ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានចេញសេចក្តីជូនដំណឹង ហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារ​ធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន បែងចែក ដីព្រៃឈើ ធ្វើជាកម្មសិទ្ធិ ​នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារ​ធម្មជាតិ។
​ ក្រសួងបរិស្ថានពិនិត្យឃើញថា មានបុគ្គលមួយចំនួនបាន​ធ្វើការ​ឈូស​​ឆាយ កាប់ឆ្ការ ដុត រុក​រាន ទន្រ្ទាន បែងចែក​​ដីព្រៃឈើនៅ​ក្នុង​សហគមន៍​តំបន់​ការពារធម្មជាតិ និងនៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បីយកធ្វើ ជាកម្មសិទ្ធិ ក្រោម​លេសខ្វះដីអាស្រ័យផល និង​បង្ក​បង្កើនផល។ ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ​ នៃ​ការគ្រប់គ្រងតំបន់ ការពារធម្មជាតិ ​ក្រសួ​ងបរិស្ថានសូមដាក់​ចេញ​នូវ​វិធានការនិងណែនាំ​ដូចខាង​ក្រោ​ម​៖
– ​​ទោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាក៏ដោយ ក៏ពុំមានសិទ្ធិរុករានដីព្រៃ​ កាន់កាប់ និងបែងចែកដី ​នៅក្នុង សហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិទេ
– ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្រ្ទាន ហ៊ុមព័ទ្ធ បែងចែក​ដីព្រៃឈើ ​និងការដាំដុះដំណាំ​ ​លើដីសហគមន៍​តំបន់​​ការពារធម្មជាតិ និង ដីក្នុងតំបន់ការពារធម្មជាតិ​​
– ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋដោយ​ខុស​ច្បាប់​ ក្នុង​តំប​ន់​សហគមន៍​តំបន់​​ការពារធម្មជាតិ និង​ក្នុងតំបន់ការពារធម្មជាតិ
– មន្ទីរបរិស្ថានខេត្តត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស​ដោយសហការជាមួយរដ្ឋបាលដែនដី ក្នុងការអប់រំ​ផ្សព្វផ្សាយ​លិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដល់មហាជន​ទូទៅ ជាពិសេស ប្រជាសហគមន៍មូលដ្ឋាន
– អ្នកដែលបានទន្រ្ទានកាន់កាប់ដីខុសច្បាប់កន្លងមកត្រូវរុះរើខ្ទម តង់ និងសំណង់អនាធិបតេយ្យ ហើយ​ប្រគល់ដី និងទីតាំងមកឱ្យក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាល​ថ្នាក់ក្រោម​ជា​តិ ពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដូច​បាន រៀបរាប់ខាងលើដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី ខេត្ត ធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ឱ្យបាន​ទូលំទូលាយ​ដល់ មហាជន និង​សហគមន៍មូលដ្ឋាន ដើម្បី​បង្កើន​ការ​យល់ដឹង និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ​ព្រម​ទាំង​​ផ្តល់កិច្ចសហការ ក្នុងការអនុវត្តវិធានការចាំបាច់នានាដោយស្មារតី​ទទួល​ខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូន​ដំណឹង​នេះតទៅ៕

ដោយ៖ សហការី


ចែករំលែក៖