ព័ត៌មានទាន់ហេតុការណ៍៖

អំពើពុលរលួយ ពលរដ្ឋហៃទី រាប់សិបពាន់នាក់ ធ្វើបាតុកម្មទាមទារប្រធានាធិបតីចុះចេញពីតំណែង

ចែករំលែក៖

ហៃទី ជាប្រទេសក្រីក្រ ហើយតែងតែជួបនូវគ្រោះធម្មជាតិជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះ ការដឹកនាំពុករលួយ បានធ្វើឲ្យពលរដ្ឋកាន់តែជួបផលលំបាកយ៉ាងខ្លាំង ។

កាលពីថ្ងៃទី៩ ខែមិថុនា ពលរដ្ឋហៃទីរាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួននៅ រដ្ឋធានី Port Au Prince ទាមទារប្រធានាធិបតី Jovenel Moise ចុះចេញពីតំណែង ពាក់ព័ន្ធអំពើពុករលួយ ។

ការដង្ហែក្បួន បាតុកម្ម រៀបចំឡើងដោយក្រុមប្រឆាំង ហើយអ្នកចូលរួមបាតុកម្មភាគច្រើនជាក្រុមយុវវ័យ ។ កម្លាំងសន្តិសុខ បានការពារនៅក្នុងទីតាំង សំខាន់ៗរបស់រដ្ឋាភិបាល ។ កម្លាំងប៉ូលិស ក៏បានប៉ះទង្គិចជាមួយក្រុមបាតុកម្មនៅជិតវិមានប្រធានាធិបតីផងដែរ ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ ឬរងរបួសនោះឡើយ ។

កាលពីសប្តាហ៍កន្លងមក តុលាការ បានប្រកាសឲ្យដឹងថា ប្រធានាធិបតី Moise មានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ក្នុងនោះ មានប្រាក់ជំនួយដែលវេណេហ្ស៊ុយអេឡា ផ្តល់ឲ្យហៃទី ដើម្បីជួសជុលផ្លូវគោក ។

លោក Moise មុនពេលឡើងកាន់តំណែងប្រធានាធិបតី ហៃទី កាលពីឆ្នាំ២០១៧ គឺជាប្រធានក្រុមហ៊ុន Agritrans ។ ក្រុមហ៊ុននេះ ទទួលបានប្រាក់៧សែនដុល្លារ ដើម្បីជួសជុលផ្លូវ ។ នៅពេលនេះ ក្រុមបាតុករបានស្នើរឲ្យតុលាការស្រាវជ្រាវលើករណីប្រាក់ជំនួយ១,៦ពាន់លានដុល្លារ ដែលវេណេហ្ស៊ុយអេឡាផ្តល់ឲ្យ ហើយរដ្ឋាភិបាលយកទៅធ្វើអ្វីខ្លះ ៕


ចែករំលែក៖