ភាពហ៊ឺហាលេចធ្លោជាងគេ ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង់សុវន ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនថៃ ពីការចាយវាយទ្រព្យសម្បត្តិរដ្ឋខ្ជះខ្ជាយ សូម្បីតែចម្ងាយផ្លូវ ១០០គីឡូំម៉ែត្រ ក៏ប្រើប្រាស់យន្តហោះទំនើបដែរ ។
ពេលថ្មីៗនេះ បណ្តាញសង្គមថៃបានថ្កោលទោសយ៉ាងខ្លាំងដល់ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon ក្រោយពេលបង្ហោះរូបភាព ដែលលោកទៅបំពេញការងារចម្ងាយផ្លូវតែ១០០គីឡូម៉ែត្រប៉ុណ្ណោះ ក៏ត្រូវប្រើប្រាស់យន្តហោះទំនើបទៅដែរ ។
សារព័ត៌មាន SCMP បានផ្សាយថា រូបភាពឧបនាយករដ្ឋមន្ត្រីថៃ Prawit ចុះពីយន្តហោះ ៦កៅអី ដ៏ទំនើប ប្រភេទ Dassault Falcon 2000s រួមជាក្រុមក្រុមការងារ ត្រូវបានមហាជនថៃចែកចាយពាសពេញបណ្តាញសង្គមដោយថ្កោលទោសយ៉ាងខ្លាំង ។ នៅពេលនោះលោក Prawit បានទៅកាន់ខេត្ត Lopburi មានចម្ងាយពីទីក្រុងបាំងកក់១០០គីឡូម៉ែត្រប៉ុណ្ណោះ ។
លោក Prawit ធ្លាប់កាន់តំណែងជា អគ្គមេបញ្ជាការកម្លាំងទាហានជាតិថៃនាឆ្នាំ២០០៤-២០០៥ ។ នៅឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ ហើយក្លាយជាឧបនាយករដ្ឋមន្ត្រី ក្រោយការធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រីយីងឡាក់នាឆ្នាំ២០១៤ ។
កាលពីឆ្នាំ២០១៧ លោក Prawit ក៏ទទួលរងការចោទប្រកាន់ពីបទពុករលួយក្រោយពេល ប្រើប្រាស់នាឡិកា ដល់ទៅ២៥គ្រឿងមានតម្លៃ ៤០ពាន់លានបាត ។ នៅពេលនោះគណកម្មការប្រឆាំងពុករលួយថៃប្រកាសថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ រូបលោកនោះឡើយ ។
ជាមួយនឹងការប្រើប្រាស់យន្តហោះទំនើប ទៅបំពេញការងារ ក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត្រ គឺជាការខ្ជះខ្ជាយទ្រព្យសម្បត្តិជាតិ យ៉ាងពិតប្រាកដ ។ ពលរដ្ឋថៃ ពិសេសគឺក្រុមប្រឆាំងបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពទាំងនោះ ដោយកាលពីការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងលោកស្រីយីងឡាក់ មិនដែលមានសកម្មភាពបែបនេះឡើយ ៕