ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ស្នើបណ្តាប្រទេស ចំណាយប្រាក់ដើម្បីអាមេរិក ការពារ ឈូងសមុទ្រ

ចែករំលែក៖

កាលពីថ្ងៃទី​២៤ ខែមិថុនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវដល់បណ្តា​ប្រទេស ចំណាយប្រាក់ដើម្បីឲ្យទាហានអាមេរិកការពារតំបន់ឈូងសមុទ្រ ពែក្ស ឬមួយបណ្តាប្រទេស ដែលមាននាវាដឹកទំនិញឆ្លងកាត់ទីនេះ ត្រូវបញ្ជូនទាហានរបស់ខ្លួនមកការពារនាវាដឹកប្រេងដោយផ្ទាល់ ។

លោក ត្រាំ បានបញ្ជាក់ថា ចិនជាប្រទេស មានប្រេងនាំចេញពីតំបន់ឈូងសមុទ្រនេះដល់ទៅ​៩១ភាគរយ ជប៉ុន ៦១ភាគរយ និងប្រទេសជាច្រើនទៀត ។ លោក ត្រាំ បានបញ្ជាក់ថា ​«ហេតុអ្វីយើងត្រូវការពារ ផលប្រយោជន៍របស់ប្រទេសទាំងនោះ ដោយមិនទទួលបានអ្វីទាំងអស់» ។

កន្លងមក ឥណ្ឌាបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកប្រេងរបស់ខ្លួន នៅឈូងសមុទ្រអូម៉ង់ ដោយខ្លាចរងការវាយប្រហារ ដូចនាវាដឹកប្រេងនាពេលកន្លងមក​ ។

ពាក់ព័ន្ធនឹងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅពេលនេះ តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ បានស្នើដល់មន្ទីបញ្ចកោណអាមេរិក និងប្រធានាធិបតី​ ដូណាល់ ត្រាំ បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បើសិន ប្រទេសនេះនៅតែបាញ់ទម្លាក់យន្តហោះរបស់អាមេរិកនោះ ។

សារព័ត៌មាន​ Wall Street Journal ​បានផ្សាយថា ការសម្រេចមិនវាយប្រហារអ៊ីរ៉ង់នាពេលកន្លងមក​ របស់លោក ត្រាំ ​ធ្វើឲ្យ មន្ត្រីជាច្រើនក្នុងគណបក្សសាធារណរដ្ឋ​មិនពេញចិត្តឡើយ ។ ដោយមហាអំណាចអាមេរិកទុកឲ្យអ៊ីរ៉ង់គំរាមកំហែងបាន​ ។

ប៉ុន្តែទាំងមន្ត្រីអាមេរិក និងប្រធានាធិបតីបានប្តេជ្ញាថា បើមានលើកទីពីរ អ៊ីរ៉ង់និងត្រូវវិនាសជាមិនខាន ។ អាមេរិកមិនទុកឲ្យអ៊ីរ៉ង់គំរាមតបវិញបែបនេះទៀតឡើយ​ ។ ជាមួយគ្នានោះអ៊ីរ៉ង់បានព្រមានថា បើយន្តហោះគ្មានមនុស្សបើក ឬយន្តយោធាអាមេរិក ចូលបំពានទឹកដីអ៊ីរ៉ង់ដោយគ្មានការអនុញ្ញាតិនោះ អ៊ីរ៉ង់និងបាញ់ទម្លាក់ជាបន្តទៀត​ ។

នៅពេលនេះអាមេរិកបានបង្កើន ចំនួនទាហាននិងនាវាចម្បាំងទៅកាន់មជ្ឈិបូព៌ា ទប់ស្កាត់អ៊ីរ៉ង់ ។ អាមេរិក បានសម្រេចបញ្ជូននាវាចម្បាំង និងកងទ័ពជើងទឹកវាយលុករបស់ខ្លួនបន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលស្ថានការណ៍កំពុងតែតានតឹងដាក់គ្នា រវាងអាមេរិក និងអ៊ីរ៉ង់ ក្រោយពេលបាញ់ទម្លាក់យន្ដហោះស៊ើបយកការណ៍គ្មានមនុស្សបើកបររបស់អាមេរិក (ដ្រូន) ។

