ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងតែ លេងជាមួយភ្លើង នៅសមុទ្រកោះតៃវ៉ាន់

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់ចិនបានព្រមានថា អាមេរិកកំពុងតែលេងជាមួយភ្លើង ពេលគាំទ្រកោះតៃវ៉ាន់ ដោយបានបញ្ជូននាវាជាបន្តបន្ទាប់ទៅកាន់ទីនោះ​ ។ សកម្មភាពខាងលើ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងយោធាប្រទេសទាំងពីរ ។

អ្នកនាំពាក្យក្រសួងការពាជាតិចិន លោក​ Wu Qian ​កាលពីថ្ងៃទី ៣០ ខែឧសភា បានបញ្ជាក់ថា សកម្មភាពរបស់អាមេរិក នៅតំបន់សមុទ្រតៃវ៉ាន់គឺជារឿង ដ៏គ្រោះថ្នាក់ ប៉ះពាល់ដល់ទំនាក់ទំនងយោធាប្រទេសទាំងពីរ ។ លោក​បន្តទៀតថា សកម្មភាពរបស់អាមេរិក នៅកោះតៃវ៉ាន់ គឺជាក្តីស្រម័យ គ្មានការពិត ហើយសកម្មភាពទាំងនោះជាការប្រឡែងលេងជាមួយភ្លើង ។

មន្ត្រីជាន់ខ្ពស់ចិន បានថ្លែងទាំងខឹងសម្បា នៅមុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិមួយ នៅទីក្រុងហ្សានហ្គីឡា (Shangrila) ប្រទេសសិង្ហបុរី ។ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe និងរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan នឹងជួបគ្នានៅទីនោះ ។

ប្រទេសទាំងពីរ ចិន និងអាមេរិក កំពុងតានតឹងដាក់គ្នា នៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាយុទ្ធសាស្ត្រសំខាន់ៗដទៃទៀត តួយ៉ាងដូចជា បញ្ហាជម្លោះនៅដែនសមុទ្រចិនខាងត្បូង រហូតឈានដល់បញ្ហាកោះតៃវ៉ាន់ ។ រដ្ឋាភិបាលចិនបាននិយាយរួចហើយថា ចិននឹងប្រើកម្លាំង ដើម្បីគ្រប់គ្រងដែនដីដ៏ពិសិដ្ឋតៃវ៉ាន់ ប្រសិនបើសិនចាំបាច់។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិដែលកើតឡើងជាប្រចាំនៅទីក្រុង Shangrila ប្រទេសសិង្ហបុរីនោះ នឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែឧសភានេះ ។ លោករដ្ឋមន្ត្រីការពារជាតិចិន និងលោករដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក Patrick Shanahan ដែលទទួលតួនាទីនេះ កាលពីខែមករា ឆ្នាំ២០១៩ នឹងត្រូវរំពឹងថា នឹងជួបគ្នា នៅឯកិច្ចប្រជុំនោះ ។ លោក ហ្សានាហាន (Shanahan) ធ្លាប់បានបញ្ជាក់ហើយថា គោលបំណងយោធារបស់អាមេរិក គឺផ្តោតសំខាន់ទៅលើ «ចិន, ចិន, ចិន» ។

រដ្ឋាភិបាលចិន បានថ្កោលទោសកាលពីពេលថ្មីៗនេះ ទាក់ទងនឹងនាវាល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិក នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជំនួប រវាងប្រធានសន្តិសុខជាតិតៃវ៉ាន់ និងទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Bolton។

លោក Wu Qian អ្នកនាំពាក្យ នៃក្រសួងការពារជាតិចិន បានថ្លែងក្នុងការសង្ខេបព័ត៌មានប្រចាំខែថា ទំនាក់ទំនងយោធា រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន គឺល្អប្រសើរជាទូទៅ ។

ទោះជាយ៉ាងនេះក្ដី លោកបានថ្លែងរិះគន់ នៅពេលសួរទាក់ទងនឹងបញ្ហាអាមេរិកគាំទ្រតៃវ៉ាន់នោះ ។ លោក Wu បានថ្លែងទៀតថា «កាលពីពេលថ្មីៗនេះ ភាគីអាមេរិកបានបន្តលេងសន្លឹកបៀតៃវ៉ាន់,ព្យាយាមដោយឥតប្រយោជន៍ប្រើប្រាស់តៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន។ នេះជាល្បែងបញ្ឆោតតែប៉ុណ្ណោះ»។

អ្នកនាំពាក្យរូបនេះ បានបន្តថា សកម្មភាពទាំងអស់របស់អាមេរិក ហាក់បីដូចជាអាមេរិកកំពុងលេងជាមួយភ្លើងយ៉ាងដូច្នោះដែរ។ ដោយឡែកបញ្ហាប៉ះពាល់យ៉ាងធ្ងន់ ចំពោះទំនាក់ទំនងយោធា រវាងចិន និងអាមេរិក ក៏កំពុងតែគំរាមកំហែងដល់ស្ថិរភាព និងសន្តិភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទាំងមូលផងដែរ៕


ចែករំលែក៖