លទ្ធផលបោះឆ្នោតជាផ្លូវការ នៅក្នុងប្រទេសថៃបង្ហាញឲ្យឃើញថា គណបក្ស ភឿថៃមានចំនួនកៅអីនៅក្នុងសភាច្រើនជាងគេ ប៉ុន្តែការបោះឆ្នោតលើកចុងក្រោយ ដែលរួមបញ្ជូលទាំងព្រឹទ្ធសភា នោះ គឺពិបាកយកឈ្នះគណបក្ស យោធា Palang Pracharat ដែលមានកៅអី២៥០នៅព្រឹទ្ធសភាស្រាប់ ។ ទំាងនោះហើយ លោកប្រាយុទ្ធ ចានអូចា នឹងបន្តដឹកនាំប្រទេសថៃ បន្តទៀត។
តាមលទ្ធផលបោះឆ្នោតថៃ ដែលប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតបានបង្ហាញឲ្យឃើញថា មានគណបក្សចំនួន២៧ មានអាសនៈនៅក្នុងសភា ក្នុងនោះគណបក្ស យោធាPalang Pracharat មានប្រៀប អាចជួយឲ្យលោកប្រាយុទ្ធ ចាន់អូចា ឡើងកាន់អំណាចដឹកនាំប្រទេសថៃជាបន្តទៀត ។
លទ្ធផលបោះឆ្នោតបង្ហាញឲ្យឃើញថា គណបក្ស Palang Pracharat ទទួលបាន១១៥ អាសនៈ បូកបន្ថែម៧អាសនៈ ពីគណបក្សសម្ពន្ធមិត្តទៀត បានសរុប១២២អាសនៈ។ នៅពេលនេះ ការសម្រេចជ្រើសរើស នាយករដ្ឋមន្ត្រីគឺត្រូវ ឆ្លងកាត់ការបោះឆ្នោតរួម រវាងសភាដែលមាន៥០០អាសនៈ នឹងព្រឹទ្ធសភា ២៥០ អាសនៈ ។ ប្រសិនបើគិត ទាំងការគាំទ្រ ពីព្រឹទ្ធសភា ដែលមានអាសនៈស្រាប់២៥០នោះ គណបក្ស របស់លោក ប្រាយុទ្ធ មាន កៅអីដល់ទៅ ៣៧២ អាសនៈ។ ដូច្នេះ គណបក្សយោធា ត្រូវការតែ៤អាសនៈគាំទ្រទៀតប៉ុណ្ណោះ ស្មើនឹង៣៧៦ អាសនៈក្នុងចំណោម ៧៥០ នោះលោក ប្រយុទ្ធ នឹងបន្តកាន់អំណាចដឹកនាំប្រទេសថៃ ។
ប៉ុន្តែ ការស្វែងរក ៤អាសនៈបន្ថែមរបស់លោក ប្រយុទ្ធ កំពុងតែជួបផលលំបាកយ៉ាងខ្លាំង ដោយមិនមានគណបក្សណាមួយ យល់ព្រមចូលរួម ជាមួយលោកឡើយ ។ នៅពេលនេះ គណបក្សយោធាកំពុងតែ បញ្ចុះបញ្ចូល គណបក្ស Bhumjaitai និងគណបក្សប្រជាធិបតេយ្យ ដែលមាន៥០អាសនៈ ដើម្បីធានាដល់ការឡើងកាន់អំណាច ។
ចំណែកគណៈបក្ស ភឿថៃវិញ ដែលមានភាពស្មោះត្រង់ជាមួយ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននោះ ទទួលបាន ១៣៦ អាសនៈក្នុងរដ្ឋសភា ។ គណបក្សភឿថៃ បូកជាមួយសម្ព័ន្ធមិត្ត ដូចជាគណបក្ស Future Forward, Seri Ruam Thai, Puea Chat, Prachchat, Phalang Puangchon Thai និង New Economics ដោយមានអាសនៈសរុបមាន ២៤៥អាសនៈនៅមិនទាន់អាចគ្រប់គ្រងសំឡេងភាគច្រើននៅឡើយ។
ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ បានប្រព្រឹត្តឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក្រោមការទន្ទឹងរង់ចាំពីប្រជាពលរដ្ឋថៃរាប់លាននាក់។ ការបោះឆ្នោតនេះ បានធ្វើឡើង ក្រោយការកាន់អំណាច អស់រយៈពេល៥ឆ្នាំ ដោយរដ្ឋាភិបាលយោធា ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ដែលបានធ្វើរដ្ឋប្រហារ កាលពីអំឡុងឆ្នាំ២០១៤ ។
ការបោះឆ្នោតនេះបានប្រព្រឹត្តទៅ ដោយពុំមានអំពើហិង្សាអ្វីឡើយ ហើយមានគណបក្សនយោបាយចំនួន២៧ បានចូលរួមប្រកួតប្រជែង។ ប៉ុន្តែការបោះឆ្នោតនេះពោរពេញ ដោយភាពមិនប្រក្រតីជាច្រើន ក្នុងនោះ នៅតាមមណ្ឌលបោះឆ្នោតខ្លះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានសម្រេចបោះឆ្នោតឡើងវិញ នៅតាមតំបន់មួយចំនួនថែមទៀតផង។
នៅក្នុងការបោះឆ្នោត នៅប្រទេសថៃនេះ មានគណបក្សសំខាន់ចំនួនពីរ ដែលជាគូប្រកួតប្រជែងដ៏សំខាន់ជាងគេ គឺគណបក្សភឿថៃ ដែលជិតស្និទ្ធជាមួយនឹងត្រកូល ថាក់ស៊ីន និងគណបក្ស Palang Pracha Rath ឬ PPRP ដែលស្និទ្ធនឹងយោធា ឬខាងក្រុមកាន់អំណាច។ ដោយឡែកគណបក្ស Future Forward ក៏មានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងផងដែរ។
លទ្ធផលផ្លូវការ ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ចេញផ្សាយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នេះ ហើយត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ យកមកចុះផ្សាយបន្តនោះ គឺគណបក្ស Pheu Thai ទទួលបាន ១៣៦អាសនៈ, គណបក្ស Palang Pracharath ទទួលបាន១១៥ អាសនៈ, គណបក្ស Future Forward បាន៨០អាសនៈ, គណបក្សប្រជាធិបតេយ្យ (Democrate) ទទួលបាន៥២អាសនៈ, គណបក្ស Phumjaithai ទទួលបាន៥១អាសនៈ, គណបក្ស Seree Ruam Thai ទទួលបាន១០ អាសនៈ, គណបក្ស Chartthaipattana ទទួលបាន១០អាសនៈ, គណបក្ស New Economics ទទួលបាន៦អាសនៈ, គណបក្ស Prachachat ទទួលបាន៧អាសនៈ ។ល។ និង ។ល។ ៕