ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើង២ក្រុម ដេញវាយគ្នាតាមផ្លូវបង្កភាពអសន្តិសុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនក្មេងទំនើង ឈាមរាវ២ក្រុម មានគ្នាជិត៣០នាក់ បើកឆាកប្រយុទ្ធ ដេញវាយគ្នា ផ្អើលពេញតែមុខក្លឹបម៉ារិន បណ្តាលឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់បានជិត១០នាក់ យកទៅប៉ុស្តិ៍ទួលសង្កែ២ដើម្បីសួរនាំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង០៥នាទី រំលងអធា្រត្រ ឈានចូល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវឧញ្ញាម៉ុង រិទ្ធី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងទំនើងចំនួន២ក្រុម ម្ខាងមានគ្នាជាង១៥នាក់ និងម្ខាងទៀត ក៏មានគ្នាជាង១៥នាក់ ដូចគ្នាទំនងជាពួកក្មេងទំនើងទាំងនោះឈ្លោះ ប្រកែកគ្នាក្នុងក្លឹប ទើបបានជាចេញមកវិញបើកឆាកប្រយុទ្ធមានខ្សែក្រវាត់ និងដុំថ្មពួតវាយគ្នាទៅមក និងគប់គ្នាផ្អើលពេញតែផ្លូវ ពេលភ្លាមៗនោះដែរ សន្តិសុខក្លឹបនាំគ្នាជួយហាមឃាត់ កុំឲ្យប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក ស្រាបតែត្រូវក្មេងទំនើងគប់ត្រូវចំក្បាល បណ្តាលឲ្យបែករងរបួសធ្ងន់ម្នាក់ បង្កភ្ញាក់ផ្អើលផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ រួម នឹងប៉ុស្តិ៍បឹងកក់១ ចុះមកជួយអន្តរាគមន៍ឃាត់បានក្មេងទំនើងរហូតទៅដល់ជាង១០នាក់ យកទៅសួរនាំនៅប៉ុស្តិ៍ទួលសង្កែទី២ ចំណែកឯសន្តិសុខក្លឹបម៉ារិនវិញ ត្រូវបានរថយន្តសង្គ្រោះរបស់ខាងគ្លីនិកឯកជនពន្លឺដឹក យកទៅព្យាបាលបាត់ទៅរីឯបក្ខពួកផ្សេងៗទៀត រត់គេចខ្លួនអស់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះ យកទៅប៉ុស្តិ៍ទួលសង្កែទី២ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ធឿនព្រែកជ័យ


ចែករំលែក៖