ដូចអ្វីដែលក្រុមអ្នកវិភាគធ្លាប់បានលើកឡើង សកម្មភាពវាយប្រហារទៅលើ នាវាដឹកប្រេង និងទីតាំងបូបប្រេង ពីរកន្លែង នៅ សាឌីអារ៉ាប៊ី គឺជាការរៀបចំរបស់ អាមេរិក អ៊ីស្រាអែល និង អារ៉ាប៊ី សាអូឌីត ដើម្បីទម្លាក់កំហុសទៅលើ ប្រទេសអ៊ីរ៉ង់់ ដើម្បីបង្កើនការដាក់ទណ្ឌកម្មទៅលើកម្លាំងទាហានអ៊ីរ៉ង់់ ។
នៅពេលនេះ រដ្ឋលេខាធិការក្រសួងការពារជាតិ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid Bin Salman កាលពីថ្ងៃទី១៦ ខែឧសភា បានចោទប្រកាន់អ៊ីរ៉ង់ ថា បានចេញបញ្ជាឲ្យក្រុមឧទ្ទាម Houthi នៅយេមែន វាយប្រហារទៅលើទីតាំងបូបប្រេង របស់ប្រទេស អារ៉ាប៊ីសាអូឌីត ។
ព្រះអង្គម្ចាស់ Khalid Bin Salman បានបញ្ជាក់ថា អ៊ីរ៉ង់់កំពុងតែប្រើប្រាស់ ក្រុមទាហាន Houthi ដូចជាឧបករណ៍ ដើម្បីសម្រេចគោលដៅ ពង្រីកអំណាច នៅតំបន់មជ្ឈិមបូព៌ា ។
កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេស Saudi Arabia Abdel Al Jubier ក៏បានចោទប្រកាន់ទៅលើប្រទេសអ៊ីរ៉ង់់ដូចគ្នា ដោយចាត់ទុកថា ក្រុម Houthi គឺជាផ្នែកមួយ មិនអាចខ្វះបានរបស់កម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់់ ។
កន្លងមក ក្រុមឧទ្ទាម ហូធី បានទទួលស្គាល់ថា ជាសកម្មភាពវាយប្រហារ របស់ខ្លួនទៅលើទីតាំងបូបប្រេង ពីរកន្លែងនៅ អារ៉ាប៊ីសាអូឌីត ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ផលិតនៅក្នុងប្រទេសយេមែន ។ ប៉ុន្តែក្រុមនេះ បានច្រានចោលការទទួលបញ្ជាពីរដ្ឋាភិបាលអ៊ីរ៉ង់់ ។
កាលពីថ្ងៃទី១៦ ខែឧសភា សម្ព័ន្ធ អារ៉ាប់ ដឹកនាំដោយ អារ៉ាប៊ី សាអូឌីត បានវាយប្រហារ ទៅលើទីតាំងនៅរដ្ឋធានី Sanaa និងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ហូធី ។
កន្លងមកថ្មីៗ អារ៉ាប៊ី សាអូឌីតបានប្រកាសថា យន្តហោះគ្មានមនុស្សបើក បានវាយប្រហារទៅលើទីតាំងបូបប្រេងពីរកន្លែងនៅក្នុងប្រទេសនេះ ។ ហេតុការណ៍វាយប្រហារខាងលើ កើតឡើងក្រោយរយៈពេល២ថ្ងៃប៉ុណ្ណោះ ដែលនាវាដឹកប្រេងប្រទេសនេះ ពីរគ្រឿង រងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប់រួម។
រដ្ឋមន្ត្រីក្រសួងថាមពលប្រេង អារ៉ាប៊ីសាអូឌីត បានប្រកាសថា ការវាយប្រហារ ទៅលើទីតាំងបូបប្រេង ទាំងពីរកន្លែង បង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ប៉ុន្តែត្រូវបានពន្លត់វិញភ្លាមៗ មិនបណ្តាលឲ្យខូចខាតជាទ្រង់ទ្រាយធំនោះឡើយ ។ សកម្មភាពខាងលើ ក៏មិនធ្វើឲ្យប៉ះពាល់ដល់ សកម្មភាពនាំប្រេងចេញរបស់ប្រទេសនេះដែរ ។
នៅពេលនេះដែរ តម្លៃប្រេង លើពិភពលោកបានកើនឡើង ខ្ពស់ជាងមុនបន្តិច ក្រោយការវាយប្រហារ ទៅលើនាវាដឹកប្រេង នៅចម្ងាយពីទីក្រុង Riyadh 320 គីឡូម៉ែត្រ ។ កាលពីថ្ងៃទី១៤ ខែឧសភាតម្លៃប្រេង កើនឡើង៧១ដុល្លារ ក្នុងមួយបារ៉ែល កើន ១,២ភាគរយ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋមន្ត្រីថាមពលប្រេង អារ៉ាប៊ីសាអូឌិតបានបញ្ជាក់ថា «ការវាយប្រហារនៅពេលនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា យើងកំពុងតែ ប្រឈម នឹងការវយប្រហារភេរវកម្ម ក្នុងនោះមានក្រុម ហូធី គាំទ្រដោយអ៊ីរ៉ង់់ ៕