ភ្នំពេញ៖ នាពេលបច្ចុប្បន្ន អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១២ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដា មហាវិថី តូច ធំ និងផ្លូវតូចៗ មួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ ។
ជាក់ស្ដែងនៅចំណតរថយន្តក្រុងកាពីតូល ដែលមាន ទីតាំងផ្លូវលេខ១១១កែងនឹងផ្លូវលេខ១២៨ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា គឺមានរថយន្តក្រុងចតពេញផ្លូវបង្កការកកស្ទះចរាចររាល់ថ្ងៃ មិនដែលឃើញមានគណៈបញ្ជាការខណ្ឌ៧មករាចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំនេះទេ ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងចំណតរថយន្តនេះ មិនចូលរួមសហការ រំលោភលើចិញ្ជើផ្លូវ ដូច្នះរាល់ពេលដែលគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ម្តងៗ គឺធ្វើតែកន្លែងណាដែលប្រជាពលរដ្ឋយើងចតរថយន្ត និងចតម៉ូតូនៅតាមដងផ្លូវ និងនៅតាមផ្ទះប្រជាពលរដ្ឋដែលដាក់លក់អីវ៉ាន់នៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ ជាក់ស្តែងនៅតាមបណ្ដោយផ្លូវលេខ១៣៤ នៅខាងមុខមន្ទីរពេទ្យសម្ភពក្រុង នៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋលក់ដូរបាយ ម្ហូប បន្តិចបន្តួចដើម្បីជីវភាពប្រចាំថ្ងៃ ឲ្យបងប្អូនអ្នកជំងឺនៅក្នុងមន្ទីរពេទ្យទិញហូបស្រាប់តែមានក្រុមប្រជាការពាររបស់គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះមករៀបចំសណ្តាប់ធ្នាប់រុះរើកន្លែងគាត់លក់ដូរឈប់ឲ្យលក់បន្ត ។
តែបើនៅ ទីតាំងចំណតរថយន្តកាពីតូលនៅផ្លូវលេខ១១១កែងនឹងផ្លូវលេខ១២៨ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករានេះវិញគឺខាងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា មិនហ៊ានរៀបចំ ដេញរឺស្ទូចរថយន្តនោះទេ ។
ចុងក្រោយប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចសាលារាជធានីភ្នំពេញ ជួយមានវិធានការ លើបញ្ហានេះផង ព្រោះរាល់ការធ្វើដំណើរពួកគាត់ឆ្លងកាត់តាមបណ្តោយផ្លូវជុំវិញទីតាំងនេះ ធ្វើឲ្យមានកាកកស្ទះ និងខាតពេលវេលា ដោយសារអាជ្ញាធរគ្មានវិធានការ ៕ ជ្រោយពេជ្រ