កាលពីមុន រុស្ស៊ីគាំទ្រដល់កម្លាំងយោធាវេណេហ្ស៊ុយអេឡា ស្ងាត់ៗ ប៉ុន្តែពេលនេះ បានប្រកាសគាំទ្រជាផ្លូវការដោយបើកចំហរតែម្តង ។ ចំណុចទាំងនោះហើយ បានធ្វើឲ្យមេក្រុមប្រឆាំង គាំទ្រដោយអាមេរិក បន្ទន់ឥរិយាបទពិភាក្សាជាមួយ ប្រធានាធិបតីបញ្ចប់វិបត្តិ ។
សារព័ត៌មានរុស្ស៊ី RIA Novosti បានដកស្រង់សម្តី រដ្ឋលេខាធិការក្រសួងការបរទេស លោក Sergei Ryabkov កាលពីថ្ងៃទី៥ ខែកក្កដាបានប្រកាសថា រុស្ស៊ីមានគម្រោងជួយដល់កម្លាំងទាហានវេណេហ្ស៊ុយអេឡា ។ លោកបន្តទៀតថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំនឹងពិភាក្សាលម្អិត ជុំវិញបញ្ហាទំនាក់ទំនង ក៏ដូចជាការដឹកជញ្ជូន ជំនួយទៅកាន់វេណេហ្ស៊ុយអេឡា» ។
រុស្ស៊ី គឺជាសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធ របស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ។ ជាមួយគ្នានោះ រដ្ឋាភិបាលទីក្រុងប៉ាកាំង ក៏បានគាំទ្រ ដល់ប្រធានាធិបតីវេណេហ្ស៊ុយអេឡាផងដែរ ។ ចំណែកបណ្តាប្រទេសលោកខាងលិច គឺគាំទ្រ មេដឹកនាំក្រុមប្រឆាំងលោក Juan Guaido ។
ចំណែកសារព័ត៌មានTASS បានផ្សាយថា មេដឹកនាំក្រុមប្រឆាំង វេណេហ្ស៊ុយអេឡា លោកJuan Guaido បានប្រកាសថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកម៉ាឌូរ៉ូ ដើម្បីស្វែងរកច្រកចេញពីវិបត្តិ នាពេលបច្ចុប្បន្ន ។ ទន្ទឹមនឹងនោះលោក Guaido បានត្រៀមលក្ខណសហការជាមួយរុស្ស៊ីផងដែរ ។
នៅក្នុងបទសម្ភាសន៍ ជាមួយ បណ្តាញទូរទស្សន៍ France 24 លោកGuaido បានឲ្យដឹងថា ក្រុមប្រឆាំង អាចនឹងពិភាក្សាជាមួយមេដឹកនាំ វេណេហ្ស៊ុយអេឡា ប៉ុន្តែ លោកនៅតែបន្តធ្វើបាតុកម្ម ក៏ដូចជា ដាក់គំនាប់ ការបរទេស ទៅលើរដ្ឋាភិបាលទីក្រុង ការ៉ាកាស ។
កន្លងមកនៅពេលនេះអាមេរិក បានត្រៀមលក្ខណៈប្រើប្រាស់កម្លាំងទាហាន ទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ គាំទ្រដោយរុស្ស៊ី និងចិន ។ នៅពេលនេះដែរ រុស្ស៊ីបានបង្ហាញពីយុទ្ធសាស្ត្រ សម្រាប់ទប់ស្កាត់អាមេរិក ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា ទីក្រុងមូស្កូ នឹងបង្កើតក្រុមបណ្តាប្រទេសប្រឆាំងនឹងគម្រោងជ្រៀតជ្រេករបស់អាមេរិកដោយយោធាទៅលើវេណេហ្ស៊ុយអេឡា ។
រដ្ឋមន្ត្រីការបរទេស រុស្ស៊ីបានបញ្ជាក់ទៀតថា «រុស្ស៊ីនឹងខិតខំជំរុញដល់បណ្តាប្រទេសដែលគោរពទៅតាមច្បាប់ របស់អង្កការសហប្រជាជាតិ ប្រឆាំងនឹងគម្រោងប្រើកម្លាំងយោធាទៅលើប្រទេសវេណេហ្ស៊ុយអេឡា » ។
នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញវិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ដោយសហរដ្ឋអាមេរិកកំពុងជំរុញឲ្យផ្ដួលរំលំលោកប្រធានាធិបតី Nicolas Maduro, លោក Pompeo បានចោទប្រកាន់ថា ប្រទេសរុស្ស៊ី និងគុយបា គឺជាឧបករណ៍ជួយទប់អំណាច របស់មេដឹកនាំឆ្វេងនិយមរូបនេះ ។
