ការប៉ះទង្គិចគ្នា រវាងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមប្រដាប់អាវុធនៅតែបន្តកើនឡើងជាញឹកញាប់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។
លោក Mohammed Zahir Musadiq មន្ត្រីនៅក្នុងតំបន់បានថ្លែងថា កាលពីថ្ងៃទី១០ ខែកក្កដា ការប្រយុទ្ធកើតឡើងនៅស្រុក Argo ភាគខាងជើងខេត្ត Badakhshan វេលាព្រឹក ហើយការប្រយុទ្ធនៅទីនោះ ពួកជីវពលតាលីបង់២នាក់ និងប៉ូលិស២នាក់បានស្លាប់ ខណៈ៦នាក់ទៀត មានប៉ូលិស៤នាក់រងរបួសធ្ងន់ធ្ងរ ។
លោក Nasrat Rahimi អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា អំឡុងពេលនោះដែរ កងកម្លាំងរដ្ឋាភិបាលប្រតិបត្តិការប្រឆាំងពួកជីវពលតាលីបង់នៅក្នុងស្រុក Tala-o-Barfak ខាងជើងខេត្ត Baghlan សម្លាប់ឧទ្ទាមប្រដាប់អាវុធ៦នាក់ និងរបួស៩នាក់ផ្សេងទៀត ។ កងទ័ពរដ្ឋាភិបាលក៏បានសម្លាប់ឧទ្ទាមតាលីបង់៣នាក់ និងរបួស១៣នាក់ នៅខេត្ត Sari Pul ភាគខាងជើងអាហ្វហ្គានីស្ថានផងដែរ តាំងពីថ្ងៃទី៩ ខែកក្កដា ។
មន្ត្រីសន្តិសុខបញ្ជាក់ថា សរុបឧទ្ទាម៤៤នាក់ត្រូវបានសម្លាប់នៅ Kandahar និងនៅជិតតំបន់ Uruzgan ព្រមទាំងនៅខេត្ត Daikundiផងដែរ អំឡុងពេល២៤ម៉ោង ប្រតិបត្តិការរបស់កងកម្លាំងរដ្ឋាភិបាល ។ នៅស្រុក Imam Sahib ភាគខាងជើងខេត្ត Kunduz ក្រុមឧទ្ទាមតាលីបង់២០នាក់ទៀតត្រូវបានសម្លាប់ និងរបួស១០នាក់កាលពីថ្ងៃទី៩ ខែកក្កដា ។
លោក Khan Mohammad Daneshjo អ្នកសង្កេតការណ៍ស្ថានការណ៍នៅអាហ្វហ្គានីស្ថានបញ្ជាក់ថា ទាំងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់បានបង្កើនសកម្មភាពវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងធំទូលាយរៀងៗខ្លួន ខណៈដែលកិច្ចពិភាក្សាសន្តិភាពដោយផ្ទាល់រវាងភាគីទាំងពីរ ត្រូវបានរំពឹងថា នឹងកើតឡើងនៅអំឡុងខែខាងមុខ ៕