ភ្នំពេញ៖ លោក យោប អះស្ការី អនុរដ្ឋលេខាធិ ការក្រសួងធម្មការ និងសាសនា ក្នុងនាមអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សា ន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេសុី(MAIWP)ទទួលបន្ទុកផ្នែកអាហារូបករណ៍ ។ ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍១០ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅឯទីស្នាក់ការកណ្តាលក្រុមឯកទេសហាឡាល់ កម្ពុជារាជធានីភ្នំពេញ ។
លោក យោប អះស្ការី បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងសងខាង បានឯកភាពគ្នារៀបចំព្រាងអនុសារណៈយោគយល់គ្នា ក្នុងការទទួលសិស្ស និស្សិតកម្ពុជា ប្រចាំឆ្នាំចាប់ពី ១០នាក់ឡើងទៅ ដើម្បីបន្តការសិក្សានៅឯប្រទេសម៉ាឡេស៊ី ។
ការសិក្សាបែងចែកជា២ ផ្នែកផ្សេងគ្នាគឺ១ ថ្នាក់អនុវិទ្យាល័យ និង វិទ្យាល័យ សំរាប់សិស្សនិស្សិតដែលមានអាយុចន្លោះពី ១៣ ឆ្នាំទៅ ១៧ ឆ្នាំ ។ ទី២ ផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសវគ្គខ្លីរយេះពេល១ ទៅ២ ឆ្នាំសំរាប់សិស្សនិស្សិតដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ លើផ្នែកជំនាញស្ថាបត្យកម្ម អគ្គិសនី ចុងភៅកុំព្យូទ័រ កាត់ដេរ និងក្រាហ្វិកកុំព្យូទ័រ ។ រាល់ការចំណាយលើការសិក្សាទាំង ២ ផ្នែកខាងលើ រួមមានការស្នាក់ នៅហូបចុក ធានារ៉ាប់រង វីសា និងថវិកា ហោប៉ៅជាដើម គឺជាការរ៉ាប់រង១០០ភាគរយរបស់សហពន្ធ័ម៉ាឡេស៊ី(MAIWP)។
លោក យោប អះស្ការី បានរំលឹកថា៖ ក្រៅពីវិស័យអប់រំ សហពន្ធ័ម៉ាឡេស៊ី MAIWP បានចូលរួមឧបត្ថម្ភថវិកាជាច្រើន សម្រាប់សាងសង់ និងទិញដីពង្រីកទីធ្លាសាលាអាន់នៀកម៉ះភូមិ៤ សាងសង់អន្តេវាសិកដ្ឋានសិស្សស្នាក់នៅ ភូមិពោធិឥន្ទ ខេត្តត្បូងឃ្មុំ បោះពុម្ភសៀវភៅសិក្សាឥស្លាមគ្រប់កម្រិត ផ្ដល់អំណោយសប្បុរសធម៌ជាសំលៀកបំពាក់ថ្វាយបង្គំបុរសស្រ្តី និងគ្រួសារភ្លើងឆេះផ្ទះ អណ្តូងទឹក រួមនឹងការងារមនុស្សធម៌ជាច្រើនទៀត ៕ សំរិត