ព័ត៌មានទាន់ហេតុការណ៍៖

ឈរនិយាយទូរស័ព្ទត្រូវជនសង្ស័យឆក់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន២នាក់ ឪពុកកូនត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មុខ​សណ្ឋាគារ ហ័​រ​យិ​ន​កុង​ស៊ា​ន និង​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​កូន​​ឈ្មោះ HUANG TONG ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ជា​អ្នកគ្រប់គ្រង ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ហ័​រ​យិ​ន​កុង​ស៊ា​ន ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សម្តី​របស់​ស្ត្រី​ម្នាក់​បកប្រែ​ភាសា​ចិន​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនជាតិ​ចិន​ទាំង​២​នាក់​ឪពុក​និង​កូន​ខាងលើ​បាន​ចេញពី​សណ្ឋាគារ​ខាងលើ​បំរុង​នាំ​គ្នា​ទៅ​ហូប​អី​នៅ​ក្រៅ បន្ទាប់​មក​ដោយ​ឪពុក​ឡើង​ជិះ​លើ​រថយន្ត ហើយ​កូនប្រុស​កំពុងនិយាយ​ទូរស័ព្ទ​នៅ​ខាងក្រោយ​រថយន្ត ភ្លាម​ៗ​នោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ហើយ​បាន​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​របស់​គាត់ ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​ស្ត្រី​ជា​អ្នកបកប្រែ​មក​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ៕ សុខាសែនជ័យ​


ចែករំលែក៖