ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាបញ្ជូនពលករ ជាង៣ម៉ឺននាក់ទៅធ្វើការក្រៅប្រទេស

ចែករំលែក៖

ដោយសារតែការងារនៅក្នុងស្រុក មានតិច មិនអាចបំពេញតាមតម្រូវការ របស់ពលរដ្ឋ បានឡើយ ។ ទាំងនោះហើយបានជារដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចបញ្ជូនពលករទៅក្រៅប្រទេសជាច្រើនក្នុងមួយខែៗ ដោយនៅក្នុងខែឧសភាកន្លងមក មានពលករដល់ទៅជាង៣ម៉ឺននាក់បានបញ្ជូនទៅក្រៅប្រទេស ។

កាលពីថ្ងៃទី១២ ខែមិថុនា មីយ៉ាន់ម៉ា បានប្រកាសថា ខ្លួនបានបញ្ជូនពលករទៅបម្រើការនៅក្រៅប្រទេស ប្រហែល ៣០,៣២៦ នាក់ កាលពីខែឧសភា ឆ្នាំ២០១៩ ។ ពលករទាំងនោះ ចេញទៅបម្រើការនៅក្រៅប្រទេសពេញលក្ខណៈច្បាប់ ។

ក្រសួង ពលកម្ម, ចំណាកស្រុក និងប្រជាជន របស់មីយ៉ាន់ម៉ា បញ្ជាក់ថា ពលករទាំងនោះ រួមមាន ២០,៩៧៧ នាក់ ទៅកាន់ប្រទេសថៃ, ៨ ២៣៧ នាក់បញ្ជូនទៅកាន់ម៉ាឡេស៊ី, ៦៥៨ នាក់ ទៅកាន់ជប៉ុន, ៣៧៧នាក់ ទៅកាន់កូរ៉េខាងត្បូង និង៣៧នាក់ទៅបម្រើការនៅប្រទេសសិង្ហបុរី ។

បន្ថែមពីលើនេះ ការងារក្នុងស្រុក មានប្រហែល២៤,០១៩ ត្រូវបានផ្តល់ជូននៅក្នុងតំបន់មួយចំនួន អំឡុងខែឧសភា ឆ្នាំ២០១៩ ដូចជានៅទីក្រុង Yangon, Bago, Mandalay, Sagaing, Ayeyawaddy និងនៅតំបន់Tanintharyi ផងដែរ។

ដោយឡែកនៅក្នុងខេត្ត Kachin, Kayah, Kayin, Chin, Mon, Shan និង Rakhine នៅទីតាំងទាំងនេះ ការផ្តល់ជូនការងារធ្វើសម្រាប់ប្រជាជន មានប្រហែល១ ៦៨៥នាក់ ។

មីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួនកំពុងបង្កើតឲ្យមានឱកាសការងារកាន់តែប្រសើរ តាមរយៈការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្ម តាមអនឡាញថ្មីៗមួយ ដែលប្រៀបប្រដូចទៅនឹងស្ពានសម្រាប់ចម្លងរវាង និយោកជិក និងនិយោជក ។

កាលពីខែឧសភា ឆ្នាំ២០១៩ មីយ៉ាន់ម៉ាបានបង្កើតក្របខ័ណ្ឌថ្នាក់ជាតិរយៈពេល៥ឆ្នាំមួយ ដើម្បីគ្រប់គ្រងពលករចំណាកស្រុកអន្តរជាតិ ដោយសហការជាមួយអង្គការជនភៀសខ្លួនអន្តរជាតិ IOM ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានដាក់ចេញគោលនយោបាយស្តីអំពីពលករចំណាកស្រុកដែលទៅបម្រើការនៅក្រៅប្រទេសផងដែរ ដើម្បីឲ្យលក្ខណៈច្បាប់ តាមរយៈភ្នាក់ងាររបស់ខ្លួនដែលបានដាក់ពង្រាយនៅបរទេសចំនួន២៧៧ ទីកន្លែង ។

តាមក្រសួងពលកម្ម, ចំណាកស្រុក និងប្រជាជនមីយ៉ាន់ម៉ាបញ្ជាក់ថា ពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងធ្វើការនៅក្រៅប្រទេសសព្វថ្ងៃនេះ កើនដល់៥លាននាក់ហើយ ក្នុងនោះប្រហែល៣លាននាក់ ជាពលករវ័យក្មេង កំពុងបម្រើការនៅក្នុងប្រទេសថៃ ៕


ចែករំលែក៖