កាលពីថ្ងៃទី៤ខែមិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានបញ្ជាក់ថា ការបាញ់ប្រហារ នៅទីក្រុង ដាវីន ភាគខាងជើង អូស្ត្រាលី មិនមែនជាការវាយប្រហារភេរកវម្មនោះឡើយ។ នាយករដ្ឋមន្ត្រីក៏បានចូលរួមរលែកទុកដល់គ្រួសារជនរងគ្រោះផងដែរ។
ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង៥និង៥០នាទី ថ្ងៃទី៤ខែមិថុនា មានការបាញ់ប្រហារ នៅទីក្រុង Darwin ប្រទេសអូស្ត្រាលី បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និង ២នាក់រងរបួស ។
លោក Reece Kershaw ស្នងការប៉ូលិសអូស្ត្រាលីក្នុងសន្និសីទថ្លែងថា ការបាញ់ប្រហារនេះកើតឡើងនៅរដ្ឋធានី Darwin ។ វាកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ។ សាក្សីអះអាងថា បានឮស្នូរសំឡេងគ្រាប់កាំភ្លើងផ្ទុះប្រហែល២០គ្រាប់ ។ នៅកន្លែងកើតហេតុ ស្នាមកញ្ចក់ទ្វារបែកបាក់ធ្លុះធ្លាយធ្លាក់រាយប៉ាយ។
ស្នងការប៉ូលិសអះអាថា «យើងមិនទាន់ជឿជាក់បានថា វាជាទង្វើភេរវកម្មនោះឡើយ ។ ខ្មាន់កាំភ្លើង ប្រហែលមានតែម្នាក់ឯងប៉ុណ្ណោះ ដែលធ្វើសកម្មភាពនេះ»។ សាក្សីរៀបរាប់ថា ខ្មាន់កាំភ្លើងម្នាក់ដើរចូលកាន់អគារមួយហើយបាញ់សំដៅទៅលើទ្វារកញ្ចក់នៃអគារ ហើយស្រែករកឈ្មោះ Alex ។ គេបានដើររកនៅគ្រប់បន្ទប់ក្នុងអគារនោះ ហើយឲ្យតែប្រទះមនុស្សគឺបាញ់យក៍ៗតែម្តង មិនរើសមុខឡើយ ។ បន្ទាប់មក ខ្មាន់កាំភ្លើងនោះបានរត់ចេញ ហើយហក់ឡើងរថយន្តតូយូតា ផិកអាប់ មួយគ្រឿងហើយបើកគេចខ្លួន ។
ប៉ូលិសចេញប្រតិបត្តិការស្វែងរកបុរសខ្មាន់កាំភ្លើងរូបនេះ ដែលមានអាយុប្រហែល៤៥ឆ្នាំ ហើយមិនយូរប៉ុន្មានត្រូវបានចាប់ខ្លួន ។ ខ្មាន់កាំភ្លើងជាមនុស្សជនជាតិស្បែកស និងពាក់អាវយឺត ។ មូលហេតុបាញ់ប្រហារនេះ មិនត្រូវបានបញ្ជាក់ប្រាប់នោះទេ ។
ប៉ូលិសអះអាងថា ខ្មាន់កាំភ្លើងរូបនេះ ទើបតែបានដោះលែងពីពន្ធនាគារកាលពីខែមករា ឆ្នាំ២០១៩ប៉ុណ្ណោះ ។ មិនមានជនបរទេសណាម្នាក់ដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះទេ ៕