ព័ត៌មានទាន់ហេតុការណ៍៖

ទោះអាមេរិក ដាក់ទណ្ឌកម្ម តែចិននៅតែបន្តទិញប្រេងពីវេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់

ចែករំលែក៖

វេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់ គឺជាគោលដៅរបស់អាមេរិក នៅក្នុងការដាក់គំនាបសេដ្ឋកិច្ច ក៏ដូចជាផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសនេះ ។ ទាំងនោះហើយបានជាអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសទាំងពីរ ពិសេសនៅក្នុងវិស័យប្រេង ដែលជាប្រភពចំណូលសំខាន់បំផុត​របស់សេដ្ឋកិច្ចជាតិ ។

ប្រទេសជាច្រើនទៀត ក៏បានសម្រេចផ្អាកទិញប្រេងពី អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា​ដោយ​ខ្លាចរងការដាក់ទណ្ឌកម្មពីអាមេរិក ។ ផ្ទុយទៅវិញ រដ្ឋាភិបាលចិន ដែលកំពុងតែមានវិវាទពាណិជ្ជកម្មជាមួយអាមេរិក ក្រោយកិច្ចពិភាក្សាលើកទី​១១ មិនទទួលបានជោគជ័យ ហើយអាមេរិក​ ក៏បានដំឡើងពន្ធដល់ទៅ​២០០ពាន់លានដុល្លារលើទំនិញនាំចូលពីចិន ។ មិនតែប៉ុណ្ណោះ អាមេរិកបានព្រមានចិនឲ្យឈប់ទិញប្រេងពីអ៊ីរ៉ង់ និងវេណេហ៊្សុយអេឡា ។

ចិននៅតែបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្របច្បាប់ជាមួយ​អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ដដែល ដោយបន្តទិញប្រេង ពីប្រទេសទាំងពីរ ទោះបីអាមេរិកព្រមានដាក់ទណ្ឌកម្មបែបណាក្តី ។ សកម្មភាពខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក ​ Gao Feng ប្រកាសជាសាធារណៈ ដោយទំនាក់ទំនងពាណិជ្ជកម្ម និងទិញប្រេងពីប្រទេសទាំងពីរ មិនមានអ្វីត្រូវលាក់បាំងនោះឡើយ គឺជារឿងស្របច្បាប់​ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន​ លោក ​ Gao Feng ​បានបញ្ចាក់នៅក្នុងសន្និសីទកាសែតថា «អ៊ីរ៉ង ជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់របស់ចិន ហើយប្រទេសទាំងពីរបានប្រឆាំងរាល់ការដាក់ទណ្ឌកម្មរបស់អាមេរិក ។ ជាមួយគ្នានេះយើងនៅតែបន្តរក្សាទំនាក់ទំនង សហប្រតិបត្តិការជាមួយវេណេហ្ស៊ុយអេឡា ដដែល ដោយឈរនៅលើយុទ្ធសាស្ត្រភាគីទាំងសងខាងទទួលបានផលប្រយោជន៍ដូចគ្នា​» ។

លោក Gao Feng ​បានបញ្ជាក់ទៀតថា​ ទំនាក់ទំនងពាណិជ្ជកម្មរវាង ចិន នឹងអ៊ីរ៉ង់ មានប្រពៃណីយូរណាស់មកហើយ​ ក្នុងនោះ មានវិស័យថាមពលប្រេង ជាដើម ។ លោក ក៏បានថ្កោលទោសដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ថា កំពុងតែធ្វើឲ្យទីផ្សារប្រេងនៅលើពិភព លោក ធ្លាក់ក្នុងសភាព ចលាចល ។

វេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់ ជាគោលដៅវាយប្រហាររបស់អាមេរិក ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានឡោមព័ទ្ធសេដ្ឋកិច្ចប្រទេសទាំងពីរ ដោយព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសណា ដែលបន្តទិញប្រេងពីប្រទេសទាំងពីរ ។ ប៉ុន្តែ​ការព្រមានទាំងនោះមិនមានប្រសិទ្ធភាពចំពោះចិនឡើយ​ ដោយចិនមិនអាចធ្វើតាមអាមេរិក បោះបង់សម្ពន្ធមិត្តសេដ្ឋកិច្ចដ៏រឹងមាំបានឡើយ​ ។ ដូច្នេះចិន នៅតែបន្តទិញប្រេងពីអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡាដដែល​៕


ចែករំលែក៖