ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីចំណាស់ជាអ្នកថ្មើរជើងម្នាក់ ខណៈដើរឆ្លងផ្លូវ ត្រូវរថយន្ដបើកដោយល្បឿនលឿ បុកបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងបើកបោះពួយយ៉ាងលឿន បានបុកស្រ្ដីចំណាស់ជាអ្នកថ្មើរជើងម្នាក់ពេញមួយទំហឹង ខណៈដែលស្រ្ដីរងគ្រោះដើរឆ្លងផ្លូវ បណ្ដាលឲ្យឃ្ទាត់បោកជាមួយផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្ដបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាំងបានឲ្យដឹងថា ស្រ្ដីរងគ្រោះជាអ្នកថ្មើរជើងឈ្មោះ ឡេង សាវ៉ន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែករថយន្ដមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង ។

ប្រភពដដែលបន្ដថា នៅវេលាម៉ោង១៧និង១៥នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ សាក្សីបានឃើញស្រ្ដីរងគ្រោះជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវជាតិលេខ២១ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ) ក្នុងល្បឿនលឿនដូចហោះ បានបុកស្រ្ដីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្រ្ដីរងគ្រោះដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើត រីឯរថយន្តបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ស្រុកស្អាង បានចុះមកធ្វើការពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារស្រាវជ្រាវ ស្វែងរកអ្នកបើកបររថយន្ដ និងរថយន្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