ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីអ៊ីរ៉ាក់ តួកគី ឥណ្ឌា ពេលនេះប្រទេស អាមេរិកឡាទីន ក៏ងាកទៅទិញអាវុធពីរុស្ស៊ីដែរ

ចែករំលែក៖

អាមេរិកកំពុងតែបាត់បង់ទីផ្សារ សព្វាវុធ បន្តិចម្តងៗ ដោយប្រទេសដែលធ្លាប់ទិញអាវុធ ពីអាមេរិក បានងាកទៅទិញពីរុស្ស៊ីវិញ មិនខ្វល់ពីទណ្ឌកម្មរបស់អាមេរិកនោះឡើយ ។ អាមេរិកបានខិតខំរារាំងប្រទេសទាំងនោះកុំឲ្យទិញអាវុធពីរុស្ស៊ី ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ ​។

អាមេរិក ខំបំផ្លាញ រារាំងរុស្ស៊ី ​ប៉ុន្តែបែរជាជួយដល់រុស្ស៊ីដោយមិនដឹងខ្លួន ។ នៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី រុស្ស៊ីបានចូលរួមវាយប្រហារទៅលើក្រុមភេរវកម្ម ដោយរុស្ស៊ីបានប្រើប្រាស់ អាវុធ រាប់រយប្រភេទនៅស៊ីរី បានបង្ហាញឲ្យពិភពលោកបានដឹង នូវសមត្ថភាពយោធា​ និងសពាវុធទំនើបៗ ​។

ការសាកល្បងនៅក្នុងសមរភូមិពិត ធ្វើឲ្យអាវុធរបស់រុស្ស៊ី ក្លាយជាពេញនិយមនៅលើពិភពលោក ដោយប្រទេសជាច្រើន បានសម្រេចទិញអាវុធរបស់រុស្ស៊ី ក្នុងនោះមានទាំងសម្ពន្ធមិត្តអាមេរិកផងដែរ ។

កន្លងមក មានប្រទេសជាច្រើនងាកទៅទិញអាវុធ ពីរុស្ស៊ី វិញ ដូចជា តួកកី ឥណ្ឌា អ៊ីរ៉ាក់ ។ នៅពេលនេះ ប្រទេសតំបន់អាមេរិក ឡាទី​ន ដូចជា ប៉េរ៉ូ និងកូឡំប៊ី​​ ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញ​ អាវុធពីរុស្ស៊ី ក្នុងនោះមានយន្តហោះចម្បាំង​ MiG-29 ផលិតដោយប្រទេសរុស្ស៊ី ។

បច្ចុប្បន្ន​ ប្រទេសប៉េរូ និង កូឡំប៊ី​ កំពុងតែប្រើប្រាស់​យន្តហោះចម្បាំង​ ផលិតដោយអាមេរិក ឬបារាំង​នូវប្រភេទយន្តហោះ​ A-37B ឬ​ Mirage 2000 របស់បារាំង ។

កន្លងមក អាមេរិកបានខិតខំរារាំងសម្ពន្ធមិត្ត​ ទិញសព្វាវុធពី​រុស្ស៊ី ប៉ុន្តែមិនអាចរារាំងបានឡើយ​ដោយសារតែ​​អាវុធអាមេរិក មានតម្លៃថ្លៃជាងរុស្ស៊ី ហើយសមត្ថភាពអាវុធរុស្ស៊ី ខ្លាំងមិនចាញ់អាវុធអាមេរិកឡើយ​។

កន្លងមកថ្មីៗ អ៊ីរ៉ាក់ក៏បានសម្រេចទិញប្រព័ន្ធមីស៊ីលការពារ S-400 ពីរុស្ស៊ីផងដែរ​ ។ លោក Haidar Mansour Hadi បានបញ្ជាក់ថា ការសម្រេចខាងលើរបស់រដ្ឋាភិបាល អ៊ីរ៉ាក់ធ្វើឡើងក្រោយជំនួបពិភាក្សាលើកទី៨ រវាងគណៈកម្មការ អ៊ីរ៉ាក់ និងរុស្ស៊ី ស្តីពីទំនាក់ទំនង សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

កាលពីខែកុម្ភៈ កន្លងមក អ៊ីរ៉ាក់បាន ពិភាក្សាជាមួយរុស្ស៊ីម្តងរួចមកហើយ ស្តីពីគម្រោងទិញមីស៊ីល S-400 ប៉ុន្តែខ្លាចរងការដាក់ទណ្ឌកម្មពីអាមេរិក ។ ប៉ុន្តែនៅពេលនេះ មានប្រទេសចំនួន១៣ បានសម្រេចទិញមីស៊ីល s-400 ពីរុស្សី មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ។ សម្ពន្ធមិត្តសំខាន់បំផុត របស់អាមេរិក ដែលទិញមីស៊ីលការពារពីរុស្ស៊ី គឺតួកគី និងឥណ្ឌា ៕


ចែករំលែក៖