មន្ត្រីមានបទពិសោធន៍ នៅក្នុងថ្នាក់ដឹកនាំអាមេរិក បានលាលែងចេញពីតំណែងជាបន្តបន្ទាប់ ដោយចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងមកទល់ពេលនេះ មានមន្ត្រីជាង២០រូប បានលាលែងចេញពីតំណែង ឬ ត្រូវលោកត្រាំ ដកហូតតំណែង ។
នៅពេលនេះ អគ្គលេខាធិការទទួលបន្ទុកព័ត៌មានប្រចាំសេតវិមានរបស់លោកប្រធានាធិបតីអាមេរិក និងជាមន្ត្រីជិតស្និទ្ធលោក ដូណាល់ ត្រាំ គឺលោកស្រី Sarah Sanders នឹងចាកចេញពីតំណែង នៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ។
នៅលើបណ្តាញសង្គម Twitter លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកស្រី Sanders នឹងត្រឡប់ទៅស្រុកវិញរបស់គាត់វិញ នៅទីក្រុង Arkansas ។ នៅក្នុងសេចក្តីប្រកាស កាលពីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោក ត្រាំ បានសរសើរដល់ លោកស្រី Sanders ដែលបំពេញការងារបានយ៉ាងល្អប្រសើរបំផុត ។
លោកស្រី Sarah Sanders បានធ្វើការជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់តាំងពីថ្ងៃដំបូង នាអំឡុងពេលប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក នាឆ្នាំ២០១៦ ។ លោកស្រីបានប្រកាសថា លោកចង់ចំណាយពេលវេលា សម្រាប់កូនទាំង៣របស់លោកស្រី ។ លោកស្រីបានលើកឡើងថា «ខ្ញុំមានកូនជាទីស្រឡាញ់៣នាក់ហើយ ខ្ញុំចង់ផ្តល់ភាពកក់ក្តៅដល់កូនៗ» ។
សារព័ត៌មាន CNN បានផ្សាយថា ការប្រកាសលាលែងចេញពីតំណែង ក្រោយរយៈពេលជាង៣ខែ ខណៈលោកស្រី មិនបានបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែត នៅឯសេតវិមានរបស់ប្រធានាធិបតីអាមេរិក ។ រហូតមកដល់ពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់សម្រេចជ្រើសរើសអ្នកជំនួសលោកស្រីនៅឡើយ ៕