រញ្ជួយដី កម្រិត៦,៤រិចទ័រ វាយប្រហារ កាលីហ្វ័រញ៉ា អាមេរិក និង៦,៥រិចទ័រវាយប្រហារនៅក្នុងប្រទេស កាណាដា កាលពីថ្ងៃទី៤ ខែកក្កដា បណ្តាលឲ្យ រងរបួស និងខូចខាតទ្រព្យសម្បត្តិជាច្រើន។
នៅអាមេរិក រញ្ជួយដី មានកម្រិតដល់ទៅ៦,៤រ៉ិចទ័រ ដែលជាកម្រិតខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក នៅកាលីហ្វ័រញ៉ា បណ្តាលឲ្យ មានផ្ទះជាច្រើនរងការខួចខាត ហើយ ផ្ទះច្រើនខ្នងទៀតត្រូវអគ្គិភ័យឆាប់ឆេះ ដោយសារតែបែកធ្លាយប្រព័ន្ធហ្គាស ក្រោយរញ្ជួយដី។
តាមការលើកឡើងរបស់ក្រុមឯកទេស ស្តីពីការរញ្ជួយដីអាមេរិក USGS បានលើកឡើងថា រញ្ជួយដីកើតឡើងនៅតំបន់ដាច់ស្រយាល ជិតស្រុក Ridgecrest ភាគឦសាន្តនៃទីក្រុង Los Angeles ចម្ងាយ១៨២គីឡូម៉ែទ្រ។ នៅក្នុងស្រុក Kern មានអគ្គិភ័យឆេះផ្ទះជាច្រើនខ្នង និងបាក់ស្រុត បណ្តាលឲ្យមានអ្នករងរបួសផងដែរ ។
អភិបាលស្រុក Ridgecrest លោកស្រី Peggy Breeden បានប្រកាសអាសន្ន និងស្នើឲ្យមានការផ្តល់ជំនួយពីខាងក្រៅ មកកាន់តំបន់នេះ។ លោក Lucy Jones អ្នកឯកទេសផែនដី មកពី USGS បានឲ្យដឹងថា ក្រោយការរញ្ជួយដីខាងលើ នៅមាន ការរញ្ជួយដី ៨០លើកផ្សេងគ្នាក្នុងតំបន់នោះដោយមានកម្រិតទាប។
កាលពីឆ្នាំ១៩៩៤ក៏មានការរញ្ជួយដីកម្រិត ៦,៦រិចទ័រ នៅតំបន់ប្រជុំជនក្នុងទីក្រុង Los Angeles សម្លាប់មនុស្ស៥៧នាក់ និងធ្វើឲ្យខាតបង់ប្រាក់ រាប់ពាន់លានដុល្លារ។នោះជាការរញ្ជួយដីទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់នេះ។
នៅការណាដា វិញ ក្នុងទីក្រុង Vancouver ភាគពាយព្យ នៃប្រទេសកាណាដា មានការរញ្ជួយដីកម្រិត៦,៥ រិចទ័រ ប៉ុន្តែ មិនមានការព្រមានពីរលកយក្សស៊ូណាមិ ឬរបាយការណ៍ខូចខាតនៅឡើយទេ ។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា ការរញ្ជួយដីកម្លាំងខ្លាំង កម្រិត៦.៥រ៉ិចទ័របានកើតឡើងនៅដែនដីកោះ Vancouver ខេត្ត British Columbia របស់ប្រទេសកាណាដា ។
ប្រភពបញ្ជាក់ថា ការរញ្ជួយដីនេះ ស្ថិតនៅចម្ងាយប្រហែល២២៥គីឡូម៉ែត្រ ភាគពាយព្យកំពង់ផែ Hardy និងមានជម្រៅ១០គីឡូម៉ែត្រ ។
ប្រភពបញ្ជាក់ថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយភ្លាមៗនេះ គ្មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនបណ្តាលមកពីការរញ្ជួយដីពេលនេះឡើយ ៕