ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ពង្រឹងស្មារតីជាតិជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអឺរ៉ុប

ចែករំលែក៖

ប្រទេសស្វីស៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួនក្នុងសហគមន៍អ៊ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលមានឱកាសបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរមកពីប្រទេសជាច្រើននៅក្នុងអឺរ៉ុប។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានអរគុណចំពោះការទទួលស្វាគមន៍ និងគាំទ្រពីសំណាក់បងប្អូនដោយទឹកចិត្តបរិសុទ្ឋ មិនដូចការចោទនិងប្រមាថថាមានការជួល និងទិញដូរពីក្រុមអគតិមួយចំនួនឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយហួសចិត្តចំពោះការលើកឡើងដោយក្រុមជ្រុលនិយមមួយចំនួនថា ប្រជាពលរដ្ឋមកជួបសម្តេចនាពេលនេះ គឺមានការទិញដូរ និងជួលនោះ សម្តេចតេជោបានចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដែលនឹកស្មានមិនដល់សោះថា ពួកគេអាចធ្វើទៅរួច។ សម្តេចតេជោបន្តថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបនាពេលនេះ គឺជាការរត់រកគ្នានៃឈាមជ័រជាខ្មែរដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បេសកកម្មការងារបានបញ្ចប់ដោយជោគជ័យហើយ គឺសម្តេចនឹងដឹកនាំគណប្រតិភូវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៥ កក្កដានេះ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានក្រុមអគតិមួយចំនួនបានប្រកាសធ្វើបាតុកម្មនៅថ្ងៃទី០៥ កក្កដា ប្រឆាំងនឹងវត្តមានសម្តេចតេជោ នៅអឺរ៉ុប ។ ពួកទុច្ចរិតទាំងនោះ អាចយកឱកាសនេះជាលេសថា បាតុកម្មពួកគេគឺបានដេញសម្តេចតេជោ ចេញពីអឺរ៉ុបបានសម្រេច។ ដូច្នេះសូមបងប្អូនជ្រាបព័ត៌មានពិតនេះអោយបានច្បាស់។ បាតុកម្មអាចនឹងកើតមាននៅក្នុងខណៈពេលដែលសម្តេចបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងកំពុងវាយកូនគោល។ ដូច្នេះនោះគឺជាបាតុកម្មអត់ន័យ ព្រោះគ្មានវត្តមានសម្តេចតេជោ នៅលើទឹកដីអ៊ឺរ៉ុប ហើយបងប្អូនក៏មិនគួរមកចូលរួមដែរ ព្រោះគ្មានប្រយោជន៍អ្វីទេ គឺខាតទាំងពេលវេលា និងខាតលុយកាក់។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាន៍ប្រាប់ដល់បងប្អូនខ្មែរនៅអ៊ឺរ៉ុបអំពី សោកនាដកម្មននៃឧប្បទ្ទវហេតុបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុដែលបណ្តាលអោយស្លាប់មនុស្ស២៨នាក់។ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោផ្ទាល់រួមជាមួយក្រុមហ៊ុនឯកជនជាច្រើន គឺបានដោះស្រាយដោយផ្តល់ជាជំនួយមូលនិធិជូនដល់គ្រួសារជនរងគ្រោះរួចរាល់ហើយ។ សម្តេចតេជោ បានអរគុណដល់បងប្អូនខ្មែរនៅអ៊ឺរ៉ុប អាមេរិក កាណាដា អូស្រា្តលី ញ៉ូវហ្សៀឡែន… ដែលបានចូលរួមបរិច្ចាគថវិកាប្រមាជាង១៧ម៉ឺនដុល្លារជួយដល់ជនរងគ្រោះ។ ក្រុមការងារយុវជននឹងយកមូលនិធិទាំងនេះទៅផ្តល់ជូនគ្រួសារសព និងគ្រួសាររងរបួសដោយផ្ទាល់តែម្តង។

