ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាសន្តិសុខសណ្តាប់ធ្នាប់អនាម័យសាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ គឺជាបញ្ហាចម្បង ដែលរដ្ឋបាលខណ្ឌដូនពេញ បានធ្វើជាប្រចាំ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់អនាម័យល្អនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ១០ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៨និង ៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចាត់ឲ្យលោក យស់ យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌ បន្តចុះរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅបណ្តោយផ្លូវលេខ ១០៦-១០៨ ផ្លូវលេខ ១៣០ ផ្លូវលេខ ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ ១៥ និងជុំវិញទីរួមផ្សារកណ្ដាល ។

ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានប្រកាសជូនដំណឹងឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវសាធារណៈ ត្រូវខិតចូលទៅក្នុងគំនូសដែលអាជ្ញាធរបានកំណត់ជូន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ។

អាជ្ញាធរខណ្ឌ ក៏បានរុះរើនូវសម្ភារមួយចំនួនដែលតាំងលក់នៅចិញ្ចើមផ្លូវសាធារណៈ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ផងដែរ។

ក្នុងនោះ អាជ្ញាធរខណ្ឌដូនពេញក៏បានឃាត់ម្ចាស់ម៉ូតូកង់បីចំនួន០១គ្រឿង ដែលចត ម៉ូតូកង់បី នៅលើផ្លូវសាធារណៈយកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ៕ស តារា


ចែករំលែក៖