លោក Pompeo ថ្លែងថា ការធ្វើអន្តរាគមន៍ដោយប្រទេសរុស្ស៊ី និងគុយបា កំពុងបង្កអស្ថិរភាពសម្រាប់ប្រទេសវេណេហ្ស៊ុយអេឡា និងទំនាក់ទំនងទ្វេភាគីអាមេរិក – រុស្ស៊ី ។ ប៉ុន្តែលោក Lavrov បានច្រានចោលឥទ្ធិពលដ៏មហន្តរាយរបស់ក្រុង Washington ដែលគាំទ្រចំពោះមេដឹកនាំបក្សប្រឆាំងលោក វ៉ាន់ ក្វាយដូ ដែលកាលពីថ្ងៃអង្គារបានប្រកាសគាំទ្រសមាជិកកងកម្លាំងប្រដាប់អាវុធ ជាការប៉ុនប៉ងរយៈពេលខ្លីដណ្ដើមអំណាចពីដៃលោក Maduro ។
ក្រសួងការបរទេសរុស្ស៊ីបានដកស្រង់សម្ដីលោក Lavrov ដែលបាននិយាយតាមទូរស័ព្ទថា ការជ្រៀតជ្រែករបស់ក្រុង Washington ចូលក្នុងកិច្ចការវេណេហ្ស៊ុយអេឡា គឺជាការរំលោភជាក់ស្ដែងលើច្បាប់អន្តរជាតិ ។ លោក Lavrov បានសំដៅលើការអះអាងរបស់លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងជាថ្មីម្តងទៀតកាលពីថ្ងៃពុធដោយលោក Pompeo ដែលថា សហរដ្ឋអាមេរិកកំពុងត្រៀមប្រើកម្លាំងប្រសិនបើចាំបាច់ ។ លោក Lavrov បាននិយាយថា ការខិតខំប្រឹងប្រែងដោយប្រើវិធានការទាំងកំរោលបែបនេះ គឺមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។ ដោយលោកបន្ថែមថា មានតែប្រជាជនវេណេហ្ស៊ុយអេឡាទេ ដែលមានសិទ្ធិសម្រេចជោគវាសនារបស់ពួកគេ ។
វិបត្តិនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា បានធ្វើឲ្យមានជនភៀសខ្លួនទៅក្រៅប្រទេសកាន់តែច្រើនឡើង ៗពីមួយថ្ងៃទៅមួយថ្ងៃ ។ មន្រ្ដីយោធា នៃប្រទេសប្រេស៊ីល បានបញ្ជាក់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ថា ចំនួនប្រជាជនវេណេហ្ស៊ុយអេឡា ឆ្លងកាត់ព្រំដែន ចូលមកក្នុងទឹកដី នៃប្រទេសប្រេស៊ីល នៅក្នុងសប្តាហ៍នេះ មានការកើនឡើង ដោយសារតែការចលាចលនយោបាយ នៅក្នុងប្រទេសរបស់ពួកគេ ។
បើតាមទិន្នន័យរបស់មន្ត្រីប្រេស៊ីល នៅច្រកព្រំដែនភាគខាងជើង នៃរដ្ឋ Roraima បានបង្ហាញថា កាលពីថ្ងៃអង្គារ និងថ្ងៃពុធ នាសប្តាហ៍នេះ ពលរដ្ឋវេណេហ្ស៊ុយអេឡាសរុប ១ ៤១៨នាក់ បានចុះឈ្មោះចូលមកក្នុងទឹកដី នៃប្រទេសប្រេស៊ីល ។ នេះជាតួលេខដ៏ខ្ពស់បំផុត នៅក្នុងសប្តាហ៍ចុងក្រោយនេះ ។
ទិន្នន័យប៉ូលិសសហព័ន្ធ បានបញ្ជាក់ថា មធ្យមភាគ នៃពលរដ្ឋវេណេហ្ស៊ុយអេឡា ចំនួន៤៧៤ នាក់ បានភៀសខ្លួនចូលមកក្នុងទឹកដីប្រេស៊ីល ជារៀងរាល់ថ្ងៃ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ ។
រីឯការកើនឡើង នៃជនភៀសខ្លួនឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសប្រេស៊ីលនេះ គឺដោយសារស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំងឡើង ដោយប្រឆាំងនឹងរបបគ្រប់គ្រងរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ Nicolas Maduro ។ ការដឹកនាំប្រឆាំងនេះបានធ្វើឡើង ដោយលោកជួន កៃដូ Juan Guaido ៕