ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ស៊ីណា បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូសង់ ឆ្លងថ្នល់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែង ឯអ្នកបើកបររថយន្តបង្ក ចុះរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុក ពួក បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត នឹងម៉ូតូ នៅលើផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះឈ្មោះសំ ប៊ុនលី ភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
រថយន្តបង្ក ម៉ាកTOYOTSIENNA ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-5587 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ( រត់គេចខ្លួន ) បើកបរពីកើតទៅលិច បានបុក ម៉ូតូម៉ាកហុងដា ឌ្រីម ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AF-6829 បើកបរដោយឈ្មោះ រឿតដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករនៅ ភូមិគោកត្នោតសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ករណីនេះ បណ្តាលឲ្យមនុស្ស១នាក់ ឈ្មោះ រឿត ដា ស្លាប់ និងខូចខាតម៉ូតូយ៉ាងដំណំ ចំណែករថយន្ត១គ្រឿងខូចខាតតិចតួច ។ លោកបញ្ជាក់ថា មូលហេតុ អ្នកបើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រថយន្តបើកបរក្នុងល្បឿនលឿន ។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និង ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រួចប្រមូលវត្ថុតាងមករក្សាទុកនៅអិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី