ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាពាណិជ្ជកម្ម អាមេរិក-ចិន និងជម្លោះដែនសមុទ្រ គ្របដណ្តប់​កិច្ចប្រជុំកំពូលអាស៊ានលើកទី​៣៤

ចែករំលែក៖

កិច្ចប្រជុំកំពូលអាស៊ានលើកទី​៣៤ បានរៀបចំឡើង នៅក្នុងទីក្រុងបាងកក ប្រទេសថៃ រយៈពេល​២ថ្ងៃ ដោយបានបញ្ចប់ទៅនៅថ្ងៃទី​២៣ ខែមិថុនា ។ នៅក្នុងកិច្ចប្រជុំនោះ វិវាទពាណិជ្ជកម្ម អាមេរិក ចិន ក៏ដូចជាវិវាទសមុទ្រចិនខាងត្បូង គ្របដណ្តប់កិច្ចប្រជុំទាំងមូល ​។

មេដឹកនាំចូលរួមកិច្ចប្រជុំ បានអំពាវនាវឲ្យ មានការអត់ធ្មត់ក្នុងបញ្ហាជម្លោះដែនសមុទ្រ ហើយនិងជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ។ មេដឹកនាំអាស៊ាន បានព្រមានថា សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិននោះ អាចនឹងហួសពីសមត្ថភាពគ្រប់គ្រង បើសិនពុំមានការអត់ធ្មត់ ។

ជម្លោះដែនអធិបតេយ្យអូសបន្លាយពេលយូរ និងជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរក្នុងលោកគឺ ចិន និងអាមេរិកនោះ បានក្លាយជារបៀបវារៈសំខាន់ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៤ របស់ប្រទសសមាគមអាស៊ាន ។ វាជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដោយលើកនេះមានភាពច្របូកច្របល់ខ្លាំងក្នុងវិស័យការទូត, ពិធីការ ក៏ដូចវប្បធម៌ជាដើម ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ មេដកនាំសមាគមអាស៊ានបានអំពាវនាវជាថ្មីដល់ប្រទេសពាក់ព័ន្ធក្នុងជម្លោះដែនអធិបតេយ្យក្នុងតំបន់ទាំងអស់ឲ្យអត់ធ្មត់ បញ្ចៀសសកម្មភាពបង្កឲ្យមានបញ្ហាស្មុគស្មាញថែមទៀត ហើយបានរក្សាគោលការណ៍ដោះស្រាយជម្លោះសន្តិវិធី ស្របទៅតាមច្បាប់អន្តរជាតិ ។

ប្រទេសហ្វីលីពីន, វៀតណាម, ម៉ាឡេស៊ី និងប្រ៉ុយណេ ចិន ហើយនិងតៃវ៉ាន់ បានមានទំនាស់ជាមួយគ្នា នៅច្រកសមុទ្រប្រកបដោយុទ្ធសាស្ត្រ សមុទ្រចិនខាងត្បូង ។ សមាគមអាស៊ានបានពិភាក្សាជាមួយចិន ហើយសម្រេចកិច្ចព្រមព្រៀងជាមួយគ្នាដែលហៅថា “ក្រមសីលធម៌” ដើម្បីទប់ស្កាត់ការប៉ះទង្គិចប្រដាប់អាវុធ នៅតំបន់សមុទ្រ ដែលត្រូវបានគេចាត់ទុកថា ជាចំណុចក្តៅគគុកនៅអាស៊ី ៕


ចែករំលែក៖