ភ្នំពេញ៖ ២នាក់ប្ដីប្រពន្ធផ្ទៃពោះជិតគ្រប់ខែ និងកូនប្រុសស្រីពីរនាក់ បានជិះឡានក្រុងមួយគ្រឿង ត្រឡប់មកស៊ីឈ្នួលធ្វើការឲ្យគេនៅប្រទេសថៃ និងបន្តដំណើរទៅស្រុកកំណើតវិញ ដើម្បីសម្រាលកូននៅខែក្រោយនេះ តែមកដល់ភ្នំពេញម៉ោងជាង៨យប់ហើយ មិនហ៊ានរកផ្ទះសំណាក់ដេកទេ ខ្លាចចំណាយអស់ច្រើន ស្ដាយលុយ ព្រោះលុយទុកសម្រាលកូនផង បាននាំគ្នាមកដេកលើនៅក្រោមសំយ៉ាបមុខផ្ទះលក់សម្ភារផ្ទះបាយមកពីអឺរ៉ុប ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមួយ នៅជិតថៃប៊ុនរ៉ុង តាមផ្លូវមុនីរ៉េត ហើយដេកយាមប្រពន្ធកូនរហូត លុះម៉ោងជិត៥ទៀបភ្លឺ ក៏ដេកលង់លក់មួយភ្លែត ស្រាប់តែចោរចង្រៃ ចូលលួចកាបូបលុយដែលខំសន្សំទុកកើតកូន យកទៅបាត់អស់រលីង ទើបស្ទុះភ្ញាក់ឡើង តែបានចាស់ៗដែលរត់ហាត់ប្រាណប្រាប់ថា មានជនសង្ស័យ២នាក់ ជិះកង់មួយគ្រឿង ឌុបគ្នា ចូលទៅលួចហើយជិះទៅបាត់តែម្ដង ទើបបុរសជាប្ដីរត់រកគេឯងឲ្យជួយរកចោរ ដែលជិះកង់ឌុបគ្នានោះផង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង០៥ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅមុខផ្ទះលក់សម្ភារៈផ្ទះបាយមកពីអឺរ៉ុប ជាប់ក្រុមហ៊ុនដឹកអ្នកដំណើរ ថេត ស៊ុនអ៊ូ នៅតាមផ្លូវមុនីរ៉េត កែងផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឌួង រ៉ា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅប្រទេសថៃ រស់នៅក្រុងតាខ្មៅ ត្រូវជាប្តី មានប្រពន្ធឈ្មោះ សេង ហ៊ាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅប្រទេសថៃ មានស្រុកកំណើតភូមិព្រៃដាច់ ឃុំព្រៃដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានផ្ទៃពោះជិតគ្រប់ខែ និងមានកូនប្រុសស្រី២នាក់ ។ លុយដែលចោរលួចយកទៅបាត់ ចំនួន៣លាន៨០មុឺនរៀល និងលុយថៃអស់ចំនួន៥២០០បាត ដែលសន្សំទុកសម្រាលកូន ។
បើតាមសម្ដីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បានជិះឡានក្រុងមួយគ្រឿង ត្រឡប់មកស៊ីឈ្នួលធ្វើការឲ្យគេនៅប្រទេសថៃ និងបន្តដំណើរទៅស្រុកកំណើតរបស់នាងវិញ នៅឯអ្នកលឿង ដើម្បីត្រៀមសម្រាលកូននៅខែក្រោយនេះ ។ តែមកដល់ភ្នំពេញម៉ោងជាង៨យប់ទៅហើយ បាននាំគ្នាទាញកៅអីដែកមកផ្គុំគ្នាហើយរៀបចំដេកនៅកន្លែងកើតហេតុខាងលើ មិនហ៊ានរកផ្ទះសំណាក់ដេកទេ ខ្លាចចំណាយអស់ច្រើន ស្ដាយលុយ ព្រោះលុយទុកសម្រាលកូនផង បាននាំគ្នាមកដេកលើនៅក្រោមសំយ៉ាបមុខផ្ទះលក់សម្ភារៈផ្ទះបាយមកពីអឺរ៉ុប ខណៈពេលនោះក៏មានអ្នករត់ម៉ូតូឌុប និងកង់បីបានប្រាប់ថា បងទៅដេកផ្ទះសំណាក់ទៅសុវត្ថិភាពជាង ព្រោះនៅម្ដុំនេះ សំបូរជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិណាស់ តែជនរងគ្រោះត្រូវជាប្តីបានឆ្លើយថា ខ្ញុំអត់មានលុយទេ ហើយអ្នករត់ម៉ូតូឌុប និងកង់បី ក៏តបមកថា មិនអីទេចឹង បងប្រយ័ត្នប្រយែងផង រួចក៏នាំគ្នាចេញទៅបាត់អស់ទៅ ។
ប្រភពដដែលបានបន្តទៀតថាប្រពន្ធជនរងគ្រោះបានឲ្យប្តីគាត់ទៅរកដេកផ្ទះសំណាក់ដែរតែប្តីរបស់គាត់មិនព្រមទៅក៏បានឈ្លោះប្រកែកគ្នាហើយក៏នាំគ្នាដេកបែរខ្នងដាក់គ្នាទៅមិនមាត់រកគ្នា ។ លុះដល់ម៉ោងកើតហេតុខាងលើក៏ភ្ញាក់ផ្អើលឆោឡោទើបដឹងថាបាត់ការបូបលុយដែលឲ្យកូនរបស់គាត់កោយលើ (ប្រាប់គេថាអត់លុយ ទាល់តែគេលួចលុយបាត់ ទើបដឹងថាមានលុយ) ចំនួនលុយដែលបាត់រួមមានបីលានប៉ែតសិបមុឺនរៀល និងលុយថៃប្រាំពាន់ពីររយ បាទ(៣៨០០០០០ ៛) និង (៥២០០ បាទ) ដែលជាលុយសន្សំទុកសម្រាប់សម្រាល់កូន នៅថ្ងៃខាងមុខពីព្រោះជិតគ្រប់ខែហើយត្រូវបាត់អស់ ។
បើតាមសម្តីបុរសម្នាក់ដែលគាត់ហាត់ប្រាណនៅក្បែរកន្លែងកើតហេតុបានប្រាប់ថារូបគាត់បានឃើញជនសង្ស័យ២នាក់ជិៈកង់ឌុបគ្នាមកដល់កន្លែងកើតហេតុក៏ឈប់ហើយឃើញជនសង្ស័យម្នាក់ដើរចូលទៅជិតជនរងគ្រោះក៏លូកយកការបូបលុយបានហើយក៏រត់ទៅជិៈកង់គេចខ្លួន បាត់ ។ រូបគាត់មិនហ៊ានប្រាប់ជនរងគ្រោះភ្លាមៗទេដោយខ្លាចជនសង្ស័យធ្វើបាប គាត់ទាល់តែជនរងគ្រោះភ្ញាក់ឡើងទើបគាត់ប្រាប់ តែវាហួសពេលទៅហើយមិនដឹងថា ជនសង្ស័យទៅដល់ណានោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំបុរសជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលទំនប់ទឹក ៕ជ្រោយពេជ្រ