ខេត្តព្រះសីហនុ៖ លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី ៤ ខែមិថុនា ២០១៩ សម្រេចចោទប្រកាន់ ឃាតកឈ្មោះ មាង វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ដែលរំលោភសេពសន្ថវៈក្មេងស្រី អាយុ១០ឆ្នាំ រួចបានសម្លាប់ចោល ទាំងប្អូនប្រុសអាយុជាង២ឆ្នាំម្នាក់ទៀត នៅភូមិគគីឃុំបិតត្រាង ស្រុកព្រៃនប់ ចំនួន២បទល្មើស ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។
បើតាមលោក លឹម ប៊ុនហេងអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ប្រាប់បណ្តាញផ្សព្វផ្សាយថា តុលាការបាន ចោទប្រកាន់ជនសង្ស័យរូបនេះ ពីបទ ឃាតកម្មដោយមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២០២ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅនិងរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ហើយបច្ចុប្បន្នជនត្រូវចោទរូបនេះត្រូវបានបញ្ជូនទៅចៅក្រម ស៊ើបសួរដើម្បីឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន តាមនិតិវិធីមុននឹងជម្រះក្តីដើម្បីផ្តន្ទាទោស ៕ ឆ្លាម សមុទ្រ