ទីបញ្ជាការកងទ័ពអាមេរិក CENTCOM បានប្រកាសថា ក្រុមនាវាចម្បាំងវាយលុក Boxer និងកម្លាំងទាហានជើងទឹកវាយឡើងគោក បានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយនឹងកងពលលេខ៥ ប្រចាំការ នៅតំបន់មជ្ឈិមបូព៌ា ។

ក្រុមនាវាចម្បាំងដែលអាមេរិកបញ្ជូនទៅ រួមមាន នាវា USS Boxer នាវាដឹកជញ្ជូន USS John P Murtha នាវាវាយឡើងគោក USS Harpers Ferry ។ ក្រុមនាវាខាងលើ នឹងជំនួសនាវាវាយឡើងគោក Kearsarge ដែលធ្វើសកម្មភាព នៅតំបន់នោះ កាលពីខែមេសា ឆ្នាំ២០១៩កន្លងទៅ ។

បើតាមគេហទំព័ររបស់កម្លាំងកងទ័ពជើងទឹកអាមេរិក USNI news បានផ្សាយថា វត្តមានរបស់ក្រុមនាវាចម្បាំង Boxer នេះ នឹងធ្វើឲ្យចំនួនទាហានរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា កើនឡើង រហូតដល់ទៅ២៨ពាន់នាក់ គឺច្រើនជាតំបន់នានាទាំងអស់ ។ នៅតំបន់អាស៊ី មានទាហានអាមេរិក ត្រឹមតែ ២៤ពាន់នាក់ប៉ុណ្ណោះ ។

កន្លងមក អាមេរិកបានបញ្ជូននាវាចម្បាំង និងនាវាផ្ទុកយន្តហោះ USS Abraham Lincoln ហើយយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 រួមទាំងមីស៊ីល Patriot ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីគំរាមដល់ប្រទេសអ៊ីរ៉ង់ ។ កម្លាំងទាហានអាមេរិកទាំងអស់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា សុទ្ធតែបានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ គ្រប់ពេលវេលា ដោយគ្រាន់តែរង់ចាំនូវបញ្ជាពីលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក តែប៉ុណ្ណោះ ។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឲ្យដឹងថា អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Khamenei និងការិយាល័យ របស់លោក ។ ការសម្រេចខាងលើរបស់រដ្ឋាភិបាលអាមេរិកកើតឡើង ក្រោយពេលដែលអ៊ីរ៉ង់បាញ់ទមា្លក់យន្តហោះគ្មានមនុស្សបើក ស៊ើបការរបស់អាមេរិក ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីនេះ អាចនឹងបញ្ចប់នៅថ្ងៃស្អែក ឬ អូសបន្លាយជាច្រើនឆ្នាំអាស្រ័យទៅលើអ៊ីរ៉ង់តែប៉ុណ្ណោះ ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មទៅលើមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ Ali Khamenei ជាការឆ្លើយតបទៅលើទៅលើសកម្មភាពបាញ់ទម្លាក់ឌ្រូនអាមេរិក ។ លោក ត្រាំ បន្តទៀតថា អាមេរិកនៅតែបើកទ្វារស្វាគមន៍ រាល់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ ប៉ុន្តែអ៊ីរ៉ង់ មិនចូលរួម ។ លោក ត្រាំ បញ្ជាក់ថាអាមេរិកមិនចង់ឲ្យមានសង្គ្រាមកើតឡើងជាមយយអ៊ីរ៉ង់នោះឡើយ ។

ក្នុងថ្ងៃជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន បានសម្រេចបង្កកប្រាក់រាប់ពាន់លានដុល្លារ របស់អ៊ីរ៉ង់ នៅក្រៅប្រទេស ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងត្រូវអាមេរិកដាក់ទណ្ឌកម្ម នៅក្នុងសប្តាហ៍នេះផងដែរ៕


ចែករំលែក៖