ភ្នំពេញ ៖ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ អាជ្ញាធរខណ្ឌមានជ័យ បានចុះណែនាំ និងត្រួតពិនិត្យគ្រប់ទីតាំងដែលជាកន្លែងសប្បាយ ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការលុបបំបាត់បញ្ហា ជួញដូរ ចែកចាយ ប្រើប្រាស់ ចរាចរ គ្រឿងញៀន ក្នុងអាជីវកម្ម ក្លឹបរបស់ខ្លួន និង ធានាឲ្យបាននូវ សុវត្ថិភាព និង សន្តិសុខ ជូនប្រជាពលរដ្ឋ ។
ប្រតិបត្តិការនៅនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ ថ្ងៃ ពុធ ៩ កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌមានជ័យ ចុះណែនាំ និង ត្រួតពិនិត្យ នៅក្លឹបស៊ីធីឌីស្កូ ដែលស្ថិតនៅបណ្តោយផ្លូវ មុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះពិនិត្យនោះគឺ មន្រ្តីជំនាញបាន ពិនិត្យ និង បានណែនាំទៅលើទីតាំងដូចខាងក្រោម ៖ ពិនិត្យមើលច្បាប់អាជីវកម្ម (លិខិតអនុញ្ញាតិមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ) ។ ត្រូវលើកស្លាកយីហោ ភាសាខ្មែរ ។ ត្រូវរៀបចំច្រកសុវត្ថិភាពបន្ថែមចំនួន ០២ ទៀត ។ ត្រូវត្រួតពិនិត្យបំពង់ពន្លត់អគ្គីភ័យជាប្រចាំ ខ្លាចកកស្ទះ ឬខូច ។ ត្រូវរៀបចំបំពាក់អំពូលភ្លើង អូតូ ចំនួន១៥គ្រឿងបន្ថែមទៀត ។ ត្រូវត្រួតពិនិត្យកាម៉ារ៉ាសុវត្ថិភាព ឲ្យដំណើរការបានល្អ(កាមារ៉ា មាន ១៨គ្រាប់) ។ ត្រូវប្រជុំណែនាំ សន្តិសុខ ឲ្យយល់ច្បាស់អំពីការត្រួតពិនិត្យ ការកំសាន្តរបស់ភ្ញៀវឲ្យបានល្អ ( សន្តិសុខ ឯកជនមាន១២ ) ។ ត្រូវត្រួតពិនិត្យប្រពន្ធ័សំលេងឲ្យបានទៀងទាត់ជៀសវាងការរំខានអ្នកជិតខាង ។ ត្រូវរៀបចំបរិស្ថានអនាម័យ ក្នុងមូលដ្ឋានអាជីវកម្មឲ្យបានល្អ និងទុកដាក់សំរាមឲ្យបានល្អ ។ ត្រូវមានសន្តិសុខ យាមបន្ទប់ទឹក ឲ្យបាន ១ទៅ ២នាក់ ដើម្បី ជៀសវាងមានភ្ញៀវលួច ប្រើប្រាស់ និង ចរាចរ គ្រឿងញៀនក្នុងបន្ទប់ទឹក។ ត្រូវសហការណ៍ ក៏ដូចជារាយការណ៍ជូនសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន នៅការជួញដូរ ឬចែកចាយក៏ដូចជាប្រើប្រាស់របស់ភ្ញៀវក្នុងទីតាំងរបស់ខ្លួន ។ ម្ចាស់អាជីវកម្ម ត្រូវចុះកិច្ចសន្យាសហការ និង ធានាអះអាងឲ្យខាងតែបាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ៕ ស តារា