ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេព្រៃស្រុកបន្ទាយអម្ពិលត្រូវប៉ាន់ចំពោះឈ្មួញនាំធ្យូងទៅថៃ

ចែករំលែក៖

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្ដរមានជ័យ កំពុងបណ្ដោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល ប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។ ដូច្នេះហើយទើបឈ្មួញជាច្រើននាក់អាចដឹកជញ្ជូនធ្យូងឆ្លងកាត់ស្រុកបន្ទាយអំពិល ចូលទៅតំបន់ព្រំដែនក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនាំចេញទៅប្រទេសថៃ តាមច្រកបឹងត្រកួន និងច្រកតំបន់៥ ស្រុកថ្មពួក យ៉ាងរលូន។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ និងមេរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ទេនោះគឺមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកបន្ទាយអំពិល មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកបន្ទាយអំពិល ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនធ្យូងឆ្លងកាត់មុខស្នាក់ការរបស់ខ្លួនចូលទៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយឈ្មួញខ្លះដឹកជញ្ជូនធ្យូងតាមច្រករបៀងតាម៉ាង គ្រប់គ្រងដោយលោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៨០៧ ឃុំគោករមៀត ស្រុកថ្មពួក។ ប្រភពបានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃមានគោយន្តកន្ត្រៃ, គោយន្តកែច្នៃ រថយន្តកែច្នៃ និងរថយន្តកូរ៉េជាច្រើនគ្រឿងដឹកជញ្ជូនធ្យូងចេញពីស្រុកបន្ទាយអំពិល ឆ្លងកាត់ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយអំពិល យ៉ាងរលូន។ ឈ្មួញដឹកជញ្ជូនធ្យូងសុទ្ធតែចូលបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើតាមស្នាក់ការសង្កាត់ និងស្នាក់ការផ្នែកនីមួយៗតាមការកំណត់ទើបអាចដឹកជញ្ជូនធ្យូងទៅដល់គោលដៅយ៉ាងរលូន។

បញ្ហាដែលធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់នោះ គឺនៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរបែរជាលោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ឆ្លើយថាលោកមិនបានដឹងឮនោះទេ ព្រោះមិនដែលមានមន្ត្រីណាម្នាក់រាយការណ៍ជូនលោក។ ប៉ុន្តែមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ មួយចំនួនបានលើកឡើងថា ចម្លើយរបស់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ គឺកំពុងបិទបាំងការពិតគួរឲ្យអស់សំណើចបំផុត។ ដោយហេតុថាប្រសិនបើគ្មានការបើកដៃពីសំណាក់លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ មេរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ទេនោះគឺមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្នុងស្រុកបន្ទាយអំពិល មិនហ៊ានធ្វើអ្វីៗយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះទេ ៕

 


ចែករំលែក៖