ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការគណបក្សខណ្ឌដង្កោបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌអាណតិ្តទី៣

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោបានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណតិ្តទី៣ របស់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដែលពិធីនេះក៏ទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ ព្រមទាំងសមាជិក-សមាជិកាបក្សសង្កាត់ទាំង១២ សរុប៣៥០នាក់ផងដែរ។

លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោបានលើកឡើងឲ្យដឹងថា ថ្ងៃនេះជាទិវាប្រកបដោយនក្ខត្តឬក្សដ៏ឧត្តម ដែលគណៈកម្មាធិការគណបក្សខណ្ឌដង្កោរួមជាមួយសមាជិកអង្គពិធីទាំងមូលនៅទីនេះមានមោទនភាព និងទទួលស្វាគមន៍ដោយក្តីរំភើបរីករាយក្រៃលែង និងធ្វើបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក កែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌ ដង្កោ ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ។ លោក នុត ពុធដារ៉ា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោក៏បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទេសន៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ពោលគឺបានឲ្យទឹកដីទាំងមូលមានសន្តិភាព ការបង្រួបបង្រួមជាតិ សន្តិសុខ ស្ថិរភាព ដែលជាគន្លឹះនៃការអភិវឌ្ឍ។

ជាមួយគ្នានេះផងដែរ លោក កែប ជុតិមា ប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ក៏បានផ្តាំផ្ញើដល់អង្គបោះឆ្នោត៦៤នាក់ត្រូវមានការប្រយ័ត្នប្រយ៉ែងត្រូវមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណតិ្តទី៣ ឆ្នាំ២០១៩ ដែលមានរយៈពេល ចំនួន៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់នៅថ្ងៃទី២៤ឧសភានេះ។ លោក កែប ជុតិមា ក៏បានក្រើនរំលឹកជាថ្មីម្តងទៀតដល់អង្គបោះឆ្នោត៦៤នាក់ នៅថ្ងៃទី២៥ឧសភា ជាថ្ងៃស្ងប់ស្ងាត់ ដេកសំរាកឲ្យបានស្រួល និងកុំទៅណាមកណាឲ្យសោះ សំរាកយកកម្លាំងដើម្បីទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ខានស្អែកនេះ។

លោក កែប ជុតិមា ក៏បានរំលឹកម្តងហើយម្តងទៀតថា សម្រាប់ការបោះឆ្នោតជូនក្រុមប្រឹក្សាខណ្ឌដង្កោមានលេខរៀងទី២ ដែលមានសន្លឹកឆ្នោតព៌ណលឿង និងលេខរៀងទី៤ សម្រាប់ក្រុមប្រឹក្សារាជធានី ដែលមានសន្លឹកឆ្នោតពណ៌ស៕ តាឡឹម


ចែករំលែក៖