ព័ត៌មានទាន់ហេតុការណ៍៖

បើសង្គ្រាមលោកលើកទី៣ កើតឡើង អាចកើតចេញពីសង្គ្រាមសាសនា

ចែករំលែក៖

ក្រោយពេលមានការវាយប្រហារជាច្រើនលើកកើតឡើង នៅជុំវិញពិភពលោក ពាក់ព័ន្ធទៅនឹងសាសនា បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមសាសនា ជាទ្រង់ទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។

ជាក់ស្តែង ការវាយប្រហារ ភេរវកម្មនៅក្នុងព្រះវិហារសាសនាអិស្លាម នៅក្នុងទឹកដីញ៉ូវហ្សឺឡែន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។ ចំណែកការវាយប្រហារនៅក្នុងប្រទេសស្រីលង្កា គឺសម្តៅទៅលើសាសនាកាតូលិច សម្លាប់មនុស្ស ជាង២៥នាក់ និងជាង៥០០នាក់រងរបួស ត្រូវបានក្រុមភេរវកម្មប្រកាសថា គឺជាការវាយប្រហារសងសឹកទៅលើការវាយប្រហារនៅ ញ៉ូវហ្សឺឡែន ។

ក្រៅពីនេះ នៅមានការវាយប្រហារជាច្រើន លើកកើតឡើងនៅអាមេរិក ហើយការវាយប្រហារ គឺស្ថិតនៅតាមព្រះវិហារដូចគ្នា ។ កាលពីថ្ងៃទី២៨ ខែមេសានេះ យុវជនអាយុ១៩ ឆ្នាំបានបើកការបាញ់ប្រហារទៅលើព្រះវិហារ ជនជាតិជ្វីហ្វ Chabad នៅទីក្រុង Poway រដ្ឋកាលីហ្វ័នីញ៉ា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួស ។

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក៏មានការវាយប្រហារទៅលើព្រះវិហារជនជាតិជ្វីហ្វ នៅទីក្រុង Pittsburgh រដ្ឋ Ptnnsylvania បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ ។ ក្រោយមក ក៏មាន ការដុតព្រះវិហារអ៊ីស្លាម នៅតំបន់ Escondido នៅកាលីហ្វ័រញ៉ា ។

ការវាយប្រហារជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសាសនា បង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមជាទ្រង់ទ្រាយធំ កើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។

ចំណែកសង្គ្រាមលោកលើកទី១ និងលោកទី២ កើតឡើង ដោយកត្តាអ្វី ខាងក្រោមនេះ គឺជាជ្រុងមួយនៃ ប្រវត្តិសាស្ត្រពិភពលោក៖

តើហេតុអ្វីបានជាសង្គ្រាមលោកលើកទី១ និងទី២កើតឡើង?

សង្គ្រាមលោកលើកទី១ មានរយៈពេលពីឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩១៨ ។ ដើមឡើយ សង្គ្រាមនេះត្រូវបានគេហៅថា “The Great War” តែក្រោយ មានសង្គ្រាមលោកលើកទី 2 គេ ក៏ចាប់ផ្ដើមហៅ “The Great War” ថា សង្គ្រាមលោកលើកទី 1 ។

សង្គ្រាមលោកលើកទី1 កើតឡើងដោយហេតុថា នៅចុងសតវត្សរ៍ទី 19 បណ្ដាប្រទេសនៅអឺរ៉ុបបាន និងកំពុងស្ថិតក្នុងសភាពតានតឹន ប្រឈមមុខនឹងគ្នាខ្លាំង លើផ្នែកការទូត និងព្រំដែន ។ ចូលដល់ដើមសតវត្សរ៍ទី 20 ពោលនៅ ឆ្នាំ 1914 ព្រះអង្គម្ចាស់ ហ្វ្រង់ ហ្វឺឌីណាន់ (Franz Ferdinand) នៃអតីតប្រទេសអូស្ដ្រូហុងគ្រី ត្រូវបានខ្មាន់កាំភ្លើងជនជាតិ ស៊ែប លបធ្វើឃាត ។

ហេតុការណ៍នោះ បានធ្វើឲ្យសភាពការណ៍ដែលតានតឹងស្រាប់ ត្រូវផ្ទុះជាភ្លើងសង្គ្រាមភ្លាមៗ ។ ក្រោយហេតុការណ៍ភ្លាមៗ អាល្លឺម៉ង់ ដែលជាសម្ពន្ធមិត្តរបស់ អូស្ត្រូហង់គ្រី ក៏បានប្រកាសសង្គ្រាមជាមួយប្រទេស ស៊ែប ។ ចំណែករុស្ស៊ី និងបារាំង ក៏ត្រូវបានអូសទាញចូលក្នុងសង្គ្រាម ដោយសារពួកគេជាសម្ពន្ធមិត្តរបស់ ស៊ែប ។

ក្រោយពេលដែលអាល្លឺម៉ង់ វាយចូលដល់បារាំង អង់គ្លេស ដែលជាមិត្តបារាំង ក៏ចាប់ផ្ដើមប្រឡូកក្នុងសង្គ្រាមប្រឆាំងអាល្លឺម៉ង់វិញដែរ ។ មួយរយៈកន្លងផុត ប្រទេសធំៗ នៅអឺរ៉ុបបានស្ថិតក្នុងសង្គ្រាម ហើយជប៉ុនកាលណោះ ដែលជាមហាអំណាចយោធាមួយ នៅអាស៊ី ព្រមទាំងអាមេរិក ក៏ស្ថិតក្នុងសង្គ្រាមដែរ ដោយនៅខាងបារាំង និងអង់គ្លេស ដែលក្រោយមក ពួកគេបានទទួលជ័យជំនះនៅ ឆ្នាំ១៩១៨ ។

ចំណែកសង្គ្រាមលោកលើកទី២ វិញ កើតឡើងដោយសារអ្វី ?

សង្គ្រាមលោកលើកទី២ ផ្ទុះឡើងដោយមានឫសគល់ជាប់ទាក់ទងច្រើននឹងសង្គ្រាមលោកលើកទី ១ ។ យើងដឹងហើយថា ក្នុងសង្គ្រាមលោកលើកទី ១ អាល្លឺម៉ង់ ជាអ្នកចាញ់សង្គ្រាម ។ តែក្រោយពេល អាដុហ្វហ៊ីត្ល៊ែរ ឡើងកាន់អំណាច គាត់បានដឹកនាំអាល្លឺម៉ង់ បង្កើតសង្គ្រាមជាថ្មីដើម្បីសងសឹកវិញ ដោយចាប់ផ្ដើមពីការឈ្លានពានប្រទេសតូចៗ ជិតខាងដូចជា ប៉ូឡូញ ជាដើម ។

នេះបង្ខំឲ្យបារាំង និងអង់គ្លេសត្រូវចូលខ្លួនអន្ដរាគមន៍សារជាថ្មី ដើម្បីការពារប្រទេសទាំងនោះ និងអូសទាញអាមេរិក និងរុស្ស៊ី ឲ្យចូលជួយដែរ ។ ចំណែកខាងអាល្លឺម៉ង់វិញ មានប្រទេសធំៗ ពីរគឺ អ៊ីតាលី និងជប៉ុន ។

សង្គ្រាមនេះ ក៏បានចាប់ផ្ដើមពី ឆ្នាំ 1939 ដល់ ឆ្នាំ 1945 និងបានក្លាយជាសង្គ្រាមបង្ហូរឈាមគ្នាធំបំផុតមួយ ក្នុងប្រវត្តិសាស្ដ្រ ដោយជីវិតទាហាន និងជនស៊ីវិលច្រើនជាង 50 លាននាក់ ត្រូវបានបាត់បង់ ។

ចុះសង្គ្រាមលោកលើកទី ២ នេះបានបិទបញ្ចប់ដោយរបៀបណា?

សង្គ្រាមលោកលើកទី ២ បានបិទបញ្ចប់ដោយមូលហេតុច្រើន និងអាចមានការលើកឡើងផ្សេងៗគ្នា តែមូលហេតុដែលគេដឹង និងទទួលស្គាល់ទូទៅគឺ ការបរាជ័យរបស់អាល្លឺម៉ង់ នៅរុស្ស៊ី ដោយសារកត្តាភូមិសាស្ដ្រ មិនអំណោយផល ដែលនាំឲ្យមានការបាក់ទ័ពខ្លាំង ធ្វើឲ្យកម្លាំងត្រូវធ្លាក់ខ្សោយ ។

ម្យ៉ាងទៀត ការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើជប៉ុន ពីរគ្រាប់នៅ ឆ្នាំ 1945 ក៏ជាកត្តាសំខាន់ក្នុងការបង្ខំឲ្យជប៉ុនចុះចាញ់ផងដែរ ។ ដោយសារអាល្លឺម៉ង់ និងជប៉ុនបាក់ស្បាត សង្គ្រាមលោកលើកទី២ ក៏រកអ្នកចាញ់ អ្នកឈ្នះឃើញ ហើយ ឆ្នាំ 1945 ក៏ក្លាយជា ឆ្នាំដែលសង្គ្រាមត្រូវបញ្ចប់តែម្ដង៕


ចែករំលែក៖