អគារមួយស្ថិតនៅតំបន់ប្រជុំជន ទីក្រុងសៀងហៃ ប្រទេសចិន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែបាក់រលំពេលកំពុងជួសជុល បណ្តាលឲ្យជាប់គាំងមនុស្សយ៉ាងតិច៩នាក់ និង១១នាក់ ត្រូវក្រុមសង្គ្រោះជួយគាស់កកាយយកចេញពីគំនរថ្មបាក់បែកទាន់ពេលវេលា។
អគារនេះកំពុងត្រូវបានជួសជុលធ្វើជាអគារដាក់បង្ហាញរថយន្ត ប៉ុន្តែវាបានបាក់រលំតែម្តង ។ ក្រុមជួយសង្គ្រោះក្នុងទីក្រុងសៀងហៃ១៥០នាក់ និងរថយន្តសង្គ្រោះបន្ទាន់២៤គ្រឿងបានទៅដល់កន្លែងកើតហេតុ សង្គ្រោះជនរងគ្រោះ ។ មនុស្សប្រហែល២០នាក់ជាប់គាំងនៅទីនោះ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃដដែលនេះ ជនរងគ្រោះ១១នាក់ ក្រុមជួយសង្គ្រោះបានគាស់កកាយទាញចេញពីគំនរបាក់បែក ។
ស្ថានភាពរបស់ពួកគេបែបណានោះ មិនទាន់មានការបញ្ជាក់នៅឡើយទេ ។ អគារនេះ ស្ថិតនៅក្នុងសង្កាត់ Changning ស្ថិតនៅទីតាំងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន។
ប្រទេសចិន ក្នុងមួយរយៈពេលចុងក្រោយនេះ តែងតែកើតមាននូវគ្រោះថ្នាក់ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មផ្សេងៗ ។ គេបានបន្ទោសទៅប្រព័ន្ធសុវត្ថិភាពការងារ មិនត្រូវបានធានា ឬយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាតនោះឡើយ ។
កាលពីខែមីនា ឆ្នាំ២០១៩ មនុស្សយ៉ាងតិច៧៨នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រគីមី ភាគខាងកើតទីក្រុង Yancheng ។ គ្រោះថ្នាក់មួយនោះ គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសចិន ។ កត្តាចម្បងបង្កឲ្យកើតមានគ្រោះថ្នាក់ គឺការរំលោភបំពានច្បាប់ស្តីអំពីសុវត្ថិភាពការងារ ។
នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ មនុស្ស២២នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះមួយ ស្ថិតនៅខាងក្រៅ រោងចក្រគីមីមួយកន្លែង ភាគខាងជើងទីក្រុង Zhangjiakou ដែលបាននិងកំពុងរៀបចំ សម្រាប់ការប្រកួតក្នុងកីឡា អូឡាំពិក រដូវរងាឆ្នាំ២០២២ ។
អគ្គិភ័យដ៏ធំសម្បើមមួយបានកើតឡើងនៅទីក្រុងសៀងហៃ កាលពីឆ្នាំ២០១០ បំផ្លាញអាគារផ្ទះល្វែងកម្ពស់២៨ជាន់ ដែលកំពុងជួសជុល សម្លាប់មនុស្សយ៉ាងតិច៥៨នាក់ ។ អាជ្ញាធរចិនបានស្តីបន្ទោសអណ្តាតភ្លើងឆេះចេញពីចង្កៀងរបស់អាជីវករ ៕