ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឆេះ និងបែកធ្លាយបំពង់បង្ហូរឧស្ម័ន នៅនីហ្សេរីយ៉ា និងស៊ីរី

ចែករំលែក៖

បច្ចុប្បន្ន តម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់ ដោយសារតែភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា រវាងអាមេរិក និងអ៊ីរ៉ង់ ពិសេសក្រោយ ពេលនាវាដឹកប្រេងរងការបាញ់ប្រហារ ។ នៅពេលនេះដែរ ការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័ន​បានរួមចំណែក ធ្វើឲ្យតម្លៃប្រេងកាន់តែកើនឡើង ​។

កាលពីថ្ងៃទី២៣ ខែមិថុនា មានករណីផ្ទុះបំពង់បង្ហូរឧស្ម័ន ប្រេងនៅរដ្ឋ Rivers ភាគខាងត្បូង នីហ្សេរីយ៉ា បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់ ។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ករណីផ្ទះកើតឡើង ក្នុងពេលដែលក្រុមជំនាញបានជួសជុល បំពង់បង្ហូរប្រេងនៅតំបន់ Oyiqbo ជិតទីក្រុង Port Harcourt រដ្ឋ Rivers ។

ក្រោយពន្លត់អគ្គិភ័យ ប៉ូលិសបានរកឃើញសាកសព១០នាក់ និង២នាក់រងរបួស ក្រោយមក ក៏ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ។ បំពង់បង្ហូរប្រេងខាងលើ ជារបស់ក្រុមហ៊ុន Pipeline Produce Marketing ដែលជាក្រុមហ៊ុនប្រេងជាតិ នីហ្សេរីយ៉ា។

ប្រធានាធិបតី នីហ្សេរីយ៉ា លោក Muhammadu Buhari បានចេញបញ្ជារឲ្យបើកការស្រាវជ្រាវ ជាបន្ទាន់ ករណីខាងលើ។ ជាមួយគ្នានោះ លោកក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ ។

ដោយឡែកនៅក្នុងប្រទេសស៊ីរីវិញ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានឲ្យដឹង បំពង់បង្ហូរប្រេងចំនួន៥កន្លែង នៅតំបន់សមុទ្រ Banias រងការបំផ្លាញ បណ្តាលឲ្យលិចហៀរប្រេងចូលសមុទ្រ ហើយក្រុមអ្នកជំនាញបានខិតខំទប់ស្កាត់ ចំពោះការលិចហៀរប្រេងទាំងនេះ។

បើតាមការប្រកាសរបស់ក្រុមមន្ត្រីជំនាញ បានឲ្យដឹងថា ការបំផ្លាញខាងលើ ត្រូវបានក្រុមអ្នកមុជទឹក ត្រួតពិនិត្យបំពង់បង្ហូរប្រេង នៅបាត់សមុទ្រប្រទះឃើញ ។ ប៉ុន្ដែរហូតមកទល់ពេលនេះ គេមិនទាន់ដឹងពីចេតនា នៃការបំផ្លាញខាងលើនេះឡើយ ហើយក្រុមអ្នកជំនាញនឹងជួសជុលឲ្យបានលឿនបំផុត តាមអ្វីដែលអាចធ្វើបាន ។

រយៈពេលកន្លងមក ប្រទេសស៊ីរី បានធ្លាក់នៅក្នុងស្ថានភាពខ្វះថាមពល ដោយសារតែការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច និងអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រដ្ឋាភិបាលស៊ីរី ។

ពាក់ព័ន្ធនឹងស្ថានភាព នៅក្នុងប្រទេសស៊ីរីនោះដែរ ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (SOHR )កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសថា ការវាយប្រហាររបស់កម្លាំងទាហានស៊ីរី បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៥នាក់ស្លាប់ នៅក្នុងភូមិ Josef ខេត្ត Idlib ដែលជាតំបន់គ្រប់គ្រង ដោយក្រុមឧទ្ទាម។ ប៉ុន្ដែក្នុងរយៈពេល ៤ថ្ងៃកន្លងមក ពលរដ្ឋស្លូតត្រង់ស៊ីរីចំនួន៦០នាក់ បានស្លាប់ ដោយសារតែការវាយប្រហាររបស់ទាហានរដ្ឋាភិបាលស៊ីរី ៕


ចែករំលែក៖