ខេត្តកំពង់ស្ពឺ៖ ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ កណ្ដោលដុំ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះ គាបយកលុយពីពួកគេតាមរបៀបពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ក្រុមអ្នកបើកបររថយន្តដឹកថ្ម និងដឹកខ្សាច់ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ បានឲ្យដឹងថា មុខរបររបស់ពួកគាត់សព្វថ្ងៃស្ទើរតែគ្មាននៅសល់កម្រៃសម្រាប់ដោះស្រាយទិញអង្ករច្រកឆ្នាំង ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្ខពួកគាបយកលុយពីពួកគាត់តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា សម្រាប់រថយន្តភ្លៅ៥ដែលដឹកជញ្ជូនលើសទម្ងន់បន្តិចបន្តួចត្រូវបានក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ តម្រូវឲ្យបង់លុយពី៤ម៉ឺនរៀលរហូតដល់២០ម៉ឺនរៀលក៏មានដែរ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតីរបស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ និងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តទៀត។ ជាពិសេសលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងរឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តនោះទេ។
បើតាមសេចក្ដីរាយការណ៍ពីក្រុមឈ្មួញដឹកជញ្ជូនទំនិញពីកំពង់ផែក្នុងខេត្តព្រះសីហនុ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ ផ្លូវជាតិលេខ៤ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ មិនអាចតវ៉ាបានឡើយ។ ដូច្នេះហើយទើបពួកគេផ្ទុកទំនិញលើសទម្ងន់ពី១០តោនទៅ២០តោនក្នុងមួយរថយន្តដើម្បីសល់ប្រាក់សម្រាប់បង់ឲ្យក្រុមមន្ត្រីពុករលួយប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ។ ប្រភពពីបានឲ្យដឹងទៀតថា ក្រុមហ៊ុនមួយចំនួនដែលប្រើប្រាស់រថយន្តធុនធំដឹកទំនិញលើសទម្ងន់តែងតែមានអ្នករត់ការសម្របសម្រួលជាមួយក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ ជាមុនដើម្បីកុំឲ្យខាតពេលវេលា។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ ខ្លះផងព្រោះអីលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល៕ ហេង សូរិយា