សម្តេចបានមានប្រសាសន៍បន្តថា តាមរយៈថវិការបស់សប្បុរសជន សម្តេចបានចែងចែកទៅគ្រួសារសពម្នាក់ទទួលបានថវិកាជិត១០ម៉ឺនដុល្លារ និងគ្រួសារខ្លះបានជាង១០ម៉ឺនដុល្លារ ។ សម្តេចតេជោពិតជាមានមោទភាពចំពោះសណ្តានចិត្តរបស់បងប្អូនខ្មែរយើងដែលបានជួយគ្នាក្នុងគ្រាអាសន្ន ដូចអ្វីដែលសម្តេចបានសរសេរក្នុង Facebook ថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក»។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ គឺនៅដាច់ឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចជាតិមានរហូតដល់ ៧.៥% ប្រៀបធៀបជាមួយគោលដៅត្រឹម ៧.១% ដែលនេះជាផលិតផលធំណាស់សម្រាប់កម្ពុជាក្នុងកាលៈទេសៈសង្គ្រាមពាណិជ្ជកម្ម។ សម្តេចតេជោ បានថ្លែងថាចំពោះបទពិសោធន៍នៃកង្វះថាមពលអគ្គិសនីនៅរដូវប្រាំងឆ្នាំ២០១៩នេះ បានធ្វើឱ្យកម្ពុជាបញ្ចេញថវិកាទិញម៉ាស៊ីនភ្លើងពីហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីទុកប្រើប្រាស់ចៀសវាងការខ្វះខាតទៀត។ នៅក្នុងជំនួបជាមួយអ្នកវិនិយោគស្វីសកន្លងមកនេះ សម្តេចតេជោ បានគាំទ្រឱ្យមានការវិនិយោគបង្កើតមន្ទីរពេទ្យថ្មីនៅភ្នំពេញបន្ថែម ព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរច្រើនទៅព្យាបាលនៅក្រៅប្រទេស។ សម្តេចក៏បានគាំទ្រឱ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការវិនិយោគលើការតបណ្តាញខ្សែបញ្ជូនអគ្គិសនី ការវិនិយោគលើបច្ចេកវិទ្យា និងការអប់រំផងដែរ។

ចំពោះស្ថានភាព EBA គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីរក្សាការវិនិយោគទុន ក្នុងស្រុក និងដើម្បីទប់ទល់ក្នុងគ្រាដែលកម្ពុជាត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប ដោយប្រការណាមួយនោះ កម្ពុជាបានកែទម្រង់ផ្ទៃក្នុងជាច្រើនដែលបានលើកទឹកចិត្តដល់អ្នកវិនិយោគគិនអោយទទួលបាននូវប្រាក់ចំណេញកាន់ច្រើនពីការវិនិយោគ។ នៅក្នុងកំណែទម្រង់មួយចំនួននោះមានដូចជា ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រក ព្រំដែន និងការលុបចោលនូវភ្នាក់ងារ កម្ពុជានាវាចរ (កាត់ថាកាំសាប) ជាដើម។ បន្ថែមលើនេះ ក៏ មានការកាត់បន្ថយការស្កេន (Scan) ទំនិញ តាម ទូកុងតឺន័រដែលត្រូវដឹកចេញ ឬ នាំចូល ជាពិសេស ការនាំចេញផលិតផលសម្លៀកបំពាក់ និង ស្បែក ជើង ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងការកាត់បន្ថយថ្លៃអគ្គិសនីជាដើម។

មុននឹងបញ្ចប់ការសំណេះសំណាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍រូបថត “កម្រងរូបថតនៃការវិវឌ្ឍរបស់ប្រទេសសកម្ពុជាពីអតីកាល និងបច្ចុប្បន្នកាល” ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានមកទទួលស្វាគមន៍ សម្តេចនៅទីនេះ ព្រមទាំងបានថតរូបទុកជាអនុស្សារីយ៍ ប្រកបដោយស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕


ចែករំលែក៖