ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៦នាក់ ដោយផ្ទុះនាវាដឹកប្រេង នៅក្នុងប្រទេសរុស្ស៊ី

ចែករំលែក៖

នាវាដឹកប្រេងមួយគ្រឿងរបស់រុស្ស៊ី បានផ្ទុះ ដោយមិនដឹងពីមូលហេតុ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ស្ថិតនៅក្នុង កំពង់ផែ Makhachkala ស្ថិតនៅក្នុងតំបន់ Kavkaz របស់រុស្ស៊ី ។ ក្រៅពីអ្នកស្លាប់នៅមាន៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ។

ហេតុការណ៍ផ្ទុះខាងលើ កើតឡើងនៅថ្ងៃទី១១ ខែមិថុនា អ្នកស្លាប់ និងរងរបួស គឺជានាវឹកនៅលើនាវាដឹកប្រេងខាងលើ ។

សារព័ត៌មាន Sputnikបានផ្សាយថា មិនមានការលេចប្រេងចូលក្នុងដែនសមុទ្រនោះឡើយ ។ ចំណែក៣នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ គឺមានរបួសរលាក់រាងកាយ ដល់ទៅ៩៥ភាគរយ អាចប៉ះពាល់ដល់អាយុជីវិត ។

ក្រុមអ្នកជំនាញរុស្ស៊ីបានបើកការស្រាវជ្រាវ ទៅលើករណីផ្ទុះខាងលើ ។ នៅពេលនេះ នៅមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យផ្ទុះនៅឡើយ ។ ក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានភាពដោយជោគជ័យ មិនបង្កឲ្យមានភ្លើងឆេះខ្លាំងនោះឡើយ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត តម្លៃប្រេងបានកើនឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រទេសជាសមាជិកអង្គការប្រទេសនាំចេញប្រេង (OPEC) និងរុស្ស៊ីបន្តរក្សាការសន្យាកាត់បន្ថយទិន្នផលប្រេង និងមកពីសហរដ្ឋអាមេរិកសម្រេចថា មិនដាក់ពន្ធលើផលិតផលម៉ិកស៊ិក ។

តម្លៃប្រេងរបស់ Brent បានកើនឡើង ០.៥% មកស្មើ ៦៣.៦១ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃច័ន្ទ ខណៈដែលតម្លៃប្រេងរបស់ West Texas Intermediate (WTI) បានកើនឡើង ០.៦% មកស្មើ ៥៤.៣២%ផងដែរ ។ ពាណិជ្ជករបានឲ្យដឹងទៀតថា តម្លៃប្រេងឆៅបានកើនឡើងព្រោះតែអារ៉ាប៊ីសាអូឌីតអះអាងកាលពីថ្ងៃសុក្រថា OPEC ខិតជិតការសម្រេចថានឹងបន្តការកាត់បន្ថយទិន្នផលប្រេង ។

គួរបញ្ជាក់ផងដែរថា OPEC និងប្រទេសដែលមិនមែនជាសមាជិកមួយចំនួនទៀតដូចជារុស្ស៊ី ឬហៅថា OPEC+ បានកាត់បន្ថយទិន្នផលប្រេងតាំងពីដើមឆ្នាំនេះដើម្បីជួយជំរុញដល់តម្លៃ ។

ជាមួយគ្នានេះ លោក Stephen Innes ដែលមកពី Vanguard Markets បាននិយាយថា ការលូតលាស់ទីផ្សារភាគហ៊ុន ក៏បានជួយដល់តម្លៃប្រេងដែរ បន្ទាប់ពីសហរដ្ឋអាមេរិកនិងម៉ិកស៊ិកបានសម្រេចកិច្ចព្រមព្រៀងមួយស្តីពីសកម្មភាពទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីអាមេរិកកណ្តាលកាលពីចុងសប្តាហ៍មុន និងបង្កឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមថា នឹងដាក់ពន្ធលើផលិតផលម៉ិកស៊ិក៕


ចែករំលែក៖