ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹង ពិសេស គឺ ក្នុងតំបន់ប្រទេសនាំប្រេងលំដាប់ពិភពលោក ។ ការវាយប្រហារទៅលើនាវាដឹកប្រេង ពីរគ្រឿង បានរួមចំណែក ធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់ ។
តម្លៃប្រេងនៅលើពិភពលោក បានកើនឡើង ២,២ភាគរយ ក្រោយពេលនាវាដឹកប្រេងពីរគ្រឿង រងការបាញ់ប្រហារ នៅឈូងសមុទ្រពែក្ស (Persian Gulf) ។ ហេតុការណ៍ខាងលើ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីការផ្គត់ផ្គង់ប្រេង នៅលើពិភពលោក មានការធ្លាក់ចុះ ដោយហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក ។
ជាក់ស្តែងនៅពេលបិទទីផ្សារ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ តម្លៃប្រេង Brent និងប្រេងឆៅនៅអាមេរិក បានកើនឡើង ២,២៣ភាគរយ ។ កន្លងមក នាវាដឹកប្រេងពីរគ្រឿង ឈ្មោះ Front Altair បំពាក់ទង់ជាតិ Marshal និងមួយគ្រឿងទៀតឈ្មោះ Kokuka Courageous បំពាក់ទង់ជាតិ Panama បានរងការបាញ់ប្រហារ ប៉ុន្ដែនាវិកបានចាកចេញពីនាវាទាន់ពេលវេលា ។ ក្រៅពីនេះ ក៏នៅទីតាំងបូបប្រេងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ចំនួនពីរកន្លែង ស្ថិតក្នុងឈូងសមុទ្រ Hormuz ផងដែរ ។
បច្ចុប្បន្នស្ថានការណ៍ នៅតំបន់ឈូកសមុទ្រពែក្ស កាន់តែអាក្រក់ឡើង ក្រោយពេលនាវាដឹងប្រេងពីរគ្រឿង រងការវាយប្រហារ កាលពីពេលថ្មីកន្លងទៅនេះ ។ សហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយ នៃការវាយប្រហារលើនាវាដឹកប្រេងទាំងនោះ ។
ក្រោយពេលមានហេតុការណ៍បាញ់ប្រហារទៅលើនាវាដឹកប្រេងទាំង២គ្រឿងខាងលើនេះ អាមេរិកបានបញ្ជូនកងទ័ពយ៉ាងច្រើន និងនាវាពិឃាដបំពាក់ ដោយមីស៊ីល Tomahawk រហូតដល់២០០ដើម ទៅកាន់តំបន់សមុទ្រ ជិតព្រំដែន នៃប្រទេសអ៊ីរ៉ង់ ។ នេះហាក់បីដូចជាអាមេរិកកំពុងត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។ ដោយសារតែបញ្ហាប្រឈមមុខកាន់តែតានតឹងបែបនេះ ក្រុមអ្នកឯកទេសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីការផ្ទុះសង្គ្រាម រវាងអាមេរិក និងអ៊ីរ៉ង់ រហូតក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ នៅក្នុងតំបន់នោះ៕