ខេត្តមណ្ឌលគិរី៖ ច្រកទ្វេភាគី ឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានខាងស្នាក់ការ ខាងគយនិងរដ្ឋាករ និងខាងនគរបាលប៉ុស្តិ អនុញ្ញាតអោយបទល្មើសឈើចរាចរឆ្លងទៅប្រទេសវៀតណាមយ៉ាងគំហុក ស្របពេលថ្នាក់លើរឹតបន្តឹងអោយមានវិធានការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាប ។ មកទល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ មានរយៈពេលប្រមាណ៣សប្តាហ៍ហើយ ដែលច្រកមួយនេះអនុញ្ញាតអោយបទល្មើសឈើដឹកជញ្ជូនឆ្លងដែន ក្នុងនោះមានឈ្មួញម្នាក់ឈ្មោះ(ប៉ោហៀង)ម្ចាស់ KTV ប្រចាំស្រុកកែវសីមា ជាអ្នកប៉ាវច្រក១នេះ ដែលគេពុំដឹងថា៖ ត្រូវចំណាយក្នុងកម្រិតណាសម្រាប់ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ទើបគាត់ហ៊ានបន្តប្រថុយប្រថាន និងការស្តីបន្ទោសពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតអោយបទល្មើសឈើឆ្លងដែន ដោយគ្មានខ្លាចញញើតថ្នាក់លើ លក្ខណះមិនរាងចាលនិងការព្រមានពីខាងលើ និងសារស្តីបន្ទោសនេះឮសុះសាយគ្របដណ្តបក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។
គេបានរាយការណ៍មកថា៖ រាល់ការដឹកជញ្ជូនបទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ គឺខាងច្រកអោយឈ្មួញឈ្មោះ(ប៉ោ ហៀង)ម្ចាស់ KTV ប្រចាំស្រុកកែវសីមា ប៉ាវផ្តាច់តែម្នាក់ឯង ដោយយកឡានសាំយ៉ុង៦គ្រឿង និងឡានកាមរីគូទស្វិត៦គ្រឿង ជាមធ្យោបាយដឹកជញ្ជនឈើទៅមកដូរវេនគ្នាយ៉ាងគឃ្លើននិងច្បាប់។
លោក ហ៊ន គាសេង មេនគរបាលប៉ុស្តិច្រកឡាប៉ាខេ ជាអ្នកបើកបារ៉ាស់និងរកកញ្ចប់ទុកអោយខាងមេកើយរបស់ខ្លួន គាត់ហ៊ានប្រព្រឹត្តក៏ដោយសារមេៗ ឈ្លក់និងប្រយោជន៍បើកភ្លើងខៀវផងដែរ។ ករណីនេះអង្គភាព នគរវត្ត មិនអាចទាក់ទងបានទេពីលោក ហ៊ន គាសេង មេនគរបាលប៉ុស្តិច្រកឡាប៉ាខេ សុំការបំភ្លឺនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយទូរស័ព្ទនៅក្រៅតំបន់សេវា។ ប៉ុន្តែកន្លងទៅ លោក ហ៊ន គាសេង ធ្លាប់បញ្ជាក់ថា៖ គ្មានករណីនេះទេ បើមានមែនករណីឡានដឹកឈើតម្រង់មកច្រកឡាប៉ាខេ តែជិតដល់ច្រកក៏បត់ឆ្វេង បត់ស្តាំវាងតាមផ្លូវផ្សេងរបៀងនោះវិញទេ ទើបមានករណីយល់ច្រឡំថាមកតាមច្រកគាត់គ្រប់គ្រង។
អ្នកដឹងពីសកម្មភាពបទល្មើសឈើឆ្លងដែនតាមច្រកឡាប៉ាខេ បានលួចបង្ហើបថា៖ ករណីនេះបើលោកស្នងការខេត្ត មិនអនុញ្ញាត រឿងអីលោក ហ៊ន គាសេង ថ្លើមធំហ៊ានបើកបារ៉ាស់អោយឈើដឹកឆ្លងដែននោះទេ ចំណុចនេះគឺគេមានវប្បធម៍ យករួចខ្លួន និងទម្លាក់កំហុសដល់ថ្នាក់ក្រោម ប្រសិនបែកការណ៍ និងរកវិធីដោះបន្ទុកជួយកូនចៅវិញដដែល ព្រោះបានលុយដូចគ្នា ចៀសវាងបែកពាងប្រហុកដោយប្រការណាមួយ។
លោកផ្កាយ២ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
បើលោក អ៊ុំ វណ្ណសុភក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពូលខាងប្រើល្បិចធ្វើមិនដឹង មិនឮ ជំនាញសម្ងំកើបលុយពីបទល្មើសព្រៃឈើ គេចង់និយាយថា៖ សុីលុយហើយ សុខជាងគេ …បើសមត្ថកិច្ចបង្ក្រាបជារឿងសមត្ថកិច្ច ខ្លួនរងចាំទទួលយកវត្ថុតាង។ ដោយឡែកត្រង់ឈ្មួញ..អ្នកឯងរត់ការត្រូវ ឬមិនត្រូវជាមួយសមត្ថកិច្ច ជំនាញស្ថាប័នផ្សេងជាទៀតរឿងរបស់អ្នកឯង សំខាន់កុំអោយតែ អ៊ុំ វណ្ណសុភក៍ ចាប់ទៅនោះប្រពៃពេកទៅហើយ។
លោក ទៀង សៅរ័ត្នន៍ ស្នងការរងទទួលបន្ទុកព្រំដែន គ្រប់គ្រងច្រកទ្វេភាគី បានប្រាប់អង្គភាព នគរវត្ត ថា៖ កន្លងទៅលោកបានហៅមេប៉ុស្តិឡាប៉ាខេ មកសួរនាំរឿងឈើឆ្លងដែននេះផងដែរ ប៉ុន្តែបច្ចុប្បន្នលោកមានធុរៈនាំក្រុមគ្រួសារដើរកម្សាន្តថ្ងៃឈប់សម្រាកមិនទាន់ទទួលដំណឹងរឿងឈើឆ្លងដែននៅឡើយទេ។
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ហាក់គ្មានទំនួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ខណៈបទល្មើសឈើបន្តកើតមាន និងអាចសន្និដ្ឋានបានថា បទល្មើសឈើអាចឆ្លងដែនបាន ក៏អាស្រ័យដោយលោក ស្វាយ សំអ៊ាង បើកភ្លើងខៀវដែរ មិនមែនដល់ថ្នាក់គាត់មិនដឹងរឿងបទល្មើសនេះទេ។ ម្យ៉ាងទៀតគាត់ជាមុខសញ្ញាទទួលខុសត្រូវចំពោះមុខ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រឿងអីដែលគាត់អោយបទល្មើសឈើបន្តកើត ឬមួយដោយសារលាភសក្ការៈជាធំ..?
ពាក់ព័ន្ធនិងការរិៈគន់ខាងលើ អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ក្រៅពីច្រកឡាប៉ាខេ អនុញ្ញាតអោយបទល្មើសឈើដឹកជញ្ជូនឆ្លងដែនទៅវៀតណាម គឺមានច្រករបៀងជាច្រើនទៀតក្នុងស្រុកកែវសីមា មានឈ្មួញជួលប្រជាជនដឹកតាមម៉ូតូក្នុង១ថ្ងៃមិនតិចជាង២០០គ្រឿងឆ្លងទៅវៀតណាម ក្នុងរូបភាពឈើប្រជាជនដឹកគ្រាន់ដោះស្រាយជីវភាពគ្រួសាររកអង្ករច្រកឆ្នាំង តែធាតុពិតសកម្មភាពដឹកតាមម៉ូតូនេះ គឺមានមេក្លោងអ្នកប្រមូលទិញ ដឹកជួលប្រជាជនដឹកឆ្លងដែនទៅវៀតណាម គិតជាធម្យមអាច១ថ្ងៃជិត ៣ឡានយីឌុប បើប្រៀបធៀបនិងម៉ូតូជិត៣០០គ្រឿងឆ្លងដែនក្នុង១ថ្ងៃ៕
ដោយ៖ សុខ ខេមរា