែកប៉ាគីស្ថានវិញ មានតែ៥៦០ពាន់នាក់ប៉ុណ្ណោះ ។

អំពីអាវុធ ឥណ្ឌាមានមីស៊ីល បាញ់ឆ្ងាយបំផុត គឺ Agni-5 ដែលអាចបាញ់បានចម្ងាយដល់ទៅ៥០០០គីឡូម៉ែត្រ ។ ចំណែកប៉ាគីស្ថានមានមីស៊ីល Shaheen បាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំណែកក្បាលគ្រប់បរមាណូ ឥណ្ឌាមាន រហូតដល់ ១៥០គ្រាប់ ចំណែកប៉ាគីស្ថានមាន១៤០គ្រាប់ ។

ចំនួនរថពាស់ដែកដឹកទាហានរបស់ឥណ្ឌា មាន ៣៣៦គ្រឿង រថក្រោះ ៣.៥៦៥ គ្រឿង និងកាំភ្លើងធំ៩.៧១៤ដើម ។ ចំណែកប៉ាគីស្ថានវិញ មានរថពាសដែក ១.៦០៥គ្រឿង រថក្រោះ.៤៩៦គ្រឿង និងកាំភ្លើងធំ ៤.៤៧២ដើម ។

អំពីយន្តហោះចម្បាំង ឥណ្ឌាមាន៨១៤គ្រឿង ប៉ាគីស្ថានមាន៤២៥គ្រឿង ។ ជាមួយគ្នានេះឥណ្ឌាបានខិតខំអភិវឌ្ឍន៍ធ្វើឲ្យទំនើបកម្មនៅ ក្រុមយន្តហោះចម្បាំងចាស់ៗ ។ ចំណែកប៉ាគីស្ថានក៏ដូចគ្នានោះដែរ ។

អំពីកម្លាំងទាហានជើងទឹក៖ ឥណ្ឌា មានកម្លាំងទាហានជើងទឹកជាច្រើន ដោយឥណ្ឌា មាន ព្រំដែនសមុទ្រវេង ធំ ។ ចំណែកប៉ាគីស្ថានវិញ មានដែនសមុទ្រតិច ដែលជាហេតុធ្វើឲ្យប្រទេសនេះមិនផ្តោតសំខាន់ទៅលើទាហានជើងទឹកឡើយ ។ អំពីអាវុធបរមាណូ ឥណ្ឌាមានប្រមាណ១៤០-១៥០គ្រាប់ ។ ចំណែកប៉ាគីស្ថានវិញ មានប្រហែល១៣០-១៤០គ្រាប់ប៉ុណ្ណោះ ។ ការប្រៀបធៀបខាងលើបង្ហាញឲ្យឃើញថា ប្រសិនបើសង្គ្រាមជាទ្រងទ្រាយធំកើតឡើងរវាង ឥណ្ឌានិងប៉ាគីស្ថាន ឥណ្ឌានឹងមានសង្ឃឹមយកឈ្នះ ទំាងស្រុងទៅលើប៉ាគីស្ថាន ។

ស្ថានភាពនៅពេលនេះកាន់តែតានតឹង ក្រោយពេល ឥណ្ឌាសម្រេច ផ្អាករាល់សកម្មភាព អាជីវកម្ម ឆ្លងដែន នៅតំបន់កាស្មៀរដែលមានវិវាទ ។ ក្រសួងមហាផ្ទៃឥណ្ឌាកាលពីថ្ងៃទី១៨ខែមេសា បានចេញបញ្ជាឲ្យផ្អាក់រាល់សកម្មភាព ជួញដូរ ធ្វើអាជីវកម្ម ពាណិជ្ជកម្មឆ្លងព្រំដែន LoC ក្នុងតំបន់កាស្មៀរ គ្រប់គ្រង់ដោយឥណ្ឌានិងប៉ាគីស្ថាន ។ ការបញ្ជាខាងលើ មានប្រសិទ្ធិភាពនៅថ្ងៃទី១៩ខែមេសានេះ ។ ឥណ្ឌាបានចាត់ទុកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន កំពុងតែជួយដល់ក្រុមភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថានបង្កើនការវាយប្រហារទៅលើឥណ្ឌា ។

នៅក្នុងសេចក្តីប្រកាស ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថា« រដ្ឋាភិបាលឥណ្ឌានឹងអនុវត្ត ច្បាប់ខាងលើក្រោយពេលមានព័ត៌មានថា ពាណិជ្ជកម្មឆ្លងព្រំដែន ត្រូវបានក្រុមភេរកវម្មនៅព្រំដែនកំពុងតែប្រើប្រាស់ខុសច្បាប់ក្នុងនោះមានដឹកជញ្ជូនអាវុធ គ្រឿងញៀន និងប្រាក់ក្លែងក្លាយជាដើម ។

តាមការលើកឡើងរបស់ឥណ្ឌា ក្រុមអ្នកជំនួញ គឺមានទំនាក់ទំនងជិតស្និតជាមួយក្រុមភេរវកម្ម នៅក្នុងទឹកដីប៉ាគីស្ថាន ។ ទាំងនោះហើយទើបឥណ្ឌាចាំបាច់ត្រូវតែផ្អាក់រាល់សកម្មភាព រកស៊ីឆ្លងដែន ។ ចំណែកការបើកទ្វាឡើងវិញ នឹងត្រូវពិភាក្សា នៅសប្តាហ៍ក្រោយ ។

ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថាន កាន់តែអាក្រក់ទៅៗក្រោយក្រុមភេរវកម្មវាយប្រហារគ្រាប់បែកសម្លាប់ទាហានឥណ្ឌា៤០នាក់ នៅតំបន់ Pulwama រដ្ឋ Jammu ។ ការវាយប្រហារខាងលើ បានសម្លាប់ទាហានឥណ្ឌាច្រើនបំផុតមិនធ្លាប់មាន ។ សកម្មភាពខាងលើបានធ្វើឲ្យមានការវាយប្រហារគ្នាទៅវិញទៅមក និងបង្កើនទាហានអាវុធនៅតាមព្រំដែនទាំងសង្ខាង ។ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាប់ពាក់ព័ន្ធក្រុមភេរវកម្ម ចំណែកប៉ាគីស្ថានវិញបានច្រានចោលការចោទប្រកាន់ខាងលើ៕

 


ចែករំលែក៖