ព័ត៌មានទាន់ហេតុការណ៍៖

ជនបាញ់ប្រហារនៅញូវហ្សេឡេន រងការចោទប្រកាន់៩២បទល្មើសផ្សេងគ្នា

ចែករំលែក៖

ជនបាញ់ប្រហារនៅក្នុងព្រះវិហារ ប្រទេសញូវហ្សេឡេន កាលពីខែមីនា ឆ្នាំ២០១៩កន្លងមក រងការចោទប្រកាន់៩២បទល្មើសផ្សេងៗគ្នា ។ ប៉ុន្តែមកទល់ពេលនេះ ជនដៃដល់ មិនទាន់សារភាពទទួលស្គាល់ពីទោសកំហុងរបស់ខ្លួននៅឡើយ ។

ជនដៃដល់ឈ្មោះ ប្រែនតុន តារ៉ែន (Brenton Tarrant)ដែលបានបាញ់ប្រហារ នៅក្នុងព្រះវិហារ Christchurch ប្រទេសញូវហ្សេឡេន (News Zealand) ត្រូវបានបញ្ជូនកាន់តុលាការ នៅព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ប៉ុន្ដែជនដៃដល់មិនព្រមសារភាព ឬទទួលនូវទោសកំហុសរបស់ខ្លួន នៅក្នុងសវនាការនោះឡើយ ។

ជនដៃដល់ ជាពលរដ្ឋអូស្ត្រាលី មានអាយុ២៩ឆ្នាំ បានរងការចោទប្រកាន់ពីបទ «សម្លាប់មនុស្ស» ដោយការបាញ់ប្រហារទៅលើព្រះវិហារ ចំនួនពីរកន្លែង នៅក្នុងទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សចំនួន៥០នាក់ និងរាប់សិបនាក់រងរបួស ។

លោកចៅក្រម Cameron Mander បានបញ្ជាក់ថា សវនាការកាត់ក្តីបន្ដលើសំណុំរឿងនេះ នឹងធ្វើ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ។ លោកចៅក្រម បានបញ្ជាក់ទៀតថា តុលាការកំពុងតែខិតខំ ដើម្បីកាត់ក្តី ក្នុងរយៈពេល១ឆ្នាំ ក្រោយពេលកើតហេតុ ។ ប៉ុន្តែរឿងក្តីមួយនេះ មានការស្មុគស្មាញយ៉ាងខ្លាំង ហើយត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតទៅលើសំណុំរឿងនេះ ។

ជនជាប់ចោទ Brenton Tarrant ប្រឈមនឹងការចោទប្រកាន់ចំនួន៩២បទល្មើសផ្សេងគ្នា ក្នុងនោះមានការប៉ុនប៉ងសម្លាប់មនុស្ស និងភេរវកម្មផងដែរ ។ នៅពេលនេះ កម្លាំងសន្តិសុខរបស់ប្រទេសនេះ បានយាមការពារយ៉ាងតឹងរឹងបំផុតទៅលើជនជាប់ចោទរូបនេះ ដោយសារខ្លាចគេធ្វើអត្តឃាត មុនពេលសវនាការកាត់ដំណើរការ ។ នេះជារឿងក្តីដ៏សំខាន់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៥០នាក់ស្លាប់ ដោយស្នាដៃរបស់ Brenton Tarrant ៕


ចែករំលែក៖