ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋបានសម្រេច កាលពីយប់ថ្ងៃអង្គារ ១​១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​ ២៥៦២ ត្រូវ​នឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខហាងលក់ខោ អាវ ផ្ទះលេខ១៤៧A ផ្លូវលេខ១៥៦ ក្រុមទី៥ ភូមិ២ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ជនសង្ស័យ ឈ្មោះ សុន ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលមិនចាំលេខ ផ្លូវមាត់ប្រឡា យសង្កាត់ទួលទំពូងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានយកទឹកនោមជនសង្ស័យធ្វើតេស្ត រកឃើញមានសារធាតុញៀន ។ ចំណែកជនរងគ្រោះឈ្មោះ ផាតិចឈុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ១៤៧A ផ្លូវលេខ១៥៦ ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ សម្ភារបាត់បង់រួមមាន ម៉ូតូចំនួន០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BJ-7530 លេខតួ-ម៉ាស៊ីន8012394 ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកចតទុកនៅមុខហាងលក់ខោអាវ ដោយភ្លេចដកសោរចេញពីម៉ូតូ រួចដើរចូលទៅក្នុងហាងដើម្បីលក់ខោអាវ លុះដល់ម៉ោងប្រហែល៧ និង៣០នាទីព្រឹក ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូចំនួន០១គ្រឿង ម៉ាក Honda C125 ព័ណ៌ ខ្មៅ មិនចាំស្លាកលេខ ជិះមកឈប់នៅមុខហាង រួចទម្លាក់ជនសង្ស័យឈ្មោះ សុន ពិសិដ្ឋ និងឈ្មោះ ចិត្ត ដែលជិះពីខាងក្រោយឲ្យចុះធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ។

ភ្លាមនោះឈ្មោះ ចិត្ត ជាអ្នកធ្វើសកម្មភាពឡើងជិះយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនជាមួយឈ្មោះក្តូ (ជាបក្ខពួកដឹក មកទម្លាក់) ចេញពីកន្លែងកើត ហេតុបាត់ទៅ ។ ចំណែកជនសង្ស័យ ឈ្មោះ សុន ពិសិដ្ឋ រត់ឡើង ជិះម៉ូតូមិនទាន់ក៏ត្រូវបានជនរងគ្រោះឃើញស្រែកឆោឡោឲ្យគេជួយ ។ ពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដែលកំពុងល្បាតនៅក្បែរនោះ បានជួយធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុន ពិសិដ្ឋ ជាក់ស្តែងនាំយកមកប៉ុស្តិ៍សាកសួរ និងចាត់ការតាមច្បាប់ ។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១ និងសោរទីបលេខ៨ សម្រាប់តកាច់សោរម៉ូតូចំនួន១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស រស្មី


ចែករំលែក៖