ព័ត៌មានទាន់ហេតុការណ៍៖

ចម្ការកៅស៊ូ និងឫស្សីជាង៤០ហិកតា នៅមីយ៉ានម៉ា ត្រូវភ្លើងឆេះខ្ទេច ដោយសារភ្លើងឆេះព្រៃ

ចែករំលែក៖

កម្តៅក្តៅខ្លាំងអាចបន្តប៉ុន្មានថ្ងៃខាងមុខទៀត នៅក្នុងតំបន់អាស៊ី ពិសេសគឺតំបន់អាស៊ាន បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ នៅក្នុងប្រទេសឥណ្ឌាមានរដ្ឋមួយចំនួនមានកម្តៅដល់ទៅ៤៥អង្សាសេ ។

ចំណែកនៅក្នុងតំបន់អាស៊ានវិញ ក្នុងនោះមាន វៀតណាម កម្ពុជា ថៃ ឡាវ និងមីយ៉ានម៉ាជាដើម ។ នៅពេលនេះមីយ៉ានម៉ា ប្រឈមនឹងភ្លើងឆេះចម្ការកៅស៊ូ និងឫស្សី អស់ជាង៤០ហិកតា ដោយសារតែកម្តៅក្តៅខ្លាំង ។

មន្ត្រីពន្លត់អគ្គិភ័យមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានប្រកាសថា ភ្លើងឆេះព្រៃបានរាល ឆេះចម្ការកៅស៊ូ និងព្រៃឫស្សី អស់ជាង៤០ហិកតា ។

ប្រភពបន្តថា ភ្លើងបានចាប់ផ្តើមឆេះចម្ការកៅស៊ូ នៅក្នុងភូមិ Potethinnyo តំបន់ទីប្រជុំជន Hlegu កាលពីរសៀលថ្ងៃចន្ទ ។ អាកាសធាតុក្តៅហែង ធ្វើឲ្យភ្លើងរាលឆេះយ៉ាងឆាប់រហ័ស ។ សន្លឹកឈើកៅស៊ូជ្រុះ ស្ងួត និងសន្លឹកឫស្សីជាដើម ជាកត្តាជំរុញឲ្យភ្លើង ឆេះកាន់តែមានទ្រង់ទ្រាយធំ ។

វាបានឆេះជាង៦ម៉ោង ទើបកម្លាំងពន្លត់អគ្គិភ័យ១៦០នាក់ ចេញទៅធ្វើអន្តរាគមន៍ទប់ស្កាត់ ដោយប្រើរថយន្តអគ្គិភ័យ៣គ្រឿង ។ ទោះជាយ៉ាងណា គេមិនទាន់មានរបាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សនៅឡើយ ។

តំបន់ប្រជុំជន Hlegu ស្ថិតនៅចម្ងាយប្រហែល៤៥គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុង យ៉ង់ហ្គូន ហើយតំបន់នេះ លាតសន្ធឹង តាមដងទន្លេ Ngamoyeik Chaung ៕


ចែករំលែក៖