ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់បានដឹងជាមុនពីលទ្ធផល ទើបត្រៀមលក្ខណៈទប់ទល់ ជាមួយអាមេរិក ដោយបានទិញមីស៊ីលជាច្រើនពីចិន និងរុស្ស៊ី

ចែករំលែក៖

អ៊ីរ៉ង់បានត្រៀមខ្លួនទប់ទល់ជាមួយអាមេរិក តាំងពីពេលអ៊ីរ៉ង់ធ្វើបដិវត្តន៍ ទទួលបានជោគជ័យកាលពីឆ្នាំ១០៧៩ ។ តាំងពីពេលនោះមក អ៊ីរ៉ង់ បានខិតខំផលិត និងទិញអាវុធការពារ ពីបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានចិន និងរុស្ស៊ី ។

ក្រោយពេលប្រឈមមុខតានតឹង ជាមួយអាមេរិក អាចនឹងផ្ទុះសង្គ្រាម គ្រប់ពេលវេលា ពេលនេះអ៊ីរ៉ង់បានបង្ហាញអាវុធទើបៗជាច្រើន ឲ្យពិភពលោកបានដឹង ។ អ៊ីរ៉ង់ជាប្រទេសដែលមានអាវុធទំនើបៗ បំផុតនៅក្នុងតំបន់ មជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ កម្លាំងទាហានអ៊ីរ៉ង់ ក៏មានបទពិសោធ ក្នុងការធ្វើសង្គ្រាម ។ ក្រៅពីអាវុធផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ផ្ទាល់ នៅមានមីស៊ីលទិញពី រុស្ស៊ី និងចិន ។

មីស៊ីលដែលធ្វើឲ្យអាមេរិក បារម្ភបំផុតនោះគឺ មីស៊ីលប្រឆាំងនាវា ដ៏គ្រោះថ្នាក់បំផុត ធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ។ កម្លាំងជើងទឹកអ៊ីរ៉ង់ ដែលបំពាក់មីស៊ីលប្រឆាំងនាវាចម្បាំងដ៏ទំនើប ប្រភេទ C-802 ផលិតដោយប្រទេសចិន ត្រូវបានវាយតម្លៃថា ប្រឆាំងនាវា ដ៏គ្រោះថ្នាក់បំផុត ។ ប្រភេទមីស៊ីលខាងលើត្រូវបានអង្គការណាតូ ឲ្យរហ័ស្សនាមថា ជាមីស៊ីល CSS-N-8 Saccade ។

តាំងពីដើមមក កម្លាំងទាហានអ៊ីរ៉ង់ត្រូវបានចាត់ទុក ថា មានកម្លាំងខ្លាំងបំផុតនៅតំបន់មជ្ឈិមបូព៌ា ។ អ៊ីរ៉ង់មានអាវុធទំនើបៗ និងប្រកបដោយគ្រោះថ្នាក់ជាច្រើន ក្នុងនោះ មានទាំងមីស៊ីលប្រឆាំងនាវាចម្បាំង C-802 ។

កាំជ្រួចមីស៊ីល C-802 មានល្បឿនលឿនជាងសំឡេង ហើយមានទម្ងន់៧១៥គីឡូក្រាម ដោយបានបំពាក់ប្រព័ន្ធនាំផ្លូវ រ៉ាដា ។ មីស៊ីលខាងលើបំពាក់ក្បាលគ្រាប់មានកម្លាំងផ្ទុះ១៦៥គីឡូក្រាម ។

ការបង្ហាញមីស៊ីលដ៏ទំនើបខាងលើ កើតឡើងក្រោយពេលដែលអ៊ីរ៉ង់ និងអាមេរិក ប្រឈមមុខតានតឹងនៅតំបន់មជ្ឈិមបូព៌ា អាច ផ្ទុះសង្គ្រាមគ្រប់ពេលវេលា ។ កន្លងមកថ្មីៗ អ៊ីរ៉ងក៏បានបញ្ជូនប្រព័ន្ធមីស៊ីលការពារទំនើបៗ ទៅកាន់ឆ្នេរសមុទ្រ ត្រៀមទប់ទល់អាមេរិកផងដែរ ។

ពាក់ព័ន្ធនឹងស្ថានភាព ប្រឈមមុខតានតឹងដាក់គ្នា មេដឹកនាំអ៊ីរ៉ង់ បានប្រកាសថា បើទោះបីគ្រាប់បែកធ្លាក់ចំខ្លួន ក៏មិនចុះញមអាមេរិកនោះដែរ ។

ដោយបង្កើនសង្គ្រាមពាក្យសម្តីរវាងអ៊ីរ៉ង់ នឹងសហរដ្ឋអាមេរិកនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន់ រ៉ូហានី (Hassan Rouhani )បាននិយាយកាលពីថ្ងៃទី២៣ ខែឧសភាថា អ៊ីរ៉ង់នឹងមិនចុះញមការគាបសង្កត់របស់សហរដ្ឋអាមេរិកទេ ហើយនឹងមិនលះបង់គោលដៅរបស់ខ្លួននោះទេ ទោះបីជាខ្លួនត្រូវបានទម្លាក់គ្រាប់បែកលើក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានFars បានរាយការណ៍ថា កាលពីពេលមុននេះ មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់បាននិយាយថា ការប្រឈមមុខគ្នារវាង រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ នឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គឺជា ការប៉ះទង្គិចឆន្ទៈ ដោយព្រមានថា “ការផ្សងព្រេង” របស់សត្រូវណាមួយ នឹងជួបការឆ្លើយតបដ៏ខ្លាំងក្លា ។

ភាពតានតឹងកំពុងកើតឡើង រវាងប្រទេសទាំង២នេះ គឺបន្ទាប់ពីរដ្ឋាភិបាលវ៉ាស៊ីនតោន បានបញ្ជូនកងទ័ពន្ថែមទៀត ទៅតំបន់មជ្ឈិមបូព៌ាក្នុងការបង្ហាញកម្លាំងប្រឆាំងនឹងអ្វីដែលក្រុមមន្ត្រីអាមេរិកនិយាយថា ជាការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះកងទ័ព និងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ ។

បន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ របស់អ៊ីរ៉ង់ ជាមួយក្រុមមហាអំណាចពិភពមកនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដាក់ទណ្ឌកម្មរបស់អាមេរិកឡើងវិញ លើអ៊ីរ៉ង់កាលពីឆ្នាំមុន និងបានរឹតបន្តឹងការដាក់ទណ្ឌកម្មនៅខែនេះ ដោយបញ្ជាឲ្យប្រទេសទាំងអស់បញ្ឈប់ ការនាំចូលប្រេងរបស់អ៊ីរ៉ង់ បើមិនដូច្នេះទេ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីអាមេរិកលើពួកគេ ។

លោក ហាស្សាន់ រ៉ូហានី ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា “ជាងមួយឆ្នាំ បន្ទាប់ពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរទាំងនេះ ប្រជាជនរបស់យើងមិនបានឱនក្បាលទេ ទោះបីប្រឈមនឹងការលំបាកនៅក្នុងជីវិតរបស់ពួកគេក៏ដោយ ” ។

ដោយនិយាយនៅក្នុងពិធីរំលឹកសង្គ្រាមរវាងអ៊ីរ៉ង់-អ៊ីរ៉ាក់ឆ្នាំ១៩៨០-១៩៨៨ លោក ហាស្សាន់ រ៉ូហានី បានបន្ថែមថា “យើងត្រូវការការតស៊ូ ដូច្នេះសត្រូវរបស់យើងដឹងថា ប្រសិនបើពួកគេទម្លាក់គ្រាប់បែកលើទឹកដីរបស់យើង ហើយប្រសិនបើកូនៗរបស់យើងត្រូវបានសម្លាប់ រងរបួសឬត្រូវបានចាប់ខ្លួនជាអ្នកទោសនោះ យើងនឹងមិនបោះបង់គោលដៅរបស់យើងដើម្បីឯករាជ្យភាពនៃប្រទេសរបស់យើង និងមោទនភាពរបស់យើងនោះទេ” ។

លោក មូហាម៉ាត់ បាហ្គេរី (Mohammad Baqeri)នាយសេនាធិការនៃកងទ័ពអ៊ីរ៉ង់ ក៏បាននិយាយរំលឹកដល់ជ័យជម្នះរបស់អ៊ីរ៉ង់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់ផងដែរ និងបាននិយាយថា លទ្ធផលនេះ អាចជាសារមួយថា អ៊ីរ៉ង់នឹងឆ្លើយតបដ៏ខ្លាំងក្លាចំពោះការផ្សងព្រេង «របស់សត្រូវណាក៏ដោយ » ។

កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គមTwitter ថា «បើសិនអ៊ីរ៉ង់ចង់ប្រយុទ្ធ នោះជាការបញ្ចប់អ៊ីរ៉ង់ ជាផ្លូវការ ។ មិនអាចមានការគំរាមកំហែងចំពោះសហរដ្ឋអាមេរិកម្តងទៀតនោះទេ» ៕


ចែករំលែក៖