ក្រុមបាតុករបានសម្ដែងនូវការព្រួយបារម្ភ និងភ័យខ្លាចថា គោលនយោបាយ ឬច្បាប់កំណែទម្រង់ថ្មី អាចនាំឱ្យមានការបញ្ឈប់ពួកគេពីការងារសាជាថ្មី។ ក្រុមគ្រូបង្រៀន វេជ្ជបណ្ឌិត និងគ្រូពេទ្យរាប់ពាន់នាក់ នៅក្នុងប្រទេសហុងឌូរ៉ាស (Hunduras) កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បាននាំគ្នាធ្វើបាតុកម្ម តាមដងផ្លូវសាជាថ្មី ថ្វីបើការលុប ចោលបទបញ្ជារបស់ប្រធានាធិបតីយ៉ាងណាក៏ដោយ។
ក្រុមពលករសាធារណៈ កំពុងនាំគ្នាដើរដង្ហែក្បួន អស់រយៈពេលច្រើនសប្តាហ៍កន្លងមកហើយ ដោយចោទប្រកាន់លោកប្រធានាធិបតី Juan Orlando Hernandez ថា កំពុងព្យាយាមធ្វើឯកជនភាវូបនីយកម្ម ទៅលើប្រព័ន្ធសុខាភិបាល និងវិស័យអប់រំ។
លោក Hernandez បានថ្លែង កាលពីថ្ងៃទី៣ ខែមិថុនា ថា ច្បាប់ ឬបទបញ្ជានេះ ត្រូវបានដកហូតរួចហើយ «ដើម្បីសន្តិភាព នៅក្នុងប្រទេសហុងឌូរ៉ាស» ។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី បានអំពាវនាវដល់ក្រុមបាតុករទាំងនោះ សូមវិលត្រឡប់ទៅធ្វើការវិញ និងអង្គុយចរចាគ្នាជាមួយនឹងរដ្ឋាភិបាល ” ដើម្បីកសាងគំរូថ្មីមួយ និងធ្វើឲ្យប្រសើរឡើង ចំពោះវិស័យសុខាភិបាលសាធារណៈ និងការអប់រំ សម្រាប់ប្រជាជនហុងឌូរ៉ាសទាំងមូល” ។
មេដឹកនាំក្រុមបាតុកម្ម លោកស្រី Suyapa Figueroa នាយកមហាវិទ្យាល័យវេជ្ជសាស្រ្ត បានថ្លែងថា ក្រុមបាតុករ មិនទុកចិត្តនឹងរដ្ឋាភិបាលនោះឡើយ។ លោកស្រី បានថ្លែងថា វេទិកាការពារសុខភាព និងការអប់រំ គឺមិនត្រូវបានគេអញ្ជើញឲ្យក្រុមរបស់គាត់ ចូលរួមប្រជុំជាមួយលោក Hernandez នោះឡើយ។
លោក Carlos Izaguirre មេដឹកនាំក្រុមបាតុករគ្រូបង្រៀន បានលើកឡើងថា គ្រូបង្រៀនខ្លះ បានលួចជួបជាមួយលោក Hernandez ផ្ទុយពីគោលដៅពិតប្រាកដរបស់ក្រុមបាតុករ។ នៅក្នុងរដ្ឋធានី សាលារៀនជាច្រើនខ្នង ត្រូវបិទទ្វារ ហើយអ្នកជំងឺរាប់រយនាក់ ដែលទៅស្វែងរកការព្យាបាល នៅក្នុងមន្ទីរពេទ្យ Escuela Universitario ជាមន្ទីរពេទ្យសាធារណៈដ៏សំខាន់របស់ប្រទេសហុងឌូរ៉ាស នោះ មិនមានគ្រូពេទ្យ នៅប្រចាំការ សម្រាប់ការមើលថែព្យាបាលជូនអ្នកជំងឺឡើយ ។
លោក Ebal Diaz មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងថា «ក្រុមគ្រូពេទ្យ និងក្រុមគ្រូបង្រៀន មានបំណងចង់ដុតកម្ទេចប្រទេសនេះ ប៉ុន្តែវិធីបែបនេះ មិនមែនជាវិធីដ៏ល្អប្រសើរនោះទេ» ។
ប៉ូលិសកំពុងស៊ើបអង្កេត លើករណីដុតរថយន្តដឹកចេករបស់ក្រុមហ៊ុនផ្លែឈើអាមេរិក «Dole» ។ រថយន្ដដឹកទំនិញទាំងនោះ ត្រូវបានគេលួចដុត កាលពីចុងសប្ដាហ៍មុន នៅតាមផ្លូវហាយវ៉េ ចម្ងាយប្រហែល៤០០គីឡូម៉ែត្រ នាភាគខាងជើងរដ្ឋធានី នៃប្រទេសហុងឌូរាស។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមបាតុករ ដែលនាំគ្នាតវ៉ា បានដុតកង់រថយន្ដ នៅតាមច្រកផ្លូវចូលស្ថានទូតអាមេរិក ប្រចាំនៅទីក្រុង Tegucigalpa ប្រទេសហុងដូរ៉ាស ផងដែរ ៕