គណៈបក្សប្រជាជនឥណ្ឌា (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ទទួលបានជ័យជំនៈជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោតនាពេលកន្លងមក ។ ជាមួយជ័យជំនៈនោះ លោក Modi នឹងបន្តដឹកនាំប្រទេស ដែលមានប្រជាជនច្រើនលំដាប់ទីពីរលើពិភពលោក ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាន់តែប្រសើរឡើង ។
តាមតួលេខដែលគណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌាបានប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា បង្ហាញឲ្យឃើញថា គណបក្ស BJP របស់នាយករដ្ឋមន្ត្រី ម៉ូឌី ទទួលបានកៅអី ៣០០ ក្នុងចំណោម៥៤២ កៅអីក្នុងសភា ឈ្នះដាច់លើសចំនួនកៅអីកំណត់តែ ២៧២ ប៉ុណ្ណោះ ។ នេះជាជ័យជំនៈជាប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំកន្លងមក ។
ជាមួយនឹងជ័យជំនៈនោះ មេដឹកនាំប៉ាគីស្ថាន ដែលជាប្រទេសកំពុងតែមានវិវាទ ជាមួយឥណ្ឌា ក៏បាន ជូនពរនៅជ័យជំនៈជាប្រវត្តិសាស្ត្រនេះ ។
នៅពេលនេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងអរគុណ ចំពោះសមភាគីប៉ាគីស្ថាន លោក Imran Khan ដែលអបអរសាទរជ័យជំនះរបស់លោក ក្រោយការបោះឆ្នោតសកល ទើបតែបានបញ្ចប់នោះ ។
លោក ម៉ូឌី បានថ្លែងកាលពីថ្ងៃទី២៣ ខែឧសភា តាមបណ្តាញសង្គម ធ្វីធើ ថា “សូមអរគុណលោកនាយករដ្ឋមន្ត្រី Imran Khan ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបំណងប្រាថ្នាដ៏ល្អរបស់អ្នក ។ ខ្ញុំតែងតែផ្តល់អាទិភាពដល់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់របស់យើង” ។
សូមបញ្ជាក់ នៅមុននោះ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានថ្លែងសារអបអរសាទរ ចំពោះរូបលោក ម៉ូឌី ដែលទទួលបានជ័យជម្នះការបោះឆ្នោតសកលនៅឥណ្ឌា ។
លោកបានបញ្ជាក់ថា “ខ្ញុំសូមអបអរសាទរលោកនាយករដ្ឋមន្ត្រី ម៉ូឌី ដែលទទួលជ័យជម្នះ ក្នុងការបោះឆ្នោត ។ អបអរសាទរចំពោះគណបក្ស BJP (Bharatiya Janata Party) និងសម្ព័ន្ធមិត្ត ។ ខ្ញុំសង្ឃឹមថា នឹងធ្វើការជាមួយគាត់ ដើម្បីសន្តិភាពភាពជឿនលឿន និងវិបុលភាព នៅតំបន់អាស៊ីខាងត្បូងមួយនេះ” ។
ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានស្ថិតនៅក្នុងស្ថានភាព ប្រឈមមុខតានតឹងដាក់គ្នារយៈពេលជាច្រើនឆ្នាំមកហើយ ។ ស្ថានការណ៍បានពុះកញ្ជ្រោលខ្លាំងឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ។ លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ អំពីជ័យជំនះគណបក្ស BJP របស់គាត់ ដែលឈ្នះនៅក្នុងការបោះឆ្នោតសកលលើកទី១៧ នៅឥណ្ឌា ៕