រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោកម៉ាក្រុង រងការថ្កោលទោស និងធ្វើបាតុកម្មប្រឆាំង គម្រោងកាត់បន្ថយការងារសាធារណដល់១២០ពាន់នាក់ ។
សហជីពការងារ នៅប្រទេសបារាំង បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្មប្រឆាំងនឹងការកាត់បន្ថយការងារ រហូតដល់១២០ពាន់នាក់ ព្រមទាំងប្រឆាំងនឹងការកែទម្រង់ស៊ីជម្រៅទៅលើវិស័យសាធារណៈរបស់រដ្ឋាភិបាល លោកប្រធានាធិបតី អ៊ីម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ។
សហជីពការងារបារាំង កាលពីអំឡុងខែថ្មីៗនេះ បានហ៊ុមព័ទ្ធទៅដោយក្រុមចលនាអាវកាក់ពណ៌លឿង បាន និង កំពុងព្យាយាមយកជ័យជម្នះលើការជំរុញឲ្យលោកប្រធានាធិបតី ម៉ាក្រុង ពិចារណាដកថយក្រោយវិញ ចំពោះគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់គាត់ ។
ក្រុមសហជីពបាននាំគ្នាគ្រវីទង់ចម្រុះពណ៌ ហើយក្រុមសកម្មជនទាំងនេះ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានដង្ហែក្បួននៅក្នុងទីក្រុងប៉ារីស, ទីក្រុងម៉ាសី (Marseille) ព្រមទាំងទីក្រុងជាច្រើនទៀត ។ បាតុកម្មនេះ បង្កឲ្យប៉ះពាល់ដល់សាលារៀន អាកាសយានដ្ឋាន និងមន្ទីរពេទ្យផងដែរ ។
ការកាត់បន្ថយការងារនេះ បានធ្វើឲ្យបុគ្គលិកសុខាភិបាល ខឹងសម្បាចំពោះការផ្លាស់ប្តូរការផ្តល់ហិរញ្ញប្បទានមន្ទីរពេទ្យសាធារណៈ។ ជាមួយគ្នានេះដែរ ក្រុមគ្រូបង្រៀនបានខឹងសម្បាចំពោះការផ្លាស់ប្តូរជួលម៉ោង ដោយពួកគេលើកឡើងថា កាន់តែបន្ថែមម៉ោងបង្រៀនបន្ថែមទៀត ។
ដោយឡែក លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងថា ការផ្លាស់ប្តូរទាំងនោះ មានសារសំខាន់ អាចជួយឲ្យប្រទេសបារាំង បញ្ចៀសបំណុលសេវាសាធារណៈ ហើយគោលនយោបាយនេះ នាំមកនូវប្រសិទ្ធភាពកាន់តែល្អប្រសើរថែមទៀតផង